អានតួអត្ថបទ
កម្ពុជា ព្រំដែន

យុវតីម្នាក់ត្រូវបានបញ្ជូនទៅកាន់តុលាការពីបទ «ញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

កញ្ញា ស កន្និកា ត្រូវបានអាជ្ញាធរបញ្ជូនខ្លួនទៅកាន់តុលាការក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃទី ០៧ សីហា ឆ្នាំ២០២០
កញ្ញា ស កន្និកា ត្រូវបានអាជ្ញាធរបញ្ជូនខ្លួនទៅកាន់តុលាការក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃទី ០៧ សីហា ឆ្នាំ២០២០ © សហការី
ដោយ៖ វ៉ា សំណព្វ
១៨ នាទី

អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា កាលពី​រសៀល​ថ្ងៃទី ០៧ សីហា ម្សិល​មិញ​នេះ បាន​ឃាត់​ខ្លួន​យុវជន​៣នាក់​ក្នុង​នោះ​មាន​យុវតី​ម្នាក់ បន្ទាប់​ពី​ពួក​គេបាន​ចូល​រួម​នៅ​ក្នុង​សកម្មភាព​តវ៉ា​អោយមាន​ការ​ដោះលែង​លោក រ៉ុង ឈុន កាលពីដើម​សប្តាហ៍​នេះ។ ក្រោយ​ពីការ​ឃាត់​ខ្លួន​អស់​រយៈពេល​ជិត​៣ម៉ោង យុវជន​ជា​បង​ប្អូន​ភ្លោះពីរ​នាក់​ឈ្មោះ ជុំ ហួត និង​ជុំ ហួរ ត្រូវបាន​អាជ្ញាធរ​ដោះលែង​មក​វិញ ខណៈ​យុវតី​ម្នាក់ ឈ្មោះ ស កន្និកា ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ពីបទ  «ញុះញង់បង្ក​អោយ​មាន​ភាព​វឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»។

ផ្សាយពាណិជ្ជកម្ម

បើតាម​អ្នកនាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​អោយ​ដឹង​ថា កញ្ញា ស កន្និកា ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី ០៧ សីហា ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​បង្ក​អោយ​មាន​ភាព​វឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។ កញ្ញា ស កន្និកា ត្រូវ​បាន​កង​កម្លាំង​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​ចាប់​ខ្លួន តាម​ដីកា​ចោទ​ប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ ក្រោយ​ពី​បាន​ចូលរួម​នៅ​ក្នុង​សកម្មភាព​តវ៉ា​អោយ​មាន​ការ​ដោះលែង​ លោក រ៉ុង ឈុន អតីត​ប្រធានសមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ កាល​ពី​ដើម​សប្តាហ៍​នេះ​។

កញ្ញា ស កន្និកា ដែល​គេ​ស្គាល់​ថា ជា​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​កង​កម្លាំង​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​ឃាត់​ខ្លួន​ជា​មួយ​បង​ប្អូនភ្លោះពីរ​នាក់​ឈ្មោះ ជុំ ហួត និង ជុំ ហួរ កាល​ពីរ​សៀល ថ្ងៃទី ០៧ សីហា នៅ​មុខ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ បន្ទាប់​ពី​ពួក​គេបាន​ចេញ​មក​ពី​ចូល​រួម​សិក្ខា​សាលា​មួយ។ យ៉ាង​ណាមិញ បង​ប្អូន​ភ្លោះពីរ​នាក់​ឈ្មោះ ជុំ ហួត និង ជុំ ហួរ ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​មក​វិញ ក្រោយ​ពី​ការ​សាក​សួរ​អស់​រយៈពេល​៣​ម៉ោង និង​ក្រោយ​ពី​ការ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​ចូលរួម​សកម្មភាព ឬ ចលនា​តវ៉ា​នានា។ ផ្ទុយពី​នេះ កញ្ញា ស កន្និកា បន្ទាប់​ពី​បាត់ដំណឹង​សូន្យ​ឈឹង​នោះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ។ នេះ​បើ​តាម​ការ​អោយ​ដឹង​ពីលោក ឆាយ គឹមខឿន អគ្គស្នង​ការរង និង​ជា​អ្នក​នាំ​ពាក្យ​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​។

គួរជំរាប​ជូន​ដែរ​ថា កាលពីថ្ងៃទី ០៥ សីហា អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ឃាត់​ខ្លួន​មនុស្ស​៤នាក់ ដែល​គេ​ស្គាល់​ថា ជា​អតីត​សកម្មជន​គណបក្ស​ប្រឆាំង ខណៈ​ដែល​ពួក​គេ​បាន​ចូលរួម​នៅ​ក្នុង​សកម្មភាព​តវ៉ា​ទាមទារ​អោយ​មាន​ការ​ដោះលែង លោក រ៉ុង ឈុន។ ស្នង​ការ​នគរបាល​ក្រុងភ្នំពេញ​អះអាង​ថា សកម្ម​ជន ពីរ​នាក់​ក្នុង​ចំណោម​៤នាក់​នោះ ត្រូវ​ឃាត់​ខ្លួន​ក្នុង​បទ​ល្មើស «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ» ដោយ​ទទួល​ផែន​ការ​យ៉ាង​ច្បាស់​លា​ស់​​​ពី​ថ្នាក់​ដឹកនាំ​របស់​ពួក​គេ ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ ឱ្យ​ប្រមូល​ផ្តុំ​កម្លាំង​នៅ​តាម​សង្កាត់​ នីមួយៗ​ចំនួន​៣​នាក់ ដើម្បី​តវ៉ា​សុំ​ឱ្យដោះលែងលោក រ៉ុង ឈុន។​ ប៉ុន្តែ​​ក្រោយមក សកម្មជន​ពីរ​នាក់ គឺ​លោក អ៊ុក សំអូន និងអ្នកស្រី ឈិន សុវណ្ណា ត្រូវ​បាន​អនុញ្ញាតឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បន្ទាប់​ពី​ធ្វើ​ការ​អប់​រំ។ ចំណែក​លោក ទុំ វុទ្ធី ដែលគេស្គាល់ថា ជាអតីត​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត​ស្វាយ​រៀង​នៃ​អតីតគណបក្សសង្គ្រោះជាតិ និងឈ្មោះ ឈួ ផេង ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ពី​បទ «ញុះញង់បង្កអោយមានភាព​វឹកវ​រធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ