កម្ពុជា-សង្គម

អ្នកចម្រៀងរ៉េបម្នាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីចេញបទ«ដីខ្មែរ» ទាក់ទងរឿងព្រំដែន

យុវជន គា សុ​គុណ ម្ចាស់បទចម្រៀងរ៉េប ដីខ្មែរ ដែលសមត្ថកិច្ចឃាត់ខ្លួន
យុវជន គា សុ​គុណ ម្ចាស់បទចម្រៀងរ៉េប ដីខ្មែរ ដែលសមត្ថកិច្ចឃាត់ខ្លួន © FB

ម្ចាស់​បទ​ចម្រៀង​រ៉េ​ប «ដីខ្មែរ» ដែលមានអត្ថន័យទាក់ទងនឹងរឿង​ព្រំដែន ត្រូវបាន​តុលាការ​ខេត្ត​សៀមរាប​សម្រេច​ឃុំ​ខ្លួន​ក្រោម​បទ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» បន្ទាប់ពីបានចាប់ខ្លួនកាលពីចុងសប្តាហ៍មុន។ សំណុំរឿងព្រំដែន​នេះដែលមានសកម្មជនខ្មែរយ៉ាងតិច១០​នាក់​ហើយ​ត្រូវបាន​ចាប់​ឃុំ​ខ្លួន​ជាបន្តបន្ទាប់​ក្រោយពីការចាប់ខ្លួន​លោក រ៉ុង ឈុន។

ផ្សាយពាណិជ្ជកម្ម

​យុវជន គា សុ​គុណ គឺម្ចាស់​បទ​ចម្រៀង​រ៉េ​ប«ដីខ្មែរ» ត្រូវបានបុរស៥នាក់​សម្លៀកបំពាក់​ស៊ីវិល​ហៅចេញពីផ្ទះ​ក្នុង​ខេត្ត​សៀមរាប​កាលពី​ថ្ងៃទី៤ ខែកញ្ញា ដោយ​សន្យា​ផ្ដល់​ប្រាក់៤០០ដុល្លារ​ក្នុង​មួយថ្ងៃ។ ប៉ុន្តែមិនដូចអ្វីដែលបានសន្យាឡើយ គឺបុរសស្លៀកពាក់ស៊ីវិលទាំងនោះ គឺជាសមត្ថកិច្ច​ដែលចូលមកនាំ​ខ្លួន​រូប​គេ​ទៅ​កាន់​ស្នងការនគរបាលខេត្ត​ដើម្បីសួរនាំរឿង​ចេញ​បទ​ចម្រៀង​ដ៏រសើបមួយនេះ។ នេះបើតាមក្រុមគ្រួសារយុវជនអាយុ២២ឆ្នាំរូបនេះ។

ម្ចាស់​បទ​ចម្រៀង​រ៉េ​បខ្មែររូបនេះ បានចេញបទចម្រៀង​ជាច្រើនមកហើយ​ដោយ​ផ្សាយតាមបណ្តាញ​សង្គម​យូធូបដែលធ្វើឲ្យរូបល្បីល្បាញក្នុងឆ្នាំ២០២០នេះ។ បទ​ចម្រៀង​ចុងក្រោយ​ដែល​យុវជនរូបនេះ​តាក់​តែង​ឡើងគឺបទ«ដីខ្មែរ»ដែលមានអត្ថន័យទាក់ទងនឹងរឿង​ព្រំដែន។

បទ​ចម្រៀង​រ៉េ​ប «ដីខ្មែរ» នេះ​មាន​រយៈពេល៣នាទី និង២៦វិនាទី ត្រូវ​បាន​បង្ហោះ​ចូល​យូ​ធូប​ឈ្មោះ KEA SOKUN កាលពី​ថ្ងៃទី២៦ ខែមេសា​ឆ្នាំ២០២០ ដែលមាន​អ្នក​ចូល​ទស្សនា​ជាង៣០ម៉ឺន​ដង។ បើតាក្រុមគ្រួសារគាត់ យុវជន គា សុ​គុណ បាន​ឈប់​រៀន​តាំងពី​ថ្នាក់​ទី៩ ហើយចាប់​ផ្ដើម​និពន្ធ​បទចម្រៀង​​និង​ច្រៀងខ្លួន​បង្ហោះ​តាម​យូ​ធូប​ដើម្បីរកប្រាក់ចំណូល។

គួរជម្រាបជូនថា សំណុំរឿងព្រំដែននេះ តាំងពីក្រោយចាប់​ខ្លួន​លោក រ៉ុង ឈុន មក គឺមានយុវជនដែលជាសកម្ម​ជន​សង្គម​យ៉ាងហោចណាស់៩នាក់ផ្សេងទៀត​ត្រូវបាន​ចាប់ឃុំ​ខ្លួនជាបន្តបន្ទាប់ ខណៈពួកគេ​ធ្វើការតវ៉ា​ទាមទារឲ្យ​ដោះលែង លោក រ៉ុង​ ឈុន។ សកម្មជនទាំងនោះរួមមាន៖ លោក សួង សោភ័ណ្ឌ ប្រធានគណបក្សខ្មែរ​ឈ្នះ កញ្ញា ឈឿន ដារ៉ាវី លោក មាន ព្រហ្មមុនី លោក ហ៊ុន វណ្ណៈ កញ្ញា ស កន្និកា លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ ព្រះតេជគុណ កើត សារាយ ជាសមាជិកនៃ​​ក្រុម​ខ្មែរ​ថាវរៈ​ និងលោក គា សុ​គុណ ម្ចាស់​បទ​ចម្រៀង​រ៉េ​ប«ដីខ្មែរ»

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI