អ្នកនាំពាក្យ៖ស្រ្តីកងទ័ពមួកខៀវខ្មែរឆ្លងកូវីដ១៩ ជាការឆ្លងតគ្នាពីក្រុមតែមួយ ហើយពុំទាន់មានការឆ្លងចូលសហគមន៍ទេ
ចុះផ្សាយនៅថ្ងៃ៖
នៅព្រឹកថ្ងៃចន្ទនេះ មានការបែកធ្លាយលិខិតមួយរបស់ចៅសង្កាត់សិត្បូ ផ្ញើទៅកាន់អភិបាលក្រុងតាខ្មៅដោយបញ្ជាក់ឱ្យដឹងពីការរកឃើញស្រ្តីកងទ័ពមួកខៀវខ្មែរម្នាក់បានឆ្លងជំងឺកូវីដ១៩ ហើយស្រ្តីម្នាក់នេះបានប៉ះពាល់ជាមួយមនុស្សជាច្រើនថែមទៀត។ ប៉ុន្តែ លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានច្រានចោលព័ត៌មាននេះ ដោយអះអាងថា សាម៉ីខ្លួនមិនបានជួបជាមួយអ្នកណានោះទេ ក្រៅពីសមាជិកគ្រួសារ៤នាក់ប៉ុណ្ណោះ។ លោកស្រីឱ វណ្ណឌីន ក៏បានអះអាងដែរថា ករណីនេះជាការឆ្លងតគ្នាពីកងទ័ពមួកខៀវកម្ពុជាផ្សេងទៀត ហើយពុំទាន់មានឆ្លងចូលសហគមន៍ទេ។
អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងស្រ្តីជាកងទ័ពមួកខៀវកម្ពុជានេះ គឺមានចំនួន១៣នាក់ដែលជាបងប្អូនសាច់ញាតិរបស់សាម៉ីខ្លួន។ ក្នុងនោះ សមាជិកគ្រួសារ៤នាក់ គឺឱពុកម្តាយ និងបងប្អូនប្រុស ជាអ្នកដែលប៉ះពាល់ផ្ទាល់ជាមួយស្រ្តីកងទ័ពមួកខៀវរូបនេះ ហើយពួកគេទាំងអស់នេះត្រូវបាននាំទៅពិនិត្យរកជំងឺកូវីដ១៩ តែលទ្ធផលអវិជ្ជមានទាំងអស់។ នេះ គឺជាគូសបញ្ជាក់របស់លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាតាមរយៈទូរទស្សន៍BTV នាថ្ងៃត្រង់ថ្ងៃទី១០ ខែសីហានេះ។ បើតាមលោកស្រីឱ វណ្ណឌីន ពួកគេទាំងអស់នេះត្រូវបានដាក់នៅក្នុងមណ្ឌលចត្តាឡីស័ក្តខេត្តកណ្តាល ដើម្បីបន្តតាមដានតទៅទៀត។
ស្រ្តីជាកងទ័ពមួកខៀវកម្ពុជារូបនេះ បានវិលត្រឡប់មកពីប្រទេសម៉ាលីដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅជាមួយមិត្តរួមក្រុមចំនួន៧៩នាក់ផ្សេងទៀត។ មកដល់ភ្លាម ពួកគេទាំង៨០នាក់ត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩ តែអវិជ្ជមានទាំងអស់។ ក្រោយមកអាជ្ញាធរសុខាភិបាលកម្ពុជាក៏បាននាំពួកគេទៅធ្វើចត្តាឡីស័ក្តរួមគ្នានៅក្នុងមណ្ឌលកងទ័ពមួកខៀវកម្ពុជាក្នុងខេត្តកំពង់ស្ពឺ។ ដល់ថ្ងៃទី១៣ នៃរយៈពេលធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ ពួកគេ៤នាក់ត្រូវបានរកឃើញមានជំងឺកូវីដ១៩ ។ ដូច្នេះហើយ កងទ័ពមួកខៀវកម្ពុជា៧៦នាក់ទៀតត្រូវបន្តធ្វើចត្តាឡីស័ក្ត១៤ថ្ងៃដោយចាប់ផ្តើមរាប់ពីថ្ងៃទី១ឡើងវិញ។ លុះដល់ថ្ងៃទី២៧ ខែកក្កដា ពួកគេ៤នាក់ក៏បានរកឃើញមានផ្ទុកជំងឺកូវីដ១៩ថែមទៀតដែលតម្រូវឱ្យពួកគេ៧២ត្រូវបន្តធ្វើចត្តាឡីស័ក្តដោយរាប់ឡើងវិញរយៈពេល១៤ថ្ងៃបន្តទៀត។
ក៏ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតឱ្យទៅធ្វើចត្តាឡីស័ក្តនៅតាមផ្ទះរៀងៗខ្លួន។ គឺក្រោយធ្វើចត្តាឡីស័ក្តនៅផ្ទះនេះប៉ុន្មានថ្ងៃទើបស្រ្តីជាកងទ័ពមួកខៀវកម្ពុជាអាយុ២៧ឆ្នាំនៅក្រុងតាខ្មៅត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ១៩។ បន្ទាប់ពីរកឃើញនេះ អាជ្ញាធរសុខាភិបាលកម្ពុជាក៏នាំកងទ័ពមួកខៀវផ្សេងទៀតទៅធ្វើចត្តាឡីស័ក្តនៅមណ្ឌលកងទ័ពមួកខៀវនៅក្នុងខេត្តកំពង់ស្ពឺវិញ។ នេះបើតាមការអះអាងរបស់លោកស្រីឱ វណ្ឌឌីន។ លោកស្រីឱ វណ្ឌឌីន បានវាយតម្លៃថា ការឆ្លងលើស្រ្តីរូបនេះ គឺជាការឆ្លងតគ្នាពីកងទ័ពមួកខៀវដូចគ្នា ហើយមិនទាន់មានការឆ្លងចូលសហគមន៍នៅឡើយទេ។
ប៉ុន្តែ នៅព្រឹកថ្ងៃចន្ទនេះ ចៅសង្កាត់សិត្បូ បានប្រាប់មកអភិបាលក្រុងតាខ្មៅថា មុនរកឃើញមានជំងឺកូវីដ១៩ ស្រ្តីជាកងទ័ពមួកខៀវកម្ពុជារូបនេះ បានធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃ និងជូនដល់មនុស្សចាស់ ព្រមទាំងបានចែកលុយដល់ក្មេងៗថែមទៀតផង។ នេះបើតាមលិខិតរបស់ចៅសង្កាត់សិត្បូផ្ញើទៅកាន់អភិបាលក្រុងតាខ្មៅ ហើយត្រូវបានគេចែកចាយបន្តគ្នាយ៉ាងព្រោងព្រាតតាមបណ្តាញសង្គម។ ចំពោះលិខិតនេះ លោកស្រីឱ វណ្ណឌីន បានគូសបញ្ជាក់ថា នឹងស្នើឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យឡើងវិញ ដោយសារតែព័ត៌មានដែលលោកស្រីទទួលបាន គឺខុសពីនេះ។ ខុសគ្នានៅត្រង់ថា ស្រ្តីជាកងទ័ពមួកខៀវរូបនេះក្នុងអំឡុងពេលធ្វើចត្តាឡីស័ក្តក្នុងផ្ទះ គឺមិនបានចេញទៅជួបអ្នកណា ឫមានអ្នកណាមកជួបនោះទេ ហើយរូបគេថែមទាំងអនុវត្តតាមវិធានសុខាភិបាលបានល្អថែមទៀត។ លោកស្រីឱ វណ្ឌី អះអាងបែបនេះដោយយោងតាមការបញ្ជាក់ផ្ទាល់ពីសាម៉ីខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ