កូវីដ១៩៖ សាលារៀនមួយចំនួននៅកម្ពុជាបើកទ្វារវិញនៅថ្ងៃចន្ទស្អែកក្រោយបិទទ្វារ៦ខែ
ចុះផ្សាយនៅថ្ងៃ៖
គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនមួយចំនួននឹងបើកទ្វារទទួលសិស្សចូលរៀនឡើងវិញ នៅថ្ងៃទី៧កញ្ញាស្អែកនេះ ក្រោយបិទទ្វារអស់រយៈពេល៦ខែដោយសារកូវីដ១៩។ អ្នកនាំពាក្យក្រសួងអប់រំបានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃអាទិត្យទី០៦កញ្ញានេះថា ទាំងគ្រឹះស្ថានសិក្សាសាធារៈនិងឯកជនត្រៀមខ្លួនរួចរាល់សម្រាប់ទទួលសិស្សចូលរៀនឡើងវិញ ជាមួយវិធានការណ៍សុវត្ថិភាពខ្ពស់។
សិស្សថ្នាក់ទី៩និងថ្នាក់ទី១២នៅទូទាំងប្រទេស នឹងអនុញ្ញាតឲ្យចូលរៀនឡើងវិញនៅថ្ងៃចន្ទទី០៧កញ្ញាស្អែកនេះ សម្រាប់ដំណាក់កាលទី២។ ចំណែកការអនុញ្ញតឲ្យសិស្សគ្រប់កម្រិតពីទី១ដល់ទី១២ចូលរៀនឡើងវិញ មានសម្រាប់តែខេត្តចំនួន៤ទេ គឺ ក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី។ នេះក៏ដោយសារតែខេត្តទាំង៤មានហានីភ័យឆ្លងជំងឺកូវីដ១៩ក្នុងកម្រិតទាប។ ក្រៅពីនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យលទ្ធភាពជាក់ស្តែងបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈតាមរាជធានី-ខេត្តផ្សេងទៀតតាមទ្រង់ទ្រាយតូច។
ក្រៅពីគ្រឹះស្ថានសិក្សារដ្ឋ គ្រឹះស្ថានសិក្សាឯកជនចំនួន៣០០កន្លែង ពីកម្រិតមត្តេយ្យដល់ឧត្តមសិក្សា នឹងបើកដំណើរការឡើងវិញ សម្រាប់ដំណាក់កាលទី២ នៅថ្ងៃចន្ទទី០៧កញ្ញាស្អែកនេះដែរ បន្ទាប់ពីក្រសួងអប់រំចុះពិនិត្យនិងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងសាលា អំពីការអនុវត្តវិធានការណ៍សុវត្ថិភាព។
សូមជម្រាបជូនថា ទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនដំណើរការឡើងវិញបាន ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំជាសំខាន់នោះគឺ ត្រូវរៀបចំតុកៅអីអង្គុយនៅក្នុងបន្ទប់រៀន ដោយត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងចំណុះសិស្សមិនឲ្យលើសពី២០នាក់ក្នុងមួយបន្ទប់។ ជាក់ស្ដែងវិទ្យាល័យបាក់ទូក ស្ថិតក្នុងខណ្ឌ៧មករា ដែលនឹងត្រៀមខ្លួនបើកទ្វារទទួលថ្នាក់ទី៩និងថ្នាក់ទី១២នៅចន្ទស្អែក គឺអនុញ្ញាតឲ្យសិស្សតែ២០នាក់ប៉ុណ្ណោះអង្គុយរៀនក្នុងមួយថ្នាក់ ដោយមានម៉ោងសិក្សាត្រឹម៣ម៉ោងក្នុង១សប្តាហ៍។ វិទ្យាល័យបាក់ទូកក៏បំពាក់នូវគ្រឿងឧបករណ៍ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ១៩ ដែលតម្រូវឱ្យមានច្រកចេញចូលតែមួយ ដោយមានការបាញ់អាល់កុលសម្លាប់មេរោគជាដើម។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាលោក រស់ សុវាចា រំពឹងថា ដំណើរការបើកសាលារៀនឡើងវិញនៅដំណាក់កាលទី២នឹងប្រព្រឹត្តទៅដោយរលូនដូចគ្នានឹងដំណាក់កាលទី១ដែរ។
គួររម្លឹកថា ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចផ្អាកដំណើរការសាលារៀនទាំងអស់នៅកម្ពុជា ចាប់តាំងពីថ្ងៃទី១៦ខែមីនា ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នៅក្នុងពេលបិទសាលារៀនកន្លងមកនេះ ក្រសួងអប់រំបានដាក់ចេញនូវយន្តការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអនឡាញជាច្រើនទម្រង់សម្រាប់សិស្សនិស្សិត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ