សាលារៀនមួយចំនួនបើកដំណើរការឡើងវិញ បន្ទាប់ពីបិទទ្វារអស់រយៈពេល៦ខែ
ចុះផ្សាយនៅថ្ងៃ៖
បន្ទាប់ពីបានបិទសាលារៀនអស់រយៈពេលជាង៦ខែ ដោយសារតែការរីករាលដាលជំងឺកូវីដ១៩ នៅថ្ងៃចន្ទ ទី៧ ខែកញ្ញានេះ កម្ពុជាបានបើកឲ្យសាលារៀនទាំងរដ្ឋ និងឯកជនដំណើរការឡើងវិញក្នុងដំណាក់កាលទី២។ អ្នកនាំពាក្យថាការបើកដំណើរសាលារៀនឡើងវិញនាព្រឹកនេះ ធ្វើឡើងដោយរលូន និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
នៅម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី៧ ខែកញ្ញានេះ សាលារៀននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តបានរៀបចំបើកដំណើរការឡើងវិញ។ នៅតាមច្រកទ្វារសាលារៀនខ្លះមានបំពាក់ដោយម៉ាស៊ីនបាញ់អាលកុល ឬតម្រូវឲ្យលាងសម្អាតដៃកម្ចាត់មេរោគ វាស់កម្តៅ វាយត្រាសម្គាល់ ពាក់ម៉ាស់ ឬរបាំងមុខ មុននឹងត្រូវបានអនុញ្ញាឲ្យឈានចូលទៅក្នុងថ្នាក់រៀន។ ចំណែកក្នុងបន្ទប់រៀនវិញ កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី០៧ ខែកញ្ញានេះថា ជាទូទៅការបើកដំណើរការសាលារៀនឡើងវិញនៅក្នុងដំណាក់កាលទី២នេះ កំពុងប្រព្រឹត្តិទៅដោយរលូន ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ជាក់ស្តែង មាតាបិតា អាណាព្យាបាលសិស្ស បានរៀបចំចំណីអាហារឲ្យកូនយកតាមខ្លួន ហើយគណៈគ្រប់គ្រងសាលាបានអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល។
អ្នកនាំពាក្យក្រសួងអប់រំ បានបន្ថែមថា ការបើកដំណើរឡើងវិញនៃគ្រឹះស្ថានអប់រំនាពេលនេះ គឺអាស្រ័យទៅលើការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ហើយក្រសួងអប់រំ យុវជន និងកីឡា កំពុងបន្តសហការជាមួយក្រសួងសុខាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងស្ថាប័ននានា ដើម្បីបន្តវាយការតម្លៃពាក់ព័ន្ធទៅនឹងកត្តាសុខមាលភាព សង្គម និងសេដ្ឋកិច្ចផងដែរ។
ការបើកទ្វាសាលារៀនឡើងវិញ នៃគ្រឹះស្ថានសិក្សារដ្ឋនាពេលនេះ គឺអនុវត្តសម្រាប់តែថ្នាក់ទី៩ និងទី១២ប៉ុណ្ណោះ ដោយឡែកសម្រាប់ខេត្តចំនួន៤ទៀតរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលមានអត្រាឆ្លងកូវីដ-១៩ កម្រិតទាប ក្រសួងបានអនុញ្ញាតឱ្យបើកដំណើរការគ្រប់កម្រិតសិក្សាតាំងពីថ្នាក់១ ដល់ទី១២។ ដោយឡែកចំពោះគ្រឹះស្ថានសិក្សាឯកជនចំនួន៣០០កន្លែង ពីកម្រិតមត្តេយ្យដល់ឧត្តមសិក្សា ក៏បានបើកដំណើរការឡើងវិញផងដែរ។ ក្រៅពីនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យលទ្ធភាពជាក់ស្តែងបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈតាមរាជធានី ខេត្តផ្សេងទៀតតាមទ្រង់ទ្រាយតូច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ