អានតួអត្ថបទ
កម្ពុជា-ខ្មែរក្រហម

អតីតមេគុកទួលស្លែង លោក កាំង ហ្គេចអ៊ាវ ហៅឌុច បានទទួលមរណភាពនៅវ័យ៧៨ឆ្នាំ

ឌុច​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​នៅ​តុលាការ​ខ្មែរក្រហម នៅ​ថ្ងៃ​អង្គារ​ទី ២០​មីនា ២០១២
ឌុច​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​នៅ​តុលាការ​ខ្មែរក្រហម នៅ​ថ្ងៃ​អង្គារ​ទី ២០​មីនា ២០១២ © REUTERS
ដោយ៖ វ៉ា សំណព្វ
១៣ នាទី

អតីត​មេគុក​ទួលស្លែង​ កាំង ហ្គេចអ៊ាវ ហៅ​ឌុច បាន​ទទួល​មរណភាព​ហើយ​ កាល​ពី​វេលា​ម៉ោង​ ០០៖៥១​នាទី​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០២​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ នេះ​។ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នៃ​ការ​ស្លាប់​នេះ​នៅ​ឡើយ​ទេ​ ខណៈ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​កំពុង​បង្កើត​គណៈ​កម្មការ​ពិសេស​មួយ​ ដើម្បី​ធ្វើ​កោសល្យវិច្ច័យ​ មុន​នឹង​ប្រគល់​សព​ជូន​ដល់​ក្រុម​គ្រួសារ​។

ផ្សាយពាណិជ្ជកម្ម

ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានទទួលមរណភាព នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅវេលាម៉ោង០០៖៥១នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នេះ។ នេះបើតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។ ទណ្ឌិត កាំង ហ្គេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនពីមន្ទីរពេទ្យបង្អែកជ័យជំនះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី ៣១ ខែសីហា បន្ទាប់ពីបានធ្លាក់ខ្លួនឈឺធ្ងន់ និងមានអាការៈហេវហត់ខ្លាំង។

យ៉ាងណាក្តី លោក នេត្រ ភក្ត្រា មិនអាចបញ្ជាក់ពីមូលហេតុនៃមរណភាពរបស់អតីតមេគុកទួលស្លែង កាំង ហ្គេចអ៊ាវ ហៅឌុច នេះនៅឡើយទេ។ ប៉ុន្តែបើតាមការបញ្ជាក់ពីលោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ កន្លងមក កាំង ហ្គេចអ៊ាវ ហៅឌុច ធ្លាប់មានប្រវត្តិធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតម្តង ដោយសារតែជំងឺសួត ដ្បិតអតីតប្រធានគុកទួលស្លែងរូបនេះ ចូលចិត្តជក់បារីច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បាននឹងកំពុងបង្កើតគណៈកម្មការពិសេសមួយ ដើម្បីធ្វើកោសល្យវិច្ច័យមុននឹងប្រគល់សពជូនដល់ក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណីសាសនាគ្រឹស្ត។ សាសនាគ្រឹស្ត ដែលអតីតប្រធានគុកទួលស្លែង លោក កាំង ហ្គេចអ៊ាវ ហៅឌុច បានគោរពប្រតិបត្តិជារៀងរហូតមក។

សូមបញ្ជាក់ថា កាំង ហ្គេចអ៊ាវ ហៅឌុច អាយុ៧៨ឆ្នាំ ជាអតីតប្រធានគុកទួលស្លែង ឬ ស-21 ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១២ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ