កម្ពុជា-ច្បាប់

របាយការណ៍ស្រាវជ្រាវ៖ ការ​យល់ដឹងរបស់អ្នកប្រើប្រាស់នៅកម្ពុជាមានកម្រិតទាប

ផលិតផលក្លែងក្លាយ ដែលគ្រោងនឹងបំផ្លាញចោលនៅជាយរាជធានីភ្នំពេញ​ កាលពីខែមីនា ឆ្នាំ២០១៩
ផលិតផលក្លែងក្លាយ ដែលគ្រោងនឹងបំផ្លាញចោលនៅជាយរាជធានីភ្នំពេញ​ កាលពីខែមីនា ឆ្នាំ២០១៩ AP - Heng Sinith

កម្រិត​យល់ដឹង​របស់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​ នៅមាន​កម្រិត​ទាប​នៅ​ឡើយ​។ នេះ​បើ​តាម​របាយការណ៍​ស្រាវជ្រាវ​ចេញ​ផ្សាយ​ ដោយ​អគ្គនាយកដ្ឋាន​ជំនាញ​របស់​ក្រសួង​ពាណិជ្ជកម្ម​ នៅ​ថ្ងៃ​ទី​២​ ខែ​កញ្ញា​នេះ។ មន្ត្រី​ជំនាញ​អះអាង​ថា​ ការ​យល់​ដឹង​របស់​អ្នក​ប្រើប្រាស់​នៅ​មាន​កម្រិត​ ដោយសារ​តែ​ការ​ផ្សព្វផ្សាយ​ច្បាប់​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​មិន​ទាន់​ទូលំទូលាយ​ ព្រោះ​កូវីដ​១៩​។

ផ្សាយពាណិជ្ជកម្ម

លទ្ធិផលស្រាវជ្រាវមួយបង្ហាញថា កម្ពុជាទទួលបានពិន្ទុ ៦៨.៨៤ លើ១៣០ ដែលមានន័យថា កម្ពុជាស្ថិតនៅក្នុងកម្រិតចំណាត់ថ្នាក់ “កម្រិតយល់ដឹងតិចតួចបំផុត” បើប្រៀបធៀបទៅនឹងកម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ាន។ នេះបើតាមរបាយការណ៍ស្តីពី កម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាននៅកម្ពុជា របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំរបស់ក្រសួងពាណិជ្ជកម្ម(ក.ប.ប) ដែលផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញានេះ។

ការស្រាវជ្រាវនេះធ្វើឡើង កាលពីដើមឆ្នាំ២០២០ ដោយមានសំណាកសរុប២០០ និងបានធ្វើឡើងនៅក្នុងក្រុងភ្នំពេញ សៀមរាប បាត់ដំបង និងខេត្តកំពង់ចាម។ ការស្រាវជ្រាវនេះបានផ្តោតទៅលើផ្នែកធំៗចំនួនបី រួមមានផ្នែកការយល់ដឹង ដែលទទួលបាន១៧.៣៧ពិន្ទុលើ៤០ ផ្នែកជំនាញមានពិន្ធុ២៤.៣២លើ៤៥ និងអាកប្បករិយារបស់អ្នកប្រើប្រាស់មានពិន្ទុ២៧.១៦លើ៤៥។  

បើទោះបីជា ការយល់ដឹងរបស់អ្នកប្រើប្រាស់នៅមានកម្រិតទាប ប៉ុន្តែអ្នកប្រើប្រាស់នៅកម្ពុជាមានការចង់ដឹង និងចង់ឲ្យមានកិច្ចការពារពួកគាត់។ នេះបើតាមការលើកឡើងរបស់លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា។

លោក ផឹង វីរៈ ប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់នៃ ក.ប.ប បានអះអាងថាកម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់នៅកម្ពុជានៅមានកម្រិតទាបនៅឡើយ ដោយសារតែច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ទើបតែបានអនុម័ត ហើយការផ្សព្វផ្សាយនៅមានកម្រិតនៅឡើយ។ តែលោកសង្ឃឹមថា ក្រោយពីការផ្សព្វផ្សាយច្បាប់នេះ ការយល់ដឹងរបស់អ្នកប្រើប្រាស់នៅកម្ពុជានឹងមានការកើនឡើងជាងនេះ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៅថ្ងៃនេះបញ្ជាក់ថា តាមរយៈរបាយការណ៍ខាងលើនេះ វាចាំបាច់ណាស់ក្នុងការផ្តោតសំខាន់លើការលើកកម្ពស់ ការយល់ដឹងឲ្យបានទូលំទូលាយ ក៏ដូចជាបង្កើតយន្តការ ដែលមានប្រសិទ្ធភាពនានា ដើម្បីជួយសម្រុះសម្រួលក្នុងទំនាស់ផ្សេងៗរវាងអតិថិជន និងធុរកិច្ច។

គួររំលឹកផងដែរថា កាលពីខែវិច្ឆកា ឆ្នាំ២០១៩កន្លងទៅ កម្ពុជាបានដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ប៉ុន្តែធៀបនឹងប្រទេសក្នុងតំបន់ កម្ពុជាជាប្រទេសចុងក្រោយ ដែលទទួលបានការអនុម័តឲ្យប្រើប្រាស់ច្បាប់នេះ ក្នុងគោលដៅការពារអ្នកប្រើប្រាស់ និងលើកម្ពស់ការប្រកួតប្រជែងដោយសុចរិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI