កម្ពុជា-សង្គម

សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលបង្ហាញតម្លាភាពក្នុងការដោះដូរទីតាំងតុលាការទៅជាយក្រុង

សាលាដំបូងរាជធានីភ្នំពេញ
សាលាដំបូងរាជធានីភ្នំពេញ © PPCFI

មន្ត្រី​អង្គការ​សង្គមស៊ីវិល​លើក​ឡើង​ថា​ រដ្ឋាភិបាល​គួរ​បង្ហាញ​តម្លាភាព​ក្នុង​ការ​ដោះដូរ​ទីតាំង​សាលា​ដំបូង​រាជធានីភ្នំពេញ​ទៅ​នៅ​ជាយក្រុង​ ដោយ​ប្រគល់​ទីតាំង​នៅមុខ​ស្តាត​អូឡាំពិក​ឲ្យ​ក្រុមហ៊ុន​ ខណៈ​សាលាឧទ្ធរណ៍​ក៏​ត្រូវ​ប្តូរ​ទៅ​ទីតាំង​ថ្មី​ដែរ​។ មួយផ្នែក​នៃ​សេចក្ដី​សម្រេច​ចិត្ត​ដោះដូរ​ទីតាំង​នេះ​ សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ រដ្ឋាភិបាល​កំពុង​ដើរ​ផ្ទុយ​ពី​គោល​នយោបាយ​របស់​ខ្លួនឯង​ ក្នុង​ការ​បង្ខិត​សេវា​សាធារណៈ​ឲ្យ​មក​ក្បែរ​ប្រជាពលរដ្ឋ​។

ផ្សាយពាណិជ្ជកម្ម

ការដោះដូរទីតាំងរបស់សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីសង្កាត់វាលវង់ ខណ្ឌ៧មករា ទៅកាន់តំបន់អភិវឌ្ឍOCIC សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺរដ្ឋផ្តល់ថវិការដ្ឋ៣លានដុល្លារថែមទៀតឲ្យក្រុមហ៊ុនសម្រាប់ចំណាយលើការបំពាក់សម្ភារៈនិងគ្រឿងសង្ហារឹម។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី៣១សីហាឆ្នាំ២០២០។ ជាមួយគ្នានោះ សាលាឧទ្ធរណ៍ដែលនៅជាប់នឹងក្រសួងយុត្តិធម៌ជិតព្រះបរមរាជវាំងក៏ត្រូវប្តូរទៅទីតាំងថ្មីនៅសង្កាត់​ជ្រោយ​ចង្វារដែរ តែទីតាំងចាស់ត្រូវប្រគល់ឲ្យក្រសួងយុត្តិធម៌។

ដើម្បីធានាដល់ដំណើរការនៃការសាងសង់អគារសាលាយុត្តិធម៌ថ្មីនេះទីស្ដីការគណៈរដ្ឋមន្ត្រីផ្ទេរកម្មសិទ្ធិទីតាំងដីសាលាដំបូងរាជធានីភ្នំពេញជូនក្រុមហ៊ុនមុនការសាងសង់ ដោយពន្ធប្រថាប់ត្រាជាបន្ទុករបស់រដ្ឋ។ អគារសាលាយុត្តិធម៌ថ្មីនេះ មានមួយកម្ពស់៧ជាន់ នៅលើផ្ទៃដី១៩ ៩៤៩ម៉ែត្រក្រឡា សម្រាប់ប្រើប្រាស់ធ្វើជាអគារសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សាងសងឡើងដោយក្រុមហ៊ុន លី ឈួង។

សម្រាប់លោក សឹង សែន ករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលើកឡើងថា គ្មាននរណាជំទាស់នឹងការដោះទីតាំងរដ្ឋដើម្បីដើរទាន់សភាពការណ៍សង្គម​នោះទេ តែអ្វីដែលចាំបាច់និងសំខាន់នោះរដ្ឋត្រូវបង្ហាញឲ្យសាធារណៈជនបានដឹងអំពីតម្លាភាព និងគណនេយ្យភាព​ទាក់ទងនឹងទំហំចំណាយ និងចំណូលពីការដោះដូរនោះ។ បើតាមលោក សឹង សែនករុណ បើគ្មានការបង្ហាញអំពីតម្លាភាពឲ្យបានច្បាស់លាស់ក្នុងការដោះដូរទីតាំងអគាររដ្ឋទេ គឺចៀសមិនផុតឡើយពីមន្ទិលសង្ស័យនៃអំពើពុករលួយ។

សូមជម្រាបជូនថា ការដោះដូរទីតាំងរដ្ឋមិនមែន ទើបតែផ្ដើមចេញពីសាលាដំបូងរាជធានីភ្នំពេញឡើយ។ កន្លងមកក៏មានព័ត៌មានស្ដីពីការប្ដូរទីតាំងអគាររដ្ឋនៅក្នុងក្រុងទៅជាយក្រុងដោយរួមមាន៖សាលារចនា ក្រសួងវប្បធម៌ អគ្គស្នងការនគរបាលជាតិជាដើម។ នេះគេនៅមិនទាន់រាប់បញ្ចូលការដោះដូរអគាររដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនផង។

លោក សឹង សែនករុណា យល់ថា មួយផ្នែកនៃការដោះដូរអគារដ្ឋទៅនៅជាយក្រុង ហាក់ដូចជាកំពុងដើរផ្ទុយពីគោលនយោបាយបង្ខិតសេវាសាធារណៈមកជិតប្រជាពលរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI