សកម្មជនអតីតបក្សប្រឆាំង១០នាក់ទៀតត្រូវបានកោះហៅដោយតុលាការខេត្តកំពង់ចាម
ចុះផ្សាយនៅថ្ងៃ៖
មេធាវីការពារក្តីឲ្យអតីតមន្រ្តីបក្សប្រឆាំង អះអាងថា សមាជិកមូលដ្ឋានយ៉ាងតិចចំនួន១០នាក់ទៀត ត្រូវបានតុលាការខេត្តកំពង់ចាមកោះហៅឱ្យចូលខ្លួនឆ្លើយបំភ្លឺជុំវិញការចោទប្រកាន់ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងរួមគំនិតក្បត់។ ជាការកោះហៅពាក់ព័ន្ធនឹងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី ខណៈមេធាវីការពារក្តីបានបញ្ជាក់ថា កូនក្តីរបស់ខ្លួនចំនួន១០នាក់បានចូលខ្លួនឆ្លើយបំភ្លឺរួចហើយ។
អតីតមន្រ្តីគណបក្សសង្រ្គោះជាតិចំនួន១០នាក់ ដែលតុលាកាខេត្តកំពង់ចាមចេញដីកាកោះហៅឲ្យចូលខ្លួនជាបន្តបន្ទាប់មកនោះ គឺភាគច្រើនជាអតីតក្រុមប្រឹក្សាឃុំជាប់ឆ្នោតរបស់អតីតគណបក្សសង្គ្រោះជាតិ។ តុលាការបានបង្គាប់ឱ្យពួកគេចូលខ្លួនតាំងពីថ្ងៃទី៣ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ២០២០ ដើម្បីសាកសួរក្រោមបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងរួមគំនិតក្បត់។
លោក ហែម សុជាតិ ជាមេធាវីការពារក្តីបានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា កាលពីអំឡុងពេលប្រហែល១០ថ្ងៃមុន លោកបានជួយការពារក្តីឲ្យសកម្មជនទាំងនោះបានចំនួន១០នាក់ដែលទៅឆ្លើយបំភ្លឺនៅតុលាការខេត្តកំពង់ចាម និងចូលរួមសវនាការនៅតុលាការខេត្តត្បូងឃ្មុំ។ មេធាវីដដែលបដិសេធថា សកម្មជនទាំងនោះ មិនពាក់ព័ន្ធនឹងសំណុំរឿងលោក រ៉ុង ឈុន ទេ ពោលការកោះហៅនេះគឺពាក់ព័ន្ធនឹងការប្រកាសវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី តាំងពីចុងឆ្នាំមុន។
បើតាមមន្ត្រីសាលាដំបូងខេត្តកំពង់ចាម មានមនុស្ស១១នាក់ត្រូវបានហៅមកសាកសួរក្នុងនាមជាសាក្សីកាលពីចុងខែសីហា ប៉ុន្តែមិនត្រូវបានឃុំខ្លួននោះទេ។
ដោយឡែកនៅភ្នំពេញ ព្រះរាជអាជ្ញារងអមសាលាដំបូង កាលពីថ្ងៃទី១៤ ខែសីហា បានបង្គាប់ឱ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនលោក ប៉ែន ច័ន្ទសង្រ្គាម អតីតក្រុមប្រឹក្សាខណ្ឌមកពីបក្សសង្រ្គោះជាតិមកបង្ហាញខ្លួនឱ្យបានមុនថ្ងៃទី៧ ខែកញ្ញានៅការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីសាកសួរពីដំណើររឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ការបង្គាប់ឲ្យនាំខ្លួននេះ គឺបន្ទាប់ពី លោក ប៉ែន ច័ន្ទសង្រ្គាម ចូលរួមតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន កាលពីថ្ងៃទី១៣ ខែសីហា។ សំណុំរឿង លោក រ៉ុង ឈុន គឺមានមនុស្សចំនួន៤នាក់ទៀតត្រូវបានឃុំគឺលោក សួង សោភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ កញ្ញា ឈឿន ដារ៉ាវី កញ្ញា ស កន្និកា និងលោក ហ៊ុន វណ្ណៈ ដែលពួកគេគឺសកម្មជនសង្គមដែលចូលទាមទារឲ្យដោះលែង លោក រ៉ុង ឈុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ