អានតួអត្ថបទ
កម្ពុជា សង្គម

លោក ស ខេង៖ អំពើល្អ ជាអាវុធដ៏មុតស្រួច ដើម្បីទប់ទល់នឹងបដិវត្តន៍ពណ៌

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ © FB
ដោយ៖ វ៉ា សំណព្វ
១៤ នាទី

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ ស ខេង នៅ​ថ្ងៃ​ទី​ ១៣​ សីហា​នេះ​ បាន​ណែនាំ​អោយ​មន្ត្រី​និង​អាជ្ញាធរ​របស់​លោក​ធ្វើ​អំពើ​ល្អ​ និង​ខិតខំ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ដោយ​សន្តិ​វិធី​និង​មាន​ប្រសិទ្ធភាព​ ដើម្បី​កុំ​អោយ​អ្នក​នយោបាយ​យក​បញ្ហា​ទាំង​អស់​នោះ​ ធ្វើ​ជា​ឈ្នួន​បញ្ឆេះ​កំហឹង​របស់​ប្រជាពលរដ្ឋ ​ហើយ​ឈាន​ទៅ​បង្កើត​ជា​បដិវត្តន៍​ពណ៌​។ បន្ថែម​លើ​នេះ​ លោក​ ស ខេង បាន​ផ្ដាំ​ទៅ​អាជ្ញាធរ​ទាំងអស់​ថា​ មុន​នឹង​ប្រឆាំង​បដិវត្តន៍​ពណ៌​ គឺ​ត្រូវ​ប្រឆាំង​ខ្លួន​ឯង​ជា​មុន​សិន​។

ផ្សាយពាណិជ្ជកម្ម

បើតាមលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពន្យល់ថា ពាក្យប្រឆាំងបដិវត្តព័ណ៌ មិនមែនជាការយកកាំភ្លើងទៅគំរាមកំហែងអ្នកដទៃនោះទេ ប៉ុន្តែជាពាក្យសម្រាប់ប្រើទប់ស្កាត់សកម្មភាពនានា ដែលធ្វើល្មើសច្បាប់ ចង់ផ្ដួលរំលំរដ្ឋាភិបាលតែប៉ុណ្ណោះ។ នៅត្រង់ចំណុចនេះ លោកបានសង្កត់ធ្ងន់ថា បើមន្ត្រី ឬអាជ្ញាធរប្ដេជ្ញាប្រឆាំងបដិវត្តព័ណ៌នោះ គឺត្រូវប្រឆាំងខ្លួនឯងជាមុនសិន។ មានន័យថា មន្ត្រីនិងអាជ្ញាធរ ត្រូវធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និងមិនត្រូវរំលោភបំពានលើប្រជាពលរដ្ឋនោះឡើយ។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង នេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវទីតាំងនិងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ សីហា ដោយបានណែនាំបន្ថែម អោយមន្ត្រីនិងអាជ្ញាធររបស់លោកធ្វើអំពើល្អ និងខិតខំដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយសន្តិវិធីនិងមានប្រសិទ្ធភាព។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ស ខេង អំពើល្អ គឺជាអាវុធដ៏មុតស្រួច ដើម្បីទប់ទល់នឹងបដិវត្តន៍ព័ណ៌ ពោលគឺមិនមែនជាកំភ្លើងនោះទេ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង បែបនេះ គឺស្របពេលដែលប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខនេះ ជាអ្វីដែលលោកកំពុងមានការព្រួយបារម្ភ។ ព្រួយបារម្ភ ពីការលូកដៃរបស់អ្នកនយោបាយទៅក្នុងបញ្ហារបស់ប្រជាពលរដ្ឋ រុញអោយប្រជាពលរដ្ឋប្តឹងតវ៉ា ហើយក្លាយជាឈ្នួនផ្ទុះឡើង។ លោក បានលើកឧទាហរណ៍ពីករណីជម្លោះដីធ្លីមួយកន្លែង ស្ថិតនៅក្នុងខេត្តព្រៃវែង កាលពីពេលថ្មីៗនេះ ដែលលោកបានរកឃើញថា មានការលូកដៃពីអ្នកនយោបាយ ដែលជំរុញអោយប្រជាពលរដ្ឋ៣០០គ្រួសារផ្តិតមេដៃប្តឹងមកលោកដើម្បីអន្តរាគមន៍។ ប៉ុន្តែបន្ទាប់ពីការស្រាវជ្រាវទៅ គឺមានប្រជាពលរដ្ឋតែមួយគ្រួសារតែប៉ុណ្ណោះ។

ថ្លែង​នៅចំពោះមុខ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំនេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បាន​ផ្ដាំ​អោយមន្ត្រី​មុខងារសាធារណៈ ទាំង​ស៊ីវិលនិង​នគរបាល ត្រូវបំពេញ​មុខងារ​តាម​តួនាទី​ជាម​ន្ត្រី​មុខងារសាធារណៈ ដោយ​ប្រកាន់ខ្ជាប់​នូវវិជ្ជាជីវៈរបស់​ខ្លួន ដោយ​មិនត្រូវ​រើសអើង ឬ បែងចែក​ប្រជាជន ដែលមាន​និន្នាការ​នយោបាយ​ផ្សេងៗគ្នានោះ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ