ភរិយារបស់សកម្មជនបក្សប្រឆាំងម្នាក់បានរងរបួស បន្ទាប់ពីរងអំពើហិង្សាក្នុងពេលតវ៉ាអោយដោះលែងស្វាមីរបស់ខ្លួន
ម្នាក់ដែលគេស្គាល់ថា ជាភរិយារបស់លោក ស៊ុន ធន់ គ្រូបង្រៀននិងជាអតីតសកម្មជនគណបក្សប្រឆាំងបានរងរបួស បន្ទាប់ពីរងអំពើហិង្សាពីកងកម្លាំងសន្តិសុខខណ្ឌ៧មករា ក្នុងអំឡុងពេលដែលពួកគេតវ៉ាអោយមានការដោះលែងស្វាមីរបស់ខ្លួន។ សូមបញ្ជាក់ថា ចាប់តាំងពីដើមខែមិថុនាឆ្នាំ២០២០មក ក្រុមគ្រួសាររបស់អតីតសមាជិកគណបក្សប្រឆាំងជាច្រើនរូប បានរងការបង្ក្រាបពីកងកម្លាំងសន្តិសុខ ខណៈពេលពួកគេបានចេញតវ៉ាទាមទារអោយមានការដោះលែងឳពុក និងស្វាមី របស់ពួកគេ។
ចុះផ្សាយនៅថ្ងៃ៖
អ្នកស្រី សេង ចាន់ថន អាយុ៤៩ឆ្នាំ ដែលគេស្គាល់ថា ជាភរិយារបស់លោក ស៊ុន ធន់ ជាគ្រូបង្រៀន និងជាសកម្មជនអតីតគណបក្សប្រឆាំងនៅក្នុងខេត្តកំពង់ធំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីអ្នកស្រីបានរងអំពើហិង្សាពីសំណាក់កងកម្លាំងសន្តិសុខខណ្ឌ៧មករា នៅក្នុងអំឡុងពេលនៃការតវ៉ានៅមុខតុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៤ កញ្ញា។
អ្នកស្រី សេង ចាន់ថន ភរិយារបស់លោក ស៊ុន ធន់ អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ និងជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានរាំងខ្ទប់ដោយកម្លាំងសន្ដិសុខខណ្ឌ៧មករា ពីការតវ៉ាជាសាធារណៈនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយក្រុមស្ដ្រី និងសាច់ញាតិដទៃទៀតរបស់អតីតសមាជិកគណបក្សប្រឆាំងដែលត្រូវបានរំលាយ ។ ខណៈដែលកម្លាំងសន្ដិសុខជាច្រើនប៉ះទង្គិចគ្នាជាមួយក្រុមស្រ្តី សន្តិសុខម្នាក់បានចាប់បោកអ្នកស្រី ចាន់ថន យ៉ាងហិង្សាផ្ទប់ទៅនឹងថ្នល់។ អ្នកស្រី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នេះបើតាមការសរសេររៀបរាប់របស់អង្គការសិទ្ធិមនុស្សលីកាដូ តាមរយៈគណនីយហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី ០៤ កញ្ញានេះ។ បើតាមលីកាដូ ស្វាមីរបស់អ្នកស្រី សេង ចាន់ថន គឺលោក ស៊ុន ធន់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ តាំងពីដើមខែមិថុនាមក ដោយរងការចោទប្រកាន់ពីបទរួមគំនិតក្បត់ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់។ ក្នុងនោះមានបទចោទខ្លះ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងសកម្មភាពតាំងពីខែកក្កដា ឆ្នាំ២០១៨។
បើតាមការកត់សំគាល់របស់អង្គការសិទ្ធិមនុស្សលីកាដូនេះ គឺចាប់តាំងពីដើមខែមិថុនាឆ្នាំ២០២០មក ក្រុមគ្រួសាររបស់អតីតសមាជិកគណបក្សប្រឆាំង ត្រូវបានអូស ទាញ ទាត់ និងវាយដំ ក្នុងអំឡុងពេលដែលពួកគេ បានតវ៉ាដោយសន្ដិវិធី ដើម្បីអំពាវនាវអោយដោះលែងសមាជិកគ្រួសារពួកគេ។ កាលពីថ្ងៃទី ១៤ សីហា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា គោរពសិទ្ធិរបស់អ្នកតវ៉ាក្នុងការជួបប្រជុំ និងឲ្យការពារអ្នកដែលប្រើសិទ្ធិជួបប្រជុំនេះ បន្ទាប់ពីការិយាល័យនេះ បានសង្កេតឃើញថា បើទោះបីជាការជួបប្រជុំដោយសន្តិវិធី ដែលរៀបចំដោយបុគ្គលផ្សេងៗមានលក្ខណៈសន្តិវិធីក្តី ក៏គេបានឃើញនូវការចាប់ខ្លួន និងឧប្បត្តិហេតុមួយចំនួននៃការប្រើប្រាស់កម្លាំងហួសប្រមាណទប់ទល់នឹងក្រុមបាតុករដែលភាគច្រើនជាស្ត្រី និងយុវជនកម្ពុជា។
គួរជំរាបជូនថា គិតមកទល់ពេលនេះ មានអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន២៣នាក់ហើយ ត្រូវបានចាប់និងឃុំខ្លួនក្នុងពន្ធនាគារ ខណៈយុវជននិងអ្នកតវ៉ាផ្សេងៗទៀតប្រមាណជាង១០នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ បន្ទាប់ពីពួកគេចូលរួមនៅក្នុងសកម្មភាពតវ៉ាអោយមានការដោះលែងលោក រ៉ុង ឈុន នារយៈពេលចុងក្រោយនេះ។ សម្រាប់អាជ្ញាធររដ្ឋាភិបាលវិញបានចាត់ទុកថា សកម្មភាពតវ៉ាទាំងនេះ គឺធ្វើឡើងដោយខុសច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ