កម្ពុជា និងកូរ៉េខាងត្បូងគ្រោងប្រើពេល៤ថ្ងៃក្នុងសប្តាហ៍នេះ ដើម្បីចរចាពាណិជ្ជកម្មសេរីទ្វេភាគីដំណាក់កាលទី២
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងសប្តាហ៍នេះ ក្រុមការងារនៃក្រសួងពាណិជ្ជកម្មកម្ពុជា និងកូរ៉េខាងត្បូងគ្រោងបើកកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅដំណាក់កាលទី២។ ប៉ុន្តែ កាលបរិច្ឆេទច្បាស់លាស់ថា នៅថ្ងៃណានោះនៅមិនទាន់មានការបញ្ជាក់ឱ្យដឹងនៅឡើយ ខណៈភាគីកូរ៉េខាងត្បូងគ្រាន់តែបានបង្ហាញថា ការចរចាដំណាក់កាលទី២នេះ នឹងធ្វើឡើងរយៈពេល៤ថ្ងៃតាមរយៈវីដេអូអនឡាញ។
ដំណឹងនៃការចរចាដំណាក់កាលទី២នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ត្រូវបានចុះផ្សាយឱ្យដឹងដោយសារព័ត៌មានYonhapរបស់កូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ។ សារព័ត៌មាននេះ បានអះអាងថា ការចាប់ផ្តើមចរចាដំណាក់កាលទី២នេះ គឺស្របពេលដែលប្រទេសកូរ៉េខាងត្បូងកំពុងខិតខំប្រឹងប្រែងពង្រីកការនាំចេញរបស់ខ្លួន ដើម្បីស្រោចស្រង់សេដ្ឋកិច្ចដែលធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ១៩។
ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូងបានបញ្ជាក់ប្រាប់សារព័ត៌មានYonhapថា ការចរចាដំណាក់កាលទី២នេះ នឹងធ្វើការសិក្សាលម្អិតបន្ថែមទៀតអំពីកិច្ចព្រមព្រៀងសេរីទ្វេភាគីនៃប្រទេសទាំងពីរ ដោយកូរ៉េខាងត្បូង និងកម្ពុជានឹងផ្លាស់ប្តូរយោបល់ស្តីពីការកំណត់វិសាលភាពនៃផលិតផល ក៏ដូចជាមធ្យោបាយផ្សេងទៀត ដើម្បីពង្រឹងចំណងសេដ្ឋកិច្ចទ្វេភាគី។
ចំពោះការចរចានេះ លោកសៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាមិនអាចទាក់ទងសុំព័ត៌មានបន្ថែមបាននៅឡើយទេ។ សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េខាងត្បូងបានប្រកាសចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងដំណាក់កាលទី១ កាលពីថ្ងៃទី០៩ ខែកក្កដា។ ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងអាចជាកាតាលីករជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្មនិងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប(GDP) ផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ។
សម្រាប់កម្ពុជា កូរ៉េខាងត្បូង គឺជាប្រទេសគោលដៅទី២ដែលកម្ពុជាចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ខណៈទី១ គឺចិនដែលកម្ពុជាបានបញ្ចប់ការចរចាដោយជោគជ័យ ប៉ុន្តែមកដល់ពេលនេះមិនទាន់បានចុះកិច្ចព្រមព្រៀងនៅឡើយ។ សម្រាប់កូរ៉េខាងត្បូងវិញ កម្ពុជា គឺជាប្រទេសទិសដៅនាំចេញលំដាប់ថ្នាក់ទី៥៨របស់ខ្លួន។ ប្រសិនបើកម្ពុជា និងកូរ៉េខាត្បូងទទួលបានជោគជ័យលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នា នោះកម្ពុជានឹងត្រូវបញ្ចូលទៅក្នុងបញ្ជីដៃគូរពាណិជ្ជកម្មសេរីទ្វេភាគីរបស់កូរ៉េខាងត្បូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីវៀតណាម និងសិង្ហបុរី។ ស្របពេលនេះ កូរ៉េខាងត្បូងក៏កំពុងបន្តការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសហ្វីលីពីន និង ម៉ាឡេស៊ីផងដែរ ខណៈរង់ចាំចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយជាមួយប្រទេសឥណ្ឌូនេស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ