រដ្ឋាភិបាលប្រកាសបញ្ចេញថវិកា ១៥០ លានដុល្លារ កសាងផ្លូវ៣៨ ខ្សែក្នុងក្រុងខេត្តសៀមរាប
ចុះផ្សាយនៅថ្ងៃ៖
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិដែលសន្សំបានចំនួន១៥០លានដុល្លារ ដើម្បីស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាបឡើងវិញ។ ផែនការអភិវឌ្ឍន៍ផ្លូវនានាក្នុងក្រុងទេសចរណ៍មួយនេះគឺជាអ្វីដែលរដ្ឋាភិបាលហៅថាជាការជួយស្តាសេដ្ឋកិច្ចរបស់ពលរដ្ឋនៅទីនោះក្រោយវិបត្តិកូវីដ១៩។
«ទោះបីពេលនេះប្រទេសជាតិកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ។» នេះគឺជាការអះអាងនៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្របពេលដែលលោកប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិចំនួន១៥០ដុល្លារដើម្បីស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងក្រុងទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ។ ថវិកា១៥០លានដុល្លារនេះគឺក្នុងចំណោមថវិកាប្រមាណជាង ៦០០ លានដុល្លារដែលរដ្ឋសន្សំបានសម្រាប់យកមកអភិវឌ្ឍន៍ប្រទេស។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តសៀមរបនេះ ត្រូវបានប្រមុខរដ្ឋាភិបាលគូសបញ្ជាក់ថា នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩។
បើតាមផែនការគម្រោងស្ថាបនាផ្លូវនៅក្នុងក្រុងសៀមរាបទាំងអស់នឹងបញ្ចប់នៅចុងឆ្នាំ ២០២១ ។
សម្រាប់លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរណ៏ជាតិកម្ពុជា ជឿថានេះគឺជាពេលវេលាសមរម្យដែលខេត្តសៀមរាបត្រូវកែលម្អខ្លួន និងរៀបចំសណ្តាប់ធ្នាប់ក៏ដូចជាដើមឈើឲ្យមានម្លប់ត្រឈឹងត្រឈៃដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តកាន់តែច្រើនឡើង។
ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលមានសភាពមិនល្អនាពេលបច្ចុប្បន្ន បញ្ហាលក់ដូរទំនិញ និងវត្ថុអនុស្សាវរីយ៍យកតម្លៃថ្លៃហួសពីភ្ញៀវទេសចរណ៍គឺមូលហេតុដែលធ្វើឲ្យខូចមុខមាត់ដល់ខេត្តទេសចរណ៍មួយនេះ។ នេះបើតាម លោក ហូ វណ្ឌី។ តែលោកកត់សំគាល់ថាបញ្ហាលក់ទំនិញ«កោមិនដាក់ទឹក» នោះត្រូវបានកែលម្អជាបណ្តើរៗហើយ។
សូមជម្រាបថា ខេត្តសៀមរាបគឺជាគោលដៅទី២ បន្ទាប់ពីខេត្តព្រះសីហនុ ដែលរដ្ឋាភិបាលចាត់ទុកជាអទិភាពស្ថាបនាផ្លូវឡើងវិញដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងការស្តាសេដ្ឋកិច្ចក្រោយពីវិបត្តិកូវីដ១៩។ កូវីដ១៩ គឺឧបសគ្គដែលខេត្តសៀមរាប មានការយឺតយ៉ាវនៃការកែលម្អផ្លូវ គឺដោយសារតែកញ្ចប់ថវិកាដែលមានពីមុនមកត្រូវបានយកទៅត្រៀមទប់នឹងកូវីដ១៩។នេះបើតាមអភិបាលខេត្តសៀមរាប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ