យុវជនបរិស្ថាន៣នាក់ត្រូវបានអាជ្ញាធរកម្ពុជាចោទប្រកាន់ពីបទញុះញង់ និងត្រៀមបញ្ជូនឡើងតុលាការ
ចុះផ្សាយនៅថ្ងៃ៖
បន្ទាប់ពីឃាត់ខ្លួន និងសាកសួរកាលពីថ្ងៃព្រហស្បតិ៍ នៅព្រឹកថ្ងៃសុក្រនេះ អាជ្ញាធរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនយុវជនបរិស្ថាន៣នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ យុវជនទាំង៣នាក់នេះ រួមមាន លោកថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី។ ពួកគេត្រូវបានអាជ្ញាធរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសុក្រនេះថា ការចោទប្រកាន់យុវជនការពារបរិស្ថានទាំង៣នាក់ពីបទញង់ញុះឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍នេះ គឺដោយយោងទៅតាមខ្សែវីដេអូនានារបស់ពួកគេដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកមាតាធម្មជាតិកម្ពុជា ឫ Mother Nature Cambodia។ បើតាមលោកសាន សុខសីហា វីដេអូរបស់ពួកគេ គឺបានបង្ហាញពីចរិតលក្ខណៈញុះញង់។
លោកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសម្តែងនូវការសោកស្តាយចំពោះការចាប់ខ្លួន និងចោទប្រកាន់នេះ។ លោកស្រីថា នេះ គឺជារូបភាពគំរាមកំហែង និងបន្ទុកបង្អាក់ទៅកាន់យុវជនដទៃទៀតដែលចង់ធ្វើសកម្មភាពការពារបរិស្ថាន ឬបញ្ចេញមតិ។ ចំណែក លោកអំ សំអាត នាយករងផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូវិញយល់ថា ការចាប់ខ្លួន និងចោទប្រកាន់នេះ នឹងនាំឱ្យមានការរិះគន់បន្ថែមទៀតមកលើអាជ្ញាធរកម្ពុជារឿងរឹងត្បិតសេរីភាពជាមូលដ្ឋាន សិទ្ធិបញ្ចេញមតិ និងសិទ្ធិប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ។
បន្ទាប់ពីលើកឡើងដូច្នេះ សកម្មជនការពារសិទ្ធិមនុស្សទាំងពីរក៏បានបញ្ជាក់ថា នឹងបន្តតាមដានឃ្លាំមើលករណីនេះ និងអំពាវនាវដល់អាជ្ញាធរកុំបន្តនីតិវិធីលើពួកគេ ហើយដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ។ ប៉ុន្តែ ប្រសិនបើយុវជនបរិស្ថានទាំង៣នាក់ត្រូវបានបញ្ជូនទៅកាន់តុលាការហើយត្រូវបានចោទប្រកាន់ជាផ្លូវការនោះ សកម្មជនក៏ដូចជាអង្គការសិទ្ធិមនុស្សទាំងពីរនឹងផ្តល់ជំនួយផ្លូវច្បាប់ ដើម្បីជួយដល់ពួកគេ។
យុវជនបរិស្ថានទាំង៣នាក់នេះ ត្រូវអាជ្ញាធរកម្ពុជាឃាត់ខ្លួនក្រោមរូបភាពផ្សេងៗគ្នា ប៉ុន្តែធ្វើឡើងក្នុងថ្ងៃតែមួយកាលពីថ្ងៃព្រហស្បតិ៍។ យុវជនថុន រដ្ឋា ត្រូវអាជ្ញាធរកម្ពុជាជាច្រើននាក់ចុះទៅព័ន្ធផ្ទះជួលនៅក្នុងខណ្ឌពោរធិ៍សែនជ័យ ដើម្បីចាប់ខ្លួនរូបគ។ ការចាប់ខ្លួននេះ ក្រោមហេតុផលថា រូបគេបានបង្កើតបន្ទប់ផ្សព្វផ្សាយព័ត៌មាន និងធ្វើវីដេអូផ្សព្វផ្សាយដោយមិនមានច្បាប់អនុញ្ញាត។ ក្រោយចាប់ខ្លួន ផ្ទះជួលរបស់ថុន រដ្ឋា ក៏ត្រូវបានអាជ្ញាធរបិទជាបណ្តោះអាសន្នផងដែរ។
រីឯ យុវតីភួន កែវរស្មី និង ឡុង គន្ធា វិញ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួននាំយកទៅសួរនាំ បន្ទាប់ពីពួកគេមានគម្រោងធ្វើដំណើរដោយថ្មើរជើងចេញពីវត្តភ្នំឆ្ពោះទៅភូមិគ្រឹះលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្បែរវិមានឯករាជ្យដោយស្លៀកពាក់ពណ៌សនៅថ្ងៃទី៣ កញ្ញា ដើម្បីស្នើជួបលោកនាយករដ្ឋមន្រ្តីផ្ទាល់ក្នុងគោលបំណងបង្ហាញអំពីក្ដីបារម្ភមួយចំនួនជុំវិញការលុបបឹងតាមោកដូចជា បញ្ហាជន់លិចទឹកក្នុងរាជធានីភ្នំពេញពេលភ្លៀងម្ដងៗ ផលប៉ះពាល់ចំពោះបរិស្ថាន ការបាត់បង់ជម្រកសត្វស្លាប រួមជាមួយជីវចម្រុះក្នុងបឹង ជាដើម។ ប៉ុន្តែមិនទាន់បានធ្វើផង ពួកគេក៏ត្រូវបានចាប់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ