សមាជិកក្រុមយុវជនខ្មែរថាវរៈត្រូវអាជ្ញាធរចាប់ខ្លួនមួយថ្ងៃមុនគម្រោងធ្វើបាតុកម្ម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សមាជិកក្រុមយុវជនខ្មែរថាវរៈ លោក មាន ព្រហ្មមុនី ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួននៅរសៀលថ្ងៃអាទិត្យទី០៦កញ្ញានេះ។ នេះបើតាមការបញ្ជាក់ពីលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃអាទិត្យនេះ។ គួរជម្រាបថា ការចាប់ខ្លួននេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះមុនពេលក្រុមយុវជនខ្មែរថាវរៈ ត្រូវប្រមូលផ្ដុំធ្វើបាតុកម្មដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ នាថ្ងៃចន្ទទី០៧កញ្ញាស្អែក ដើម្បីទាមទាររកយុត្តិធម៌សង្គម។
យុវជន មាន ព្រហ្មមុនី ត្រូវបានអាជ្ញាធរចាប់ខ្លួនតាមដីកាតុលាការ ដែលចោទប្រកាន់យុវជនរូបនេះពីបទញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI ថា បន្ទាប់ពីចាប់ខ្លួន យុវជន មាន ព្រហ្មមុនី ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។
ជាការកត់សម្គាល់ លោក មាន ព្រហ្មមុនី គឺជាអនុប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្ត និងជាសមាជិកនៃក្រុមខ្មែរថាវរៈ។ ក្រុមខ្មែរថាវរៈ ដែលគ្រោងរៀបចំធ្វើបាតុកម្មដោយសន្តិវិធីរយៈពេល៩ថ្ងៃនៅទីលានប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី១៥ខែកញ្ញា។ កម្មវត្ថុនៃបាតុកម្មនេះត្រូវបានក្រុមខ្មែរថាវរៈបញ្ជាក់ថា ធ្វើឡើងដើម្បីទាមទាររកយុត្តិធម៌សង្គម។
គេនៅមិនទាន់ដឹងថា គម្រោងធ្វើបាតុកម្មរបស់ក្រុមយុវជនខ្មែរថាវរៈនេះ នឹងត្រូវផ្អាកឬផ្លាស់ប្ដូរឬយ៉ាងណានៅឡើយទេ បន្ទាប់ពីការចាប់ខ្លួនសមាជិកក្រុមរបស់ខ្លួន។ ប៉ុន្តែតាមរយៈលិខិតមួយចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យទី០៦កញ្ញានេះ ក្រុមយុវជនខ្មែរថាវរៈ បានបង្ហាញជំហររៀបចំគម្រោងធ្វើបាតុកម្មដោយសន្តិវិធី នៅទីលានប្រជាធិបតេយ្យដដែល បើទោះបីជាបាតុកម្មនេះមិនទទួលបានការអនុញ្ញាតពីអាជ្ញាធរក្រុងភ្នំពេញក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ