អតីតបក្សប្រឆាំងជំរុញក្រសួងការបរទេសឱ្យធ្វើកំណត់ទូតទៅវៀតណាមឱ្យបានលឿនរឿងសង់សំណង់រឹងតាមព្រំដែន
ចុះផ្សាយនៅថ្ងៃ៖
អាជ្ញាធរខេត្តកណ្តាលបានអះអាងឱ្យដឹងថា ទាហានវៀតណាមបានសាងសង់សំណង់រឹងមាំចំនួន២បន្ថែមទៀតហើយនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមនៅក្នុងខេត្តកណ្តាល។ នេះធ្វើឱ្យការផ្លាស់ប្តូរពីតង់ចាស់ទៅជាសំណង់រឹងមាំរបស់ទាហានវៀតណាមបានកើនឡើងដល់៦ទីតាំងហើយ។ គណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជា និងក្រសួងការបរទេសមិនទាន់មានចំណាត់ការជាក់លាក់ណាមួយនៅឡើយទេ។ ប៉ុន្តែ អតីតបក្សប្រឆាំងវិញបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហានេះ ហើយជំរុញឱ្យក្រសួងការបរទេសកម្ពុជាឆាប់ធ្វើកំណត់ទូតទៅកាន់រដ្ឋាភិបាលវៀតណាមឱ្យបានលឿន។
លោកអ៊ុំ សំអាន ប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍នៃអតីតគណបក្សសង្រ្គោះជាតិបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះថា រដ្ឋាភិបាលកម្ពុជា ពិសេស ក្រសួងការបរទេសមិនអាចបណ្តែតបណ្តោយបានទៀតនោះទេ ពោល គឺត្រូវធ្វើកំណត់ទូតឱ្យបានឆាប់បំផុតទៅកាន់រដ្ឋាភិបាលវៀតណាម ដើម្បីទាមទារឱ្យបញ្ឈប់ការសាងសង់សំណង់រឹងមាំបន្ថែមនៅតាមបណ្តោយព្រំដែននៅក្នុងខេត្តកណ្តាល។ ការជំរុញរបស់អតីតបក្សប្រឆាំងនេះធ្វើឡើងបន្ទាប់ពីទាហានវៀតណាមបានសាងសង់សំណង់រឹងមាំចំនួន២បន្ថែមទៀតដែលកើនដល់៦ទីតាំងដោយមិនខ្វល់ពីការស្នើសុំឱ្យបញ្ឈប់ពីភាគីកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិយ៉ាងខ្លីថា ក្រសួងនៅមិនទាន់ធ្វើកំណត់ទូតទៅរដ្ឋាភិបាលវៀតណាមនៅឡើយទេចំពោះបញ្ហានេះ។ ប្រាប់តែប៉ុណ្ណេះ លោកកុយ គួងមិនបានបង្ហាញពីហេតុផលបន្ថែមនោះទេ។ សូមបញ្ជាក់ថា ទាហានវៀតណាមបានចាប់ផ្តើមផ្លាស់ប្តូរតង់ចាស់ផ្លាស់មកជាសំណង់រឹងមាំនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តកណ្តាលកាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅ។ ភាគីកម្ពុជាបានស្នើសុំឱ្យទាហានវៀតណាមបញ្ឈប់ការសាងសង់នេះដែរ តែទាហានវៀតណាមមិនព្រម ហើយថែមប្រាប់មកភាគីកម្ពុជាវិញ ទៀតថា គេគ្រោងនឹងសាងសង់ឱ្យបាន១០ទីតាំងតាមបញ្ជាថ្នាក់លើរបស់គេ។
សម្រាប់លោកអ៊ុំ សំអាន ប្រសិនបើវៀតណាមនៅតែបន្តសាងសង់សំណង់រឹងមាំដែលមើលទៅមានទ្រង់ទ្រាយដូចប៉ុស្តិ៍នគរបាលនេះបន្ថែមទៀត ហើយក្រសួងការបរទេសកម្ពុជាមិនទាន់មានចំណាត់ការនោះ គឺគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជាគួរធ្វើសកម្មភាពហើយ។ លោកអ៊ុំ សំអាន ចង់ឱ្យគណៈកម្មការធិការកិច្ចការចម្រុះព្រំដែនកម្ពុជាចុះទៅត្រួតពិនិត្យតំបន់ដែលទាហានវៀតណាមសាងសង់សំណង់រឹងមាំនេះ ដើម្បីបញ្ជាក់ឱ្យបានច្បាស់ថា ការសាងសង់សំណង់រឹងមាំរបស់វៀតណាមនេះ គឺនៅលើទឹកដីវៀតណាម ឫលើទឹកដីកម្ពុជាឱ្យប្រាកដ។ បើសិននៅលើទឹកកម្ពុជា លោកអ៊ុំ សំអាន ជំរុញឱ្យរដ្ឋាភិបាលប្រើប្រាស់យន្តការតុលាការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហានេះដូចដែលកម្ពុជាធ្លាប់ធ្វើជាមួយប្រទេសថៃ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ