ក្រសួងអប់រំនឹងបើកឲ្យសិស្សសាលារដ្ឋថ្នាក់ទី៩ និងទី១២ចូលរៀនវិញនៅខែកញ្ញា ដើម្បីត្រៀមប្រលងនៅខែធ្នូ
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែសីហានេះ បានប្រកាសថា នឹងបើកឲ្យដំណើរការសិក្សាគ្រឹះស្ថានសាធារណៈឡើងវិញដំណាក់កាលទី២ សម្រាប់ថ្នាក់ដែលត្រូវប្រលងសញ្ញាបត្រមធ្យមសិក្សាទាំង២កំរិត នៅអំឡុងខែកញ្ញា ខាងមុខ ខណៈថ្នាក់ដទៃទៀត នឹងត្រូវជូនដំណឹងដំណើរការនៅពេលក្រោយ។ ជាមួយគ្នានេះ គ្រឹះស្ថានអប់រំឯកជនមួយចំនួនក៏ត្រូវរងចាំរៀបចំការប្រលងសញ្ញាបត្រទុតិយភូមិជាមួយនឹងសាលារដ្ឋនៅខែធ្នូផងដែរ។
ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលជាថ្នាក់ត្រូវប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៃគ្រឹះស្ថានអប់រំសាធារណៈ នឹងត្រូវអនុញ្ញាតឲ្យចូលរៀនមុនគេនៅអំឡុងខែកញ្ញាខាងមុខនេះ ដែលនេះជាដំណាក់កាលទី២នៃការបើកសាលាសាធារណៈ ឡើងវិញបន្ទាប់ពីអាក់ខានដោយសារការរាតត្បាតនៃមេរោគកូវីដ១៩។
ក៏ប៉ុន្តែក្រសួងអប់រំ តាមរយៈសេចក្តីប្រកាសនៅថ្ងៃនេះ ដំណើរការចូលរៀនឡើងវិញនេះ ធ្វើឡើង ក្នុងទ្រង់ទ្រាយតូច តែ១៥នាក់ក្នុងមួយថ្នាក់ប៉ុណ្ណោះ ដោយគោរពតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។
ដោយឡែក សម្រាប់សិស្សថ្នាក់ផ្សេងៗទៀត ដែលមិនមែនជាថ្នាក់ប្រលង ក្រសួងអប់រំនឹងសម្រេចការចូលរៀនរបស់ពួកគេនៅថ្ងៃក្រោយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ។ លើសពីនេះ គ្រឹះស្ថានសិក្សាឯកជនមួយចំនួន ក៏បានស្ម័គ្រចិត្តពន្យាពេលការប្រលងសញ្ញាបត្របាក់ឌុប រហូតដល់ខែធ្នូដែរ ដើម្បីចូលរួមប្រលងជាមួយសាលារដ្ឋ ខណៈសាលាឯកជនមួយចំនួនបានរៀបចំប្រលងដោយឡែក បន្ទាប់ពីពួកគេដំណើរការសិក្សាតាមអនឡាញ។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា កាលពីខែមីនាឆ្នាំ២០២០២ បានប្រកាសឲ្យសាលារៀនទូទាំងប្រទេសដាក់ឲ្យសិស្សវិស្សមកាលមុនកាលកំណត់ គឺបន្ថែមពីលើបំរាមមុនៗ ដែលរដ្ឋាភិបាលឲ្យបិទសាលារៀនតែនៅក្រុងសៀមរាប និងក្រុងភ្នំពេញ ដើម្បីបង្កាការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ទោះយ៉ាងណា រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឲ្យក្រសួងអប់រំ សាកល្បងបើកដំណើរការឡើងវិញ នៅដំណាក់កាលទី១ នៅក្នុងកំឡុងខែសីហានេះ នូវគ្រឹះស្ថានសិក្សាឯកជន ដែលមានស្តង់ដាខ្ពស់ចំនួន ២០ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ