អានតួអត្ថបទ
កម្ពុជា សង្គម

លោក សួង សុភ័ណ្ឌ ត្រូវបានចាប់ខ្លួន ពីបទញុះញង់និងបំភ្លៃការពិតលើរឿងព្រំដែន

លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ
លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ © FB
ដោយ៖ វ៉ា សំណព្វ
១៤ នាទី

លោក​ សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​ នៅ​រសៀល​ថ្ងៃ​ទី​ ១៤​ សីហា​នេះ​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ និង​បំភ្លៃ​ការ​ពិត​លើ​រឿង​ព្រំដែន​កម្ពុជា​-វៀតណាម។ លោក សួង សុភ័ណ្ឌ គឺ​ជា​មនុស្ស​ទីពីរ​ហើយ​ បន្ទាប់​ពី​លោក​ រ៉ុង ឈុន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​លើ​រឿង​ព្រំដែន​។

ផ្សាយពាណិជ្ជកម្ម

លោក សួង សុភ័ណ្ឌ  ប្រធានគណបក្សខ្មែរឈ្នះ និងជាអ្នកនយោបាយម្នាក់ដែលសកម្មក្នុងការតវ៉ាទាមទារអោយមានការដោះលែងលោក រ៉ុង ឈុន មួយរយៈពេលចុងក្រោយនេះ ត្រូវបានសមត្ថកិច្ចនគរបាលនៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ឃាត់ខ្លួន នៅរសៀលថ្ងៃទី ១៤ សីហានេះ ពីគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុស មកលើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ថាប្រព្រឹត្តបទល្មើសក្បត់ជាតិលើរឿងព្រំដែនកម្ពុជា-វៀតណាម»។ 

នេះបើតាមការបញ្ជាក់ពីលោក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។ បើតាមលោក ឆាយ គឹមខឿន នេះគឺជាបទល្មើសជាក់ស្តែង ដែលតម្រូវអោយអាជ្ញាធរចាប់ខ្លួនលោក សួង សុភ័ណ្ឌ ភ្លាមៗ បន្ទាប់ពីបានសុំដីការចាប់ខ្លួនពីព្រះរាជអាជ្ញាតុលាការសាលាដំបូងរាជធានីភ្នំពេញរួចមក។ ក្រោយការចាប់ខ្លួន លោក សួង សុភ័ណ្ឌ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បាប់។

មុនការចាប់ខ្លួននេះ លោក សួង សុភ័ណ្ឌ ដែលគេស្គាល់ថា ជាប្រធានគណបក្សខ្មែរឈ្នះ និងជាអតីតយុវជននៃអតីតគណបក្សសង្គ្រោះជាតិ បានដឹកនាំមន្រ្តីគណបក្សរបស់លោកចុះទៅពិនិត្យមើលព្រំដែន នៅឃុំត្រពាំងផ្លុង ស្រុងពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១០ ខែសីហា។ ជាអ្វីដែលលោក សួង សុភ័ណ្ឌ ធ្លាប់បានអះអាងថា ជាដំណើរដើម្បីស្វែងរកការពិតលើរឿងព្រំដែន បន្ទាប់ពីមានការចាប់ខ្លួនលោក រ៉ុង ឈុន មក។

គួរជំរាបជូនថា លោក សួង សុភ័ណ្ឌ គឺជាមនុស្សទីពីរហើយ បន្ទាប់ពីលោក រ៉ុង ឈុន ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន ពីបទញុះញង់ និងបំភ្លៃលើរឿងព្រំដែន។ លោក ក៏ជាមនុស្សចុងក្រោយដែរ គិតត្រឹមថ្ងៃទី ១៤ សីហានេះ ដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់នៅក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ។ កាលពីថ្ងៃទី ១៣ សីហា សមត្ថកិច្ចក៏បានចាប់ខ្លួនយុវជន៦នាក់ ដែលសកម្មក្នុងការតវ៉ាអោយមានការដោះលែងលោក រ៉ុង ឈុន ផងដែរ។ បើតាមលោក ឆាយ គឹមខឿន ក្នុងចំណោមយុវជនទាំង៦នាក់ខាងលើនេះ យុវជន៤នាក់នឹងត្រូវដោះលែងវិញ។ ចំណែកឯយុវតី ឈឿន ដារ៉ាវី និងយុវជន ហ៊ុន វណ្ណៈ នឹងត្រូវបញ្ជូនខ្លួនទៅកាន់តុលាការ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់អោយមានភាពវឹកវរដល់សន្តិសុខសង្គម»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ