កម្ពុជា-សង្គម

ការធ្វើបាតុកម្មដោះលែង លោក រ៉ុង ឈុន នាំឲ្យសកម្មជន៣នាក់បន្ថែមទៀតត្រូវបានចាប់ខ្លួន

យុវជនដែលត្រូវបានចាប់ខ្លួន
យុវជនដែលត្រូវបានចាប់ខ្លួន © FB

ដូចការគ្រោងទុក សកម្មជន​សង្គម​រាប់សិបនាក់​បាននាំគ្នាដើរទៅកាន់ទីលានប្រជាធិបតេយ្យ​បំណង​ធ្វើ​បាតុកម្ម​រយៈពេលជាងមួយ​សប្តាហ៍ដើម្បីរកយុត្តិធម៌ជូន លោក រ៉ុង ឈុន និងសកម្មជនព្រំដែន​ផ្សេងទៀត​។ ប៉ុន្តែការធ្វើបាតុកម្មនេះមិនបានជោគជ័យទេ ដោយសារ​ក្រុម​សមត្ថកិច្ចរាំង​ខ្ទប់មិនឲ្យទៅក្បែរ​ទីលាន​ប្រជាធិតេយ្យបានឡើយ។ ជាមួយគ្នានោះ ក៏មានយុវជនម្នាក់ទៀត ត្រូវបានចាប់ខ្លួននៅព្រឹកនេះ ​ខណៈសកម្មជនពីរនាក់ត្រូវបានចាប់ខ្លួនម្សិលមិញ។

ផ្សាយពាណិជ្ជកម្ម

យុវជនម្នាក់ទៀត ដែលត្រូវបានចាប់ខ្លួន មុនពេលទៅដល់គោលដៅនៃការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យនោះ គឺ ឈ្មោះ ថា ឡាវី។ នេះបើតាមការបញ្ជាក់របស់សកម្មជនសង្គមដែលប៉ុនប៉ងទៅធ្វើបាតុកម្ម​នៅទីលានប្រជាធិបតេយ្យ តែត្រូវបានអាជ្ញាធររាំងខ្ទប់នៅក្បែរចិញ្ចើញ​ផ្លូវជាតិលេខ៥​ មុនពេលទៅដល់ទីលានប្រជាធិបតេយ្យនៅខណ្ឌឬស្សីកែវ។

សូមរំឭកជូនថា យុវជន ថា ឡាវី ដែលបានចុះហត្ថលេខាលើ​លិខិតមួយ​ប្រកាសជំហធ្វើបាតុកម្មនេះក៏ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនម្តងហើយ តែដោះលែងវិញ ​កាលពីពាក់កណ្តាលខែសីហា ខណៈរូបគេចូលរួមទាមទារតវ៉ាឲ្យដោះលែង លោក រ៉ុង​ ឈុន។

មួយថ្ងៃមុនបាតុកម្ម​មកដល់ ពោលនៅថ្ងៃ៦កញ្ញា មានមនុស្សពីរត្រូវបានចាប់ខ្លួន គឺលោក មាន ព្រហ្មមុនី ​និងព្រះសង្ឃ កើត សារាយ​ ជាសមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ ដែលជាអ្នកប្រកាសរៀបចំបាតុកម្មនេះ។

សូមជម្រាបថា ក្រុមយុវជនដែលហៅខ្លួនឯងថា«ពលរដ្ឋសកម្ម ដើម្បី​យុត្តិធម៌» បានប្រកាសជំហធ្វើ​បាតុកម្ម​រយៈ​ពេលជាង​មួយ​សប្តាហ៍​ចាប់ពីថ្ងៃទី៧កញ្ញាតទៅ ដើម្បី​រកយុត្តិធម៌ជូន លោក រ៉ុង​ ឈុន និង​សកម្មជន៤នាក់ទៀត​ដែល​ត្រូវបានចាប់ខ្លួន​ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរឿងព្រំដែន។

ប៉ុន្តែសាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យធ្វើ​បាតុកម្មនៅទីលាន​ប្រជាធិបតេយ្យនោះទេ ដោយសារ​អ្នករៀបចំ កៀងគរមនុស្សឲ្យចូលរួមលើសពីអ្វីដែល​បាន​ព្រម​ព្រៀង​គ្នា ជាមួយអាជ្ញាធរដែលកំណត់ត្រឹមចំនួន២០០នាក់។

ជាតុល្យការ មកទល់ពេលនេះ មានសកម្មជនសង្គមជិត១០នាក់ហើយ​ដែលត្រូវបាន​ចាប់ខ្លួនជា​បន្ត​បន្ទាប់​ ខណៈពួកគេតវ៉ាទាមទារឲ្យដោះលែង លោក រ៉ុង​ ឈុន។ សកម្មជនទាំងនោះ រួមមាន កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ កញ្ញា ស កន្និកា លោក មាន ព្រហ្មមុនី លោក ថា ឡាវី ព្រះតេជគុណ កើត សារាយ ជាសមាជិកនៃ​​ក្រុម​ខ្មែរ​ថាវរៈ​ និង​លោក សួង សោភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះជាដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI