លោកផៃ ស៊ីផាន៖ការធ្វើបត្យាប័នជាមួយបារាំង មិនមែនមានគោលដៅនាំយកក្រុមប្រឆាំងមកកាត់ទោសនៅកម្ពុជាទេ
ចុះផ្សាយនៅថ្ងៃ៖
នៅព្រឹកថ្ងៃសុក្រនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តយល់ព្រមលើសេចក្តីព្រាងអនុសញ្ញាស្តីពីបត្យាប័នរវាងកម្ពុជា និង បារាំង។ ជំហានបន្ទាប់ សេចក្តីព្រាងនេះនឹងបញ្ជូនទៅរដ្ឋសភាជាតិ ដើម្បីពិនិត្យពិភាក្សា និងអនុម័តជាផ្លូវការ។ ចំពោះការធ្វើសេចក្តីព្រាងអនុសញ្ញាស្តីពីបត្យានេះ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា វាជាច្បាប់លក្ខណៈសាកល ពោល គឺមិនមែនធ្វើឡើងក្នុងគោលបំណង ដើម្បីឈានទៅនាំយកក្រុមអតីតគណបក្សប្រឆាំងដែលស្នាក់នៅក្នុងប្រទេសបារាំងមកកាត់ទោសនៅកម្ពុជាទេ។
ការធ្វើអនុសញ្ញាស្តីពីបត្យាប័នរវាងកម្ពុជា និង បារាំង គឺក្នុងគោលបំណងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។ នេះ គឺជាគូសបញ្ជាក់ឱ្យដឹងរបស់លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសេចក្តីព្រាងអនុសញ្ញានេះត្រូវបានគណៈរដ្ឋមន្រ្តីកម្ពុជាអនុម័តយល់ព្រមនៅព្រឹកថ្ងៃសុក្រនេះ។ បើតាមលោកផៃ ស៊ីផាន ការតាក់តែងសេចក្តីព្រាងការធ្វើបត្យាប័ននេះឡើង គឺមានលក្ខណៈសាកល និងសម្រាប់ប្រជាពលកម្ពុជារដ្ឋទូទៅ ពោល គឺមិនមែនជាការរៀបចំឡើងពិសេសសម្រាប់ស្នើសុំទៅរដ្ឋាភិបាលបារាំងឱ្យបញ្ជូនក្រុមថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិដែលរត់គេចពីទោសទណ្ឌនៅកម្ពុជាមកកាត់ទោស និងដាក់ទោសនៅក្នុងប្រទេសកម្ពុជានោះឡើយ។
បច្ចុប្បន្ន ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង ជាពិសេស គឺលោកសម រង្ស៊ី កំពុងតែស្នាក់នៅក្នុងប្រទេសបារាំង បន្ទាប់ពីរត់ចេញពីប្រទេសកម្ពុជាក្រោយពីរូបលោកត្រូវបានតុលាការកម្ពុជាចោទប្រកាន់ និងផ្តន្ទាទោសជាច្រើនបទល្មើសដែលប្តឹងឡើងដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជា។ ដោយបញ្ជាក់ជាថ្មីថា បត្យាប័ននេះមិនមានគោលដៅចំពោះក្រុមលោកសម រង្ស៊ីនេះ លោកផៃ ស៊ីផាន បានអះអាងថា ការធ្វើអនុសញ្ញាស្តីពីបត្យាប័ននេះមិនមែនជារឿងចៃដន្យនោះទេ តែគឺបានគិតគូរជាយូរមកហើយ។ លោកបានគូសបញ្ជាក់ថា អនុសញ្ញាស្តីពីបត្យាប័នជាមួយបារាំងនេះមិនមានអ្វីពិសេសលើសពីបត្យាប័នដែលកម្ពុជាបានធ្វើជាមួយបណ្តាប្រទេសមួយចំនួនទៀតនោះឡើយ។
គិតមកដល់ពេលនេះ កម្ពុជាបានចុះកិច្ចព្រមព្រៀងធ្វើបត្យាប័នជាមួយប្រទេសចំនួន៦រួចមកហើយ គឺជាមួយប្រទេសថៃក្នុងឆ្នាំ១៩៩៩ ចិនក្នុងឆ្នាំ២០០០ ប្រទេសឡាវក្នុងឆ្នាំ២០០៥ ជាមួយកូរ៉េខាងត្បូងក្នុងឆ្នាំ២០១០ ជាមួយវៀតណាមក្នុងឆ្នាំ២០១៤ និងជាមួយប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ២០១៨។ បន្ថែមពីលើកិច្ចព្រមព្រៀងធ្វើបត្យាប័ននេះ កម្ពុជាក៏បានចុះកិច្ចព្រមព្រៀងផ្ទេរទណ្ឌិតជាមួយប្រទេស២ទៀតដែរ គឺជាមួយប្រទេសឥណ្ឌានៅក្នុងឆ្នាំ២០០៩ និង ជាមួយប្រទេសវៀតណាមដដែលនៅក្នុងឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា បត្យាប័ន គឺជានីតិវិធីនៃការបញ្ជូនខ្លួនជនល្មើសច្បាប់ពីរដ្ឋមួយទៅរដ្ឋមួយទៀតដែលបានធ្វើសំណើសុំ ដើម្បីយកជនល្មើសនោះទៅធ្វើការចោទប្រកាន់ចំពោះមុខយុត្តាធិការរបស់ខ្លួន ឬ យកជនល្មើសនោះទៅអនុវត្តទោសនៅក្នុងប្រទេសរបស់ខ្លួន។ ការធ្វើបត្យាប័ននេះ គឺអាចអនុវត្តទៅបានលុះត្រាតែប្រទេសស្នើសុំ និង ប្រទេសទទួល មានកិច្ចព្រមព្រៀងធ្វើបត្យារវាងគ្នានិងគ្នា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ