អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកនាំពាក្យអឺរ៉ុប៖អឺរ៉ុបចង់ឃើញសវនាការលោកកឹម សុខានឹងត្រូវបន្តឆាប់ៗ និងសង្ឃឹមលោកមានសេរីភាពពេញលេញ

លោក កឹម សុខា
លោក កឹម សុខា © BUNNARITH
ដោយ៖ វណ្ណ សុគន្ធា
១៦ នាទី

អ្នក​នាំ​ពាក្យ​សហភាព​អឺរ៉ុប​ បាន​លើក​ឡើង​ថា​ សហភាព​អឺរ៉ុប​ចង់​ឱ្យ​តុលាការ​កម្ពុជា​បន្ត​សវនាការ​លោក​កឹម សុខា ក្នុង​ពេល​ឆាប់ៗ​នេះ​ បន្ទាប់​ពី​ផ្អាក​ប្រមាណ​រយៈពេល​៥​ខែ​កន្លង​ទៅ​ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ​ ១៩​។ ក្រុម​មេធាវី​លោក​កឹម សុខា ​ក៏​ចង់​ឱ្យ​តុលាការ​បន្ត​សវនាការ​លោក​កឹម សុខាឱ្យ​ឆាប់​ផង​ដែរ​។ ប៉ុន្តែ​ តាម​រយៈ​ក្រុម​មេធាវី​ដដែល​ សា​លាដំបូងរាជធានី​ភ្នំពេញ​បាន​បដិសេធ​ដោយ​ហេតុ​ផល​ថា​ ការពារ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ផ្សាយពាណិជ្ជកម្ម

«យើងរំពឹងថា សវនាការរបស់លោកកឹម សុខា នឹងត្រូវបន្តក្នុងពេលឆាប់ៗខាងមុខនេះ»។ នេះ គឺជាលើកឡើងរបស់អ្នកនាំពាក្យសហភាពអឺរ៉ុបប្រាប់សារព័ត៌មានAsia Times កាលពីថ្ងៃទី២៨ ខែសីហា។ តាមរយៈសារព័ត៌មានដដែល អ្នកនាំពាក្យសហភាពអឺរ៉ុបក៏សង្ឃឹមថា លោកកឹម សុខា នឹងអាចត្រូវដោះលែងឱ្យមានសេរីភាពទាំងស្រុង ហើយនឹងដើរនាទីបានពេញលេញនៅក្នុងជីវិតនយោបាយរបស់លោកនៅក្នុងប្រទេសកម្ពុជា។

ក្រុមមេធាវីការពារក្តីលោកកឹម សុខា ក៏ចង់ឱ្យតុលាការបន្តសវនាការលោកកឹម សុខា​បានឆាប់ផងដែរ។ លោកចាន់ ចេន សហមេធាវីម្នាក់របស់លោកកឹម សុខា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃចន្ទនេះថា តាមច្បាប់ កូនក្តីរបស់លោក គឺត្រូវទទួលបានការកាត់ក្តីដែលឆាប់រហ័ស និងយុត្តិធម៌។ ម្យ៉ាងទៀត បើបន្តពន្យារពេលសវនាការកាត់ក្តី គឺវានឹងនាំ​ឱ្យខាតប្រយោជន៍របស់លោកកឹម សុខា។ តាមលោកមេធាវីចាន់​ ចេន ក្រុមមេធាវីធ្លាប់បានដាក់លិខិតផ្លូវការ និងស្នើសុំផ្ទាល់មាត់ផងដែរដល់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យបន្តសវនាការលោកកឹម សុខា។ ប៉ុន្តែចៅក្រមបានបដិសេធ ដោយលើកហេតុផលពីបញ្ហាជំងឺកូវីដ ១៩នៅបន្តរាត្បាត។

សវនាការលោកកឹម សុខា ត្រូវបានផ្អាកជាបណ្តោះអាសន្នចាប់តាំងពីថ្ងៃទី ២៥ មីនាមក ដោយសារតែការព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីសវនាការត្រូវបានផ្អាក លោកកឹម សុខា ប្រធានអតី​តគណបក្សសង្រ្គោះជាតិបាន​ធ្វើ​ដំណើរ​កម្សាន្ត​ និង​ជួប​ជាមួយ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ចំនួន​៧​។ ក្រោយមក រូបលោកត្រូវបានតុលាការក្រុងភ្នំពេញចេញលិខិតដាស់តឿនឱ្យគោរពឱ្យបានម៉ឺងម៉ាត់នូវ​កាតព្វ​កិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។ ប៉ុ​ន្តែ នៅពេលថ្មីៗនេះ លោកកឹម សុខា ក៏បានបន្តចុះទៅខេត្តពីរទៀត គឺខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។

បន្ថែមពីការចុះទៅកម្សាន្តតាមខេត្ត លោកកឹម សុខា ក៏បានទទួលជួបជាមួយបណ្តាទូតបរទេសនានានៅក្នុងប្រទេសកម្ពុជាផងដែរក្នុងអំឡុងពេលរង់ចាំបន្តសវនាការក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។ នៅក្នុងខែសីហានេះ លោកកឹម សុខា បានជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក សហភាពអឺរ៉ុប ជប៉ុន អូស្រ្តាលី និងភារធារីនៃស្ថានទូតអាល្លីម៉ង់។ ក្នុងជំនួបទាំងអស់នេះ លោកកឹម សុខា តែងតែលើកឡើងពីបញ្ហាសេដ្ឋកិច្ច ជីវភាពរស់នៅ សុខភាព ការចូលរួមឆ្លើយតបនិងទប់ស្កាត់ជំងឺកូវីដ-១៩ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ និងការទូត។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកមុត ចន្ថា ដែលជានាយកខុន្ធកាល័យលោកកឹម សុខា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ