អឺរ៉ុបបានសម្រេចអនុវត្តដកការលើកលែងពន្ធEBA ២០%ជាផ្លូវការពីកម្ពុជានារសៀលថ្ងៃនេះ
ចុះផ្សាយនៅថ្ងៃ៖
នៅទីបំផុត សេចក្តីសម្រេចដកការលើកលែងពន្ធ២០%តាមប្រព័ន្ធអនុគ្រោះពន្ធEBAរបស់អឺរ៉ុបបានចូលជាធរមាន និងចាប់ផ្តើមអនុវត្តហើយនៅរសៀលថ្ងៃពុធនេះ។ ការចាប់ផ្តើមអនុវត្តរបស់គណៈកម្មការអឺរ៉ុបនេះ ធ្វើឡើងតាមសេចក្តីសម្រេចមួយកាលពីថ្ងៃទី១២ ខែកុម្ភៈ ក្រោមហេតុផលថា កម្ពុជាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ក៏ប៉ុន្តែ គណៈកម្មការអឺរ៉ុបបានអះអាងថា ទ្វារចរចាគ្នានៅតែបើកចំហរសម្រាប់កម្ពុជាក្នុងការឈានទៅកែទម្រង់លើការរំលោភសិទ្ធិមនុស្ស ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះEBA ពេញលេញមកវិញ។
គឺនៅក្នុងសេចក្តីប្រកាសព័ត៌មានខ្លួននៅរសៀលថ្ងៃពុធនេះ គណៈកម្មការអឺរ៉ុបបានអះអាងថា ការលើកលែងពន្ធលើផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBA ត្រូវព្យួរជាបណ្តោះអាសន្នចាប់ពីពេលនេះតទៅ។ បើតាមគណៈកម្មការអឺរ៉ុប ការសម្រេចនេះ គឺប៉ះពាល់ដល់ទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុបប្រមាណ២០% ប៉ុន្តែកម្ពុជានៅតែអាចបន្តនាំចេញទំនិញទាំងនេះបាន តែក្នុងលក្ខខណ្ឌត្រូវបង់ពន្ធ។ ចំណែក ទំនិញរបស់កម្ពុជា៨០%ទៀត គឺនៅតែអាចបន្តនាំចេញទៅអឺរ៉ុបដោយមិនបង់ពន្ធដដែល។ ទំនិញដែលប៉ះពាល់ដោយសារបាត់ផ្នែកខ្លះនៃEBAនេះ គឺមាន៤០មុខ ភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុបក្នុងតម្លៃ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ។
បើទោះបីបានសម្រេចដកការលើកលែងពន្ធលើទំនិញខ្លះពីកម្ពុជាជាផ្លូវការក៏ដោយ ប៉ុន្តែលោក Phil Hogan ប្រធានគណៈកម្មការអឺរ៉ុបបានអះអាងថា សហភាពអឺរ៉ុបនៅតែបន្តការគាំទ្រដល់កម្ពុជា ប៉ុន្តែការបន្តគាំទ្រនេះមិនមែនជាការបន្ថយនូវការទាមទារជាបន្ទាន់ឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងសិទ្ធការងារនោះទេ។ ត្រង់ចំណុចនេះ លោកប្រធានគណៈកម្មការអឺរ៉ុបរូបនេះ បានសង្កត់ធ្ងន់ថា គណៈកម្មការអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួម និងស្រោចស្រង់ឱ្យមានការនាំចេញទំនិញទៅអឺរ៉ុបដោយមិនយកពន្ធពេញលេញឡើងវិញនៅពេលមានការរីកចម្រើនលើការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុបបានសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជាកាលពីថ្ងៃទី១២ ខែកុម្ភៈហើយទើបចូលជាធរមានថ្ងៃទី១២ ខែសីហានេះ។ ការសម្រេចនេះដោយឈរលើហេតុផលកម្ពុជាបានរំលោភធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងសិទ្ធិការងារ។ គណៈកម្មការអឺរ៉ុបបានគូសបញ្ជាក់ថា នឹងបន្តឃ្លាំមើលពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេស គឺផ្តោតទៅលើការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិក្នុងពេលថ្មីៗនេះ និងសិទ្ធិស៊ីវិល និងនយោបាយ ក៏ដូចជាវិវាទដីធ្លី និង សិទ្ធិការងារដែលជាបញ្ហាត្រូវបន្តឱ្យមានការកែទម្រង់នាពេលខាងមុខ។
សម្រាប់គណៈកម្មការអឺរ៉ុប អាជ្ញាធរកម្ពុជាគួរតែចាត់វិធានការ ដើម្បីស្តារសេរីភាពនយោបាយនៅកម្ពុជាឡើងវិញ ហើយបង្កើតល័ក្ខខ័ណ្ឌចាំបាច់ឡើងវិញសម្រាប់គណបក្សប្រឆាំងដែលអាចជឿទុកចិត្តបាន និងផ្តួចផ្តើមដំណើរការផ្សះផ្សារជាតិតាមរយៈការសន្ទនាដ៏ពិតប្រាកដមួយ។ គណៈកម្មការអឺរ៉ុបក៏បានបញ្ជាក់ច្បាស់ៗថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការគោរពសិទ្ធិមនុស្ស ជាពិសេសលើសិទ្ធិស៊ីវិល និងនយោបាយ នោះគណៈកម្មការអឺរ៉ុបអាចនឹងពិនិត្យសេចក្តីសម្រេចរបស់ខ្លួន ហើយឈានទៅផ្តល់ការលើកលែងពន្ធក្រោមប្រព័ន្ធអនុគ្រោះពន្ធEBAដល់កម្ពុជាឡើងវិញ។
គួរកត់សម្គាល់ថា ការសម្រេចអនុវត្តជាផ្លូវការរបស់គណៈកម្មការអឺរ៉ុបនាពេលនេះ គឺចំពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែជំងឺកូវីដ១៩។ គណៈកម្មការអឺរ៉ុបប្រាប់ថា ខ្លួនបានដឹងហើយពីរឿងនេះ និងថា បានត្រៀមខ្លួនរួចរាល់ក្នុងការជួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និង ស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ។ ប៉ុន្តែ គណៈកម្មការអឺរ៉ុបក៏បានបញ្ជាក់ឱ្យដឹងដែរថា ការជួយនេះ មិនមែនការលើកលែងការទាមទារជាបន្ទាន់របស់ខ្លួនដល់កម្ពុជា ដើម្បីឱ្យធានាដល់ការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារនោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ