អានតួអត្ថបទ
កម្ពុជា សង្គម

ការសិក្សាបង្ហាញថាព្រៃឡង់ជាង១០ម៉ឺនហិកតាត្រូវបានបាត់បង់ក្នុងរយៈពេល២០ឆ្នាំ

រូបភាព​ព្រៃឡង់ ​ថត​បាន​ពី​លើ​អាកាស។​ (រូបភាពឯកសារ)
រូបភាព​ព្រៃឡង់ ​ថត​បាន​ពី​លើ​អាកាស។​ (រូបភាពឯកសារ) © Google
ដោយ៖ អ៊ឹង ប៊ុនថន
១២ នាទី

ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា​ ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ ជាង​១០​ម៉ឺន​ហិកតា បាន​ក្លាយ​ទៅ​ជា​វាល​រហោឋាន​ឬ​ត្រូវ​បាន​បំលែង​ទៅ​ជា​ចំការ​ដំណាំ​ ក្នុង​រយៈពេល​២០​ឆ្នាំ​មក​នេះ​។ ការ​សិក្សា​នេះ​គឺ​គេ​ចង់​បង្ហាញ​ថា ​ព្រៃឈើ​ដ៏​សំខាន់​នៅ​តំបន់​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​បន្ត​ទៀត។ បើទោះ​បីជា​រដ្ឋាភិបាល​បាន​ដាក់​តំបន់​ព្រៃឡង់​ទៅជា​តំបន់​ការពារ​កាល​ពី​ឆ្នាំ​២០១៦​ក៏​ដោយ​ ក៏​ព្រៃឡង់​នៅ​តែ​បន្ត​បាត់​បង់​ដោយសារ​កត្តា​ជា​ច្រើន​។

ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ដែលសរសេរជាភាសាអង់​គ្លេស ដោយកម្មវិធីអេកូឡូស៊ីនៃអង្គការ Jesuit Service Cambodia (JSC) សហការជាមួយបណ្តាញយុវជនកម្ពុជា (CYN) ផ្សាយ​នៅថ្ងៃ១០​សីហានេះ បង្ហាញថាព្រៃឈើទំហំ១០២.៤៣៦ ហិកតា ឬ២៤% នៃព្រៃឡង់​ ត្រូវ​បាន​បាត់​បង់​​តាំងពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩។​ គឺជាការប្រៀប​ធៀបតាមរយៈរូបភាពដែល​ថតបានពីផ្កាយ​រណប ដែលត្រូវបានថតក្នុងកំឡុងឆ្នាំ ១៩៩៩, ២០០០, ២០១៨ និង ២០១៩។

របាយការណ៍នេះ អះអាងថា    ព្រៃឈើចំនួន ១០២.៤៣៦ ហិកតាត្រូវបាន​បាត់​បង់ ដែលក្នុងនោះមាន​ផ្ទៃដី ៥៨.១៣៨ ហិកតាត្រូវបានប្តូរពីព្រៃទៅជាចម្ការ ខណៈផ្ទៃដីចំនួន ១,១១១ ហិកតាត្រូវបាន​ដុះព្រៃឡើងវិញដោយ​ធម្មជាតិ និង​ការដាំដុះ​ដោយ​កម្មវិធី​ដាំដើម​ឈើគិតត្រឹមឆ្នាំ ២០១៩។

លោក ស ម៉ូរី អ្នកគ្រប់​គ្រង​កម្ម​វិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​បណ្តាញ​យុវជន​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិRFI​បន្ថែមថា ​ការ​ផ្តល់​ដីសម្បទានសេដ្ឋកិច្ច នៅតំបន់​ព្រៃឡង់ ទៅឲ្យក្រុម​ហ៊ុនឯកជន មុនពេល​ព្រៃឡង់​ដាក់​ទៅជាតំបន់​ការពារ គឺជាមូលហេតុចំបង​មួយនាំឲ្យមាន​ការ​បាត់​បង់​ព្រៃឡង់។ ប៉ុន្តែ​ទោះបីជាតំបន់​នេះ​ត្រូវបាន​ដាក់​ទៅ​​ជាតំបន់ការពារ នៅឆ្នាំ២០១៦ក៏ដោយ តែការ​លួច​កាប់​ឈើ និង​ការ​ទន្ទ្រានយកដីព្រៃ​ដើម្បី​ធ្វើ​កសិកម្ម​នៅតែ​បន្ត​កើត​មាននៅតំបន់​ព្រៃឡង់​។​ នេះ​បើតាម លោក ស​ ម៉ូរី។

លោក ស ម៉ូរី បាន​គូសបញ្ជាក់ទៀតថា ការដែល​អង្គការ​ទាំងពីរ​នេះ ​ចេញ​របាយ​ការណ៍​នៅពេល​នេះ​គឺ​ចង់​បង្ហាញទៅកាន់​សាធារណៈ និង​អាជ្ញាធរ​ពាក់​ព័ន្ធឲ្យបាន​ដឹង​ពី​ការ​បន្ត​បាត់​បង់​ព្រៃឡង់ និង​រួមគ្នា​រក្សា​ព្រៃ​ឈើ​ដ៏សំខាន់​នៅតំបន់​អាស៊ីមួយនេះ​​ឲ្យ​បានគង់​វង្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ