ករណីលោក រ៉ុង ឈុន៖ អ្នកតវ៉ា៤នាក់ទៀតត្រូវបានឃាត់ខ្លួន តែ២នាក់ដោះលែងវិញ
ចុះផ្សាយនៅថ្ងៃ៖
អ្នកតវ៉ាយ៉ាងតិច៤នាក់ត្រូវបានចាប់ឃាត់ខ្លួនជាបន្តបន្ទាប់នៅថ្ងៃទី៤ ទី៥ និងទី៦ ខែសីហា បន្ទាប់ពីពួកគេចូលរួមឃ្លាំមើលការតវ៉ាទាមទារឲ្យដោះលែង លោក រ៉ុង ឈុន ប៉ុន្តែក្នុងនោះមានបុរសម្នាក់ និងស្រ្តីម្នាក់ត្រូវបានដោះលែងវិញក្រោយពីធ្វើការអប់រំ។ សម្រាប់មេធាវីការពារក្តីឲ្យសកម្មជនអតីតគណបក្សប្រឆាំងបានហៅការចាប់ខ្លួននេះថាធ្វើឡើងដោយរំលោភបំពានលើសិទ្ធិសំដែងមតិរបស់ពលរដ្ឋដែលមានចែងក្នុងច្បាប់ជាធរមាន។
អ្នកតវ៉ាទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួននោះ គឺមាន លោក អ៊ុក សំអូន លោក ឈួ ផេង លោក ជុំ ពុទ្ធី និងអ្នកស្រី ឈិន សុវណ្ណា។ សកម្មជនទាំងនេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី៤ ទី៥ និងទី៦ ខែសីហា ខណៈពួកគេព្យាយាមជួបព្រះសង្ឃ៨អង្គ ដែលអាជ្ញាធរនាំព្រះកាយទៅកាន់វត្តថាន់ឱ្យចុះកិច្ចសន្យាបញ្ឈប់ការតវ៉ាទាមទារឱ្យដោះលែង លោក រ៉ុង ឈុន។
ការចាប់ខ្លួននេះធ្វើឡើងស្របពេល អាជ្ញាធរក្រុងភ្នំពេញ និងក្រសួងយុត្តិធម៌ បានចេញលិខិតព្រមានដាច់ពីគ្នាឲ្យបញ្ឈប់សកម្មភាពតវ៉ានៅមុខតុលាការដើម្បីដោះលែង លោក រ៉ុង ឈុន។
ស្នងការនគរបាលក្រុងភ្នំពេញ អះអាងថា សកម្មជនទាំងពីរនាក់ក្នុងចំណោម៤នាក់នោះ ត្រូវឃាត់ខ្លួនក្នុងបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ ដោយទទួលផែនការយ៉ាងច្បាស់លាស់ពីថ្នាក់ដឹកនាំរបស់គាត់ ទាំងខាងក្នុងទាំងខាងក្រៅ ឱ្យប្រមូលផ្តុំកម្លាំងនៅតាមសង្កាត់ នីមួយចំនួន៣នាក់ ដើម្បីតវ៉ាសុំឱ្យដោះលែងលោក រ៉ុង ឈុន។ ប៉ុន្តែសកម្មជនពីរនាក់គឺលោក អ៊ុក សំអូន និងអ្នកស្រី ឈិន សុ វណ្ណា ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីធ្វើការអប់រំ។
សម្រាប់មេធាវីការពារក្តីឲ្យសកម្មជន អតីតគណបក្សប្រឆាំង លោក សំ សុគង់ បានហៅការចាប់ខ្លួននេះថាធ្វើឡើងរំលោភបំពានលើសិទ្ធិសំដែងតមិរបស់ពលរដ្ឋដែលមានចែងក្នុងច្បាប់ជាធរមាន។ លោកអះអាងថា សកម្មជនទាំងនោះគ្រាន់តែទៅឃ្លាំមើលការតវ៉ារបស់ពលរដ្ឋផ្សេងទៀត ដែលទាមទារឲ្យដោះលែងលោក រ៉ុង ឈុន តែប៉ុណ្ណោះ គឺជាអ្វីដែលមេធាវីរូបនេះហៅថាជាសិទ្ធិសំដែងតមិដោយស្របតាមច្បាប់។
លោក សំ សុគង់ ដែលទើបតែចេញពីសវនាការនៅតុលាការកំពូលការពារបណ្តឹងសារទុក្ខរបស់សកម្មជនអតីតបក្សប្រឆាំងផ្សេងទៀត បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា មកដល់ពេលនេះ មានសកម្មជនអតីតគណបក្សសង្រ្គោះជាតិចំនួន១៨នាក់កំពុងជាប់ឃុំនៅពន្ធនាគារ គឺរាប់ទាំង២នាក់ដែលត្រូវបានចាប់ខ្លួនក្នុងករណីតវ៉ាសុំដោះលែង លោក រ៉ុង ឈុន ផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ