កម្ពុជា-សង្គម

ប្រតិកម្មជាតិ និងអន្តរជាតិធ្លាក់មកជាបន្តបន្ទាប់ជុំវិញការចាប់ខ្លួន និងឃុំខ្លួនសកម្មជនការពារបរិស្ថាន៣រូបនៅកម្ពុជា

យុវជនបរិស្ថាន៣នាក់ ដែលត្រូវបានឃាត់ខ្លួន
យុវជនបរិស្ថាន៣នាក់ ដែលត្រូវបានឃាត់ខ្លួន © សហការី

បន្ទាប់​ពី​យុវជន​ការពារ​បរិស្ថាន​៣​នាក់​ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ និង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃសរ​កាល​ពី​ថ្ងៃ​អាទិត្យ​ ប្រតិកម្ម​នានា​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​ពី​សំណាក់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​។ ខ្លះ​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន និង​ឃុំខ្លួន​នេះ ​ខ្លះទៀត​ថា​ ការ​តវ៉ា​មិនមែន​ជា​បទល្មើស​ និង​ថា​ នឹង​បន្ត​តាមដាន​ឃ្លាំមើល​បញ្ហានេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។

ផ្សាយពាណិជ្ជកម្ម

អង្គការលីកាដូដែលជាអង្គការការពារសិទ្ធិមនុស្សធំមួយនៅកម្ពុជាមិនបានបញ្ចេញទស្សនៈយល់ឃើញបែបណាឡើយចំពោះការចាប់ខ្លួន និង ការឃុំខ្លួនសកម្មជនការពារបរិស្ថានទាំង៣នាក់នេះ។ ប៉ុន្តែអង្គការនេះបានកត់សម្គាល់ថា ការចាប់ខ្លួន និងឃុំខ្លួនពូកគេ គឺពាក់ព័ន្ធទៅ​នឹងសកម្មភាព​អហិង្សា​របស់អ្នកទាំង៣ក្នុងការ​អំពាវនាវ​ឱ្យរាជរដ្ឋាភិបាល​យកចិត្តទុកដាក់​អំពីការលុបបឹងតាមោក​ នៅភាគខាងជើង​នៃរាជធានីភ្នំពេញ​ ។

សកម្មជនការពារបរិស្ថានទាំង៣នាក់នេះ រួមមាន លោក ថុន រដ្ឋា​ អាយុ ២៨ឆ្នាំ ​កញ្ញា ឡុង គន្ធា ​អាយុ ២២ឆ្នាំ ​និងកញ្ញា ភួន កែវរស្មី ​អាយុ​ ១៩ឆ្នាំ ​ហើយពួកគេ គឺជាសមាជិក​ចលនាមាតា​ធម្មជាតិកម្ពុជា។ អ្នកទាំង៣ត្រូវបានតុលាការចោទប្រកាន់ដូចគ្នាពីបទ“ញុះញង់​បង្កឱ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម​” និងបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារព្រៃសរ។

ចំពោះបញ្ហានេះ លោកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអះអាងថា ការបន្តបង្ក្រាប​ ចាប់ខ្លួន​ និងចោទប្រកាន់ជាបន្តបន្ទាប់​ លើអ្នកការពារសិទ្ធិមនុស្ស​ សកម្មជនបរិស្ថាន​ និងពលរដ្ឋដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពស្របច្បាប់របស់ពួកគេ​ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនិងច្បាប់សិទ្ធិមនុស្សអន្តរជាតិ​ គឺជាការបង្ហាញនូវការបំពានសិទ្ធិមនុស្សទាំងស្រុង។​ តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ លោកស្រីចក់ សុភាព គូសបញ្ជាក់ថា ការប្តេជ្ញាចំពោះការគោរពសិទ្ធិមនុស្សនៅកម្ពុជានឹងមិនអាចសម្រេចបាននោះទេ​ ដរាបណានៅតែមានការរំលោភបំពានលើសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ។​

ចំណែក លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកលើអ្នកការពារសិទ្ធិមនុស្សវិញតាមរយៈបណ្តាញសង្គមTwitter បានចាត់ទុកថា ការតវ៉ាដោយសន្តិវិធីមិនមែនជាបទល្មើសនោះទេ។ លោកស្រីកំពុងតាមដានស្ថានភាពនៃចាប់ខ្លួនសកម្មជនការពារបរិស្ថាននៅកម្ពុជានេះ។ ដោយឡែក ស្ថានទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជាតាមរយៈបណ្តាញសង្គមTwitterដូចគ្នា បានសម្តែងការនូវព្រួយបារម្ភការចាប់ខ្លួន និងចោទប្រកាន់សកម្មជនការពារបរិស្ថានទាំង៣នាក់នេះ។ ស្ថានទូតស៊ុយអ៊ែតបានអះអាងថា ខ្លួនកំពុងស្វែងយល់អំពីការចាប់ខ្លួនអ្នកអនុវត្តសេរីភាពបញ្ចេញមតិ និងការប្រមូលផ្តុំនេះ ហើយស៊ុយអ៊ែតនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ដោយផ្អែកតាមគោលការណ៍ និងបទដ្ឋានសិទ្ធិមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI