កម្ពុជា-នយោបាយ

លោកសម រង្ស៊ី៖បក្សនយោបាយថ្មីថ្មោងដែលបង្កើតឡើង គឺជាឧបករណ៍នយោបាយរបស់លោកហ៊ុន សែន

លោក សម រង្ស៊ី
លោក សម រង្ស៊ី © FB

ប្រធាន​ស្តី​ទី​អតីត​បក្ស​សង្រ្គោះជាតិ​ លោក​សម រង្ស៊ី​ កាល​ពី​យប់​ថ្ងៃ​ពុធ​ បាន​ចេញ​វីដេអូ​ឃ្លីប​បកស្រាយ​ពី​បញ្ហា​ទំនាក់ទំនង​អន្តរជាតិ​ បញ្ហា​សេដ្ឋកិច្ច​ និង​ ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ លោក​សម រង្ស៊ី បាន​អះអាង​ថា​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន កំពុង​ទាល់ច្រក​ដោយសារ​តែ​មិនព្រម​ទម្លាក់​បទចោទ​ប្រកាន់​មក​លើ​លោក​កឹម សុខា​។ បន្ថែម​លើ​នេះ​ លោក​សម រង្ស៊ី ថែម​ទាំង​អះអាង​ថា​ លោក​ហ៊ុន សែន បាន​ជំរុញ​ឱ្យ​បង្កើត​បក្ស​នយោបាយ​ថ្មីៗ​ ដើម្បី​ធ្វើ​ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន​។

ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុងវីដេអូឃ្លីបរយៈពេលជាង១០នាទី លោកសម រង្ស៊ី ពីក្រៅប្រទេសបានចោទប្រកាន់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថា បានជំរុញឱ្យមានការបង្កើតគណបក្សនយោបាយថ្មីថ្មោងនៅក្នុងប្រទេសកម្ពុជាដែលលោកចាត់ទុកថា ជាគណបក្សតូចតាច ដើម្បីបង្ហាញទៅសហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរថា ជាដំណោះស្រាយនយោបាយនៅកម្ពុជា។ ប៉ុន្តែ លោកបានអះអាងថា គ្មានអ្នកណាជឿនោះទេ ដោយហេតុថា  គណបក្សថ្មីថ្មោងដែលបង្កើតនេះ គឺជាគ្រាន់ជាឧបករណ៍នយោបាយរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង គ្រាន់តែជាលេស ដើម្បីជៀសវាងការបើកផ្លូវឱ្យអតីតគណបក្សសង្រ្គោះជាតិដំណើរការឡើងវិញ។ សម្រាប់លោកសម រង្ស៊ី ការបើកផ្លូវឱ្យអតីតបក្សប្រឆាំងដំណើរការឡើងវិញ គឺជាដំណោះស្រាយនយោបាយតែមួយគត់នៅកម្ពុជា។

ការលើកឡើងរបស់លោកសម រង្ស៊ីនេះ ធ្វើឡើងបន្ទាប់ពីអតីតសហការីរបស់លោកមួយចំនួននៅកម្ពុជាបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងមានបំណងចង់បង្កើតគណបក្សនយោបាយថ្មី។ ថ្មីៗនេះ អតីតអ្នកតំណាងរាស្រ្តបក្សប្រឆាំង លោកអ៊ូ ច័ន្ទរ័ត្ន កំពុង​ប្រមូល​ផ្តុំកម្លាំង​អ្នកប្រជាធិបតេយ្យ ដើម្បី​ឈាន​ទៅបង្កើត​បក្សនយោបាយ​ថ្មីមួយ ​ហើយចូលរួមប្រកួតប្រជែង​នៅក្នុងការបោះឆ្នោត​នៅពេល​ខាងមុខ​។​ ការប្រមូលផ្តុំកម្លាំង​អ្នក​ប្រជាធិបតេយ្យដើម្បីបង្កើតបក្សថ្មីនេះ ដោយ​សារ​​លោកអស់សង្ឃឹម​នឹងការរង់​ចាំ​ក្រោយពី​ការរំលាយ​គណបក្សសង្គ្រោះ​ជាតិ​អស់រយៈ​ពេល៣ឆ្នាំ ​ហើយពុំឃើញ​មានសម្ពាធ​ពី​អន្តរជាតិ​ណាមួយដែលធ្វើ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​ផ្លាស់ប្តូរ​ជំហររបស់​ខ្លួន។​

ចំពោះលោកសម រង្ស៊ី ការបង្កើតគណបក្សនយោបាយថ្មីៗដែលមានការជំរុញពីលោកហ៊ុន សែន គឺមិនអាចក្លាយជាគណបក្សប្រឆាំងជំនួសអតីតគណបក្សសង្រ្កោះជាតិបាននោះទេ។ ប៉ុន្តែលោកថា បើសិនជាគណបក្សថ្មីណាអាចមានការគាំទ្រដូចអតីតបក្សសង្រ្កោះជាតិ គឺលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងរំលាយចោលដូចគ្នា ដើម្បីកុំឱ្យមានគូរប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចរបស់លោក។

លោកបន្ថែមថា ការសម្រេចបង្កើតគណបក្សនយោបាយថ្មី គឺជាការចាញ់បោកលោកហ៊ុន សែន។ ដូច្នេះហើយ បែបទំនងជាចង់សំដៅទៅកាន់អតីតសហការីរបស់ខ្លួន លោកសម រង្ស៊ី បានអំពាវនាវកុំឱ្យទៅបង្កើតគបក្សនយោយថ្មី ដោយងាកមកបន្តរួបរួមគ្នាជំរុញឱ្យអតីតបក្សសង្រ្គោះជាតិរស់ឡើងវិញ។ ប៉ុន្តែ ប្រមុខរដ្ឋាភិបាលកម្ពុជាធ្លាប់បានគូសបញ្ជាក់ម្តងជាពីរដងរួចមកហើយថា គណបក្សសង្រ្គោះជាតិដែលស្លាប់ទៅហើយនោះ គឺមិនអាចរស់ឡើងវិញបានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI