អានតួអត្ថបទ
កម្ពុជា សង្គម

ក្រុមយុវជនដាក់ញត្តិនៅតាមស្ថានទូតនានា ដើម្បីសុំជួយអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន

ក្រុមយុវជនកាន់ញត្តិដាក់នៅតាមស្ថានទូតនានា ដើម្បីសុំជួយអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន
ក្រុមយុវជនកាន់ញត្តិដាក់នៅតាមស្ថានទូតនានា ដើម្បីសុំជួយអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន © សហការី
ដោយ៖ វ៉ា សំណព្វ
១៧ នាទី

បន្ទាប់ពី​បាន​ផ្អាក​សកម្មភាព​តវ៉ា​នៅមុខ​តុលាការ​ក្រុង​ភ្នំពេញ​រយៈពេល​៥​ថ្ងៃ​រួច​មក​ នៅ​រសៀល​ថ្ងៃ​ទី​ ០៧​ សីហា​នេះ​ ក្រុម​យុវជន​និង​អ្នក​គាំទ្រ​លោក​ រ៉ុង ឈុន បាន​ងាក​មក​ដាក់​ញត្តិ​នៅតាម​បណ្តា​ស្ថាន​ទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​អោយ​ជួយ​អន្តរាគមន៍​ដោះលែង​ លោក រ៉ុង ឈុន អោយ​មាន​សេរីភាព​ឡើងវិញ​។ សកម្មភាព​ដាក់​ញត្តិ​នៅ​រសៀល​ថ្ងៃ​ទី​ ០៧​ សីហា​នេះ​ មិនមាន​ការ​រារាំង​ពី​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ​។

ផ្សាយពាណិជ្ជកម្ម

ស្ថានទូតដែលក្រុមយុវជននិងអ្នកគាំទ្រលោក រ៉ុង ឈុន បានដាក់ញត្តិជាបឋមនៅរសៀលថ្ងៃទី ០៧ សីហានេះ រួមមានជាអាទិ៍ ស្ថានទូតសហរដ្ឋអាមេរិក បារាំង និងសហភាពអឺរ៉ុប ជាដើម។ កម្មវត្ថុនៃញត្តិនេះ គឺដើម្បីស្នើសុំអោយឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតនៃបណ្តាប្រទេសមហាអំណាចខាងលើនេះ ជួយអន្តរាគមន៍អោយមានការដោះលែងលោក រ៉ុង ឈុន អោយមានសេរីភាពឡើងវិញ។ ក្រៅពីស្ថានទូតទាំងបីខាងលើ ក្រុមយុវជននិងអ្នកគាំទ្រលោក រ៉ុង ឈុន ក៏គ្រោងយកញត្តិនេះ ទៅដាក់នៅស្ថានទូតជប៉ុន អាល្លឺម៉ង់ ថៃ អង់គ្លេស អង្គការពលកម្មអន្តរជាតិខាងការងារ និងតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាផងដែរ។

នៅក្នុងញត្តិដែលមានការចុះហត្ថលេខាពីតំណាងយុវជន សមាគម សហព័ន្ធនិស្សិត និងសហព័ន្ធសហជីពចំនួន១៧នេះ បានចាត់ទុកថា ការសម្រុកចូលទៅចាប់ខ្លួនលោក រ៉ុង ឈុន កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី ៣១ កក្កដា និងការសម្រេចឃុំខ្លួនលោក រ៉ុង ឈុន នៅពន្ធនាគារ កាលពីល្ងាចថ្ងៃទី ០១ សីហា គឺជាទង្វើអយុត្តិធម៌ ដោយសាតែលោក រ៉ុង ឈុន បានបំពេញការងារដើម្បីការពារផលប្រយោជន៍សង្គមជាតិ។ តួយ៉ាងដូចជា ការឈឺឆ្អាលរឿងព្រំដែន ការចូលរួមតវ៉ាជាមួយកម្មករ និយោជិតនៅក្រសួងការងារ ការតវ៉ានៅមុខខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការដាក់ញត្តិទៅក្រសួងការបរទេសកម្ពុជាអំពីបញ្ហាច្បាប់សន្តិសុខជាតិ ហុង កុង ជាដើម។ សម្រាប់ក្រុមយុវជន សកម្មភាពខាងលើរបស់លោក រ៉ុង ឈុន គឺជាសិទ្ធិសេរីភាពរបស់គាត់ ដែលជាថ្នាក់ដឹកនាំសហជីព ដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ហើយការបញ្ចេញមតិនិងសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌នេះ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋទូទៅ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ។

គួរជំរាបជូនថា លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន កាលពីយប់ថ្ងៃទី ៣១ កក្កដា ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា បន្ទាប់ពីលោកបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២១ ខែកក្កដា ដោយបានចោទប្រកាន់ថា ការបោះបង្គោលព្រំដែនលេខ១១៤ ដល់១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដី ទៅភាគីវៀតណាមជាច្រើនរយហិកតា ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ ក៏ប៉ុន្តែ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន គឺជាការបំផ្លើស ដែលធ្វើឲ្យមហាជនមានការភ័ន្តច្រលំ ទៅលើរដ្ឋាភិបាលថាមិនបានគិតគូរសុខទុក្ខប្រជាពលរដ្ឋ និងធ្វើឲ្យបាត់បង់ទឹកដី។

គួរកត់សំគាល់ថា សកម្មភាពដាក់ញត្តិរបស់យុវជននិងអ្នកគាំទ្រលោក រ៉ុង ឈុន នៅរសៀលថ្ងៃទី ០៧ សីហា មិនមានការរារាំងពីសំណាក់អាជ្ញាធររដ្ឋាភិបាលកម្ពុជានោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ