អតីតបក្សប្រឆាំងចង់ចាប់ដៃគ្នាជាមួយលោកហ៊ុន សែន ដើម្បីផ្សះផ្សាជាតិឈានទៅទទូលបានEBAពេញលេញមកវិញ
ចុះផ្សាយនៅថ្ងៃ៖
អតីតបក្សសង្រ្គោះជាតិនៅព្រឹកថ្ងៃព្រហហស្បតិ៍នេះ បានចេញសេចក្តីថ្លែងការណ៍កម្រាស់៣ទំព័រដាក់បន្ទុកលើប្រមុខរដ្ឋាភិបាលកម្ពុជាចំពោះការបាត់បង់ការអនុគ្រោះEBA ២០%។ ការបាត់បង់ការអនុគ្រោះEBA ២០%នេះ ត្រូវបានអតីតបក្សប្រឆាំងចង្អុលបង្ហាញថា ដោយសារតែការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលការសម្រេចចិត្តនេះនឹងធ្វើឱ្យពលរដ្ឋខ្មែរធ្លាក់ខ្លួនក្រកាន់តែខ្លាំង។ តែទោះជាបែបនេះក្តី អតីតបក្សប្រឆាំងចង់ចូលរួមដោះស្រាយបញ្ហានេះជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាចថា នេះ គឺគ្រាន់តែជាការចង់យកបញ្ហាEBA មកជួយឱ្យខ្លួនរស់នៅឡើងវិញរបស់អតីតបក្សប្រឆាំងប៉ុណ្ណោះ។
អតីតគណបក្សសង្រ្គោះជាតិ បានចាត់ទុកថ្ងៃទី១២ ខែសីហាថា ជាថ្ងៃដ៏ខ្មៅងងឹងមួយទៀតនៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជាដោយសារតែលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានយកសិទ្ធិសេរីភាព និង សុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរដាក់ឱ្យស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដើម្បីបាននៅបន្តដឹកនាំប្រទេសផ្តាច់មុខ។ តាមន័យនេះ គឺអតីតបក្សប្រឆាំងចង់សំដៅថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺជាអ្នកដែលធ្វើឱ្យកម្ពុជាបាត់បង់ការអនុគ្រោះពន្ធ២០%លើការនាំចូលទំនិញពីកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ សម្រាប់អតីតបក្សប្រឆាំង ការបាត់EBA២០%នេះ គឺនឹងធ្វើប្រជាពលរដ្ឋខ្មែរដែលកំពុងជួបការលំបាកស្រាប់ត្រូវធ្លាក់ខ្លួនក្រថែមទៀត ដោយសារតែបាត់បង់ប្រាក់ចំណូល។
គណៈកម្មការអឺរ៉ុបបានអនុវត្តដកការលើកលែងពន្ធ២០%ចំពោះទំនិញរបស់កម្ពុជាកាលពីថ្ងៃពុធ ម្សិលមិញនេះ។ ការដកនេះ ធ្វើឱ្យទំនិញរបស់កម្ពុជា៤០មុខ ដែលភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរត្រូវបង់ពន្ធប្រមាណ១០០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ទើបអាចនាំចូលទៅទីផ្សារសហភាពអឺរ៉ុបបាន។ ប៉ុន្តែគណៈកម្មការអឺរ៉ុបមិនបានដាក់កម្រិតដាច់ណាត់លើកម្ពុជាឡើយ ពោល គឺថា បើសិនកម្ពុជាកែលម្អគោរពសិទ្ធិមនុស្ស និង សិទ្ធិការងារ នោះគណៈកម្មការអឺរ៉ុបនឹងពិចារណាផ្តល់ការអនុគ្រោះពេញលេញដល់កម្ពុជាឡើងវិញ។
ត្រង់ចំណុចនេះ អតីតគណបក្សសង្រ្គោះជាតិបានចូលខ្លួនមកបញ្ជាក់ថា បានត្រៀមខ្លួនជានិច្ចក្នុងការចូលរូមការសន្ទនា និងដំណើរការផ្សះផ្សាជាតិដោយឈរលើឆន្ទៈតែមួយ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកាន់តែប្រសើរឡើង។ មុនបញ្ជាក់ពីការត្រៀមខ្លួននេះ អតីតបក្សប្រឆាំងមិនភ្លេចទេទាមទារឱ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើលោកកឹម សុខា និងអ្នកនយោបាយទាំអស់ និងផ្តល់នីតិសម្បទាដល់អតីតគណបក្សសង្រ្គោះជាតិ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា អតីតបក្សប្រឆាំងកំពុងចង់យកបញ្ហាEBAនេះ ដើម្បីជួយឱ្យខ្លួនបានរស់ឡើងវិញ តែលោកគូសបញ្ជាក់ថា វាមិនអាចទៅរួចនោះទេ គឺហួសពេលទៅហើយ។ បើតាមលោកសុខ ឥសាន អតីតបក្សប្រឆាំងមិនមែនជាលទ្ធិប្រជាធិបតេយ្យទេ គឺថា បើអត់មួយទៅ នៅមានគណបក្សប្រឆាំងជាច្រើនទៀត។ ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន កាលពីថ្ងៃពុធបានអះអាងរួចហើយថា កម្ពុជានៅតែប្រកាន់គោលជំហរដដែល គឺមិនអោនក្បាលធ្វើអ្វីតាមការចង់បានរបស់សហភាពអឺរ៉ុបនោះទេ និងថា កម្ពុជាមិនអាចយកអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរនឹងការអនុគ្រោះពន្ធណាមួយឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ