អានតួអត្ថបទ
កម្ពុជា-ប្រវត្តិសាស្រ្ត

«ខុសឆ្ងាយពីក្តីរំពឹង» ពិព័ណ៌មិនអចិន្ត្រៃយ៍បង្ហាញពីជីវីតជនរងគ្រោះក្នុងរបបខ្មែរក្រហមលោក ខៀវ សាគួ

ពិព័រណ៍មិនអចិន្រ្តៃយ៍ ក្រោមប្រធានបទ ស្តីពី «ខុសឆ្ងាយពីក្តីរំពឹង
ពិព័រណ៍មិនអចិន្រ្តៃយ៍ ក្រោមប្រធានបទ ស្តីពី «ខុសឆ្ងាយពីក្តីរំពឹង © FB
ដោយ៖ វ៉ា សំណព្វ
១៦ នាទី

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៩​ កញ្ញា​នេះ​ បាន​បើក​សម្ពោធ​ពិព័រណ៍​មិន​អចិន្រ្តៃយ៍​ ក្រោម​ប្រធានបទ​ ស្តីពី​ «ខុសឆ្ងាយពីក្តីរំពឹង»។ ពិព័រណ៍​មិន​អចិន្ត្រៃយ៍​នេះ​ រៀបចំ​ឡើង​ក្នុង​បំណង​ដើម្បី​ឧទិ្ទស​ដល់​ដួង​ព្រលឹង​របស់​លោក ខៀវ សាគួ និង​និស្សិត​បញ្ញវ័ន្ត​ខ្មែរ​ដែល​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់​ ព្រម​ទាំង​ចែក​រំលែក​ប្រវិត្តសាស្ត្រ​ដល់​ក្មេង​ជំនាន់ក្រោយ​ឲ្យ​បាន​សិក្សា​ស្វែងយល់​ និង​ ស្រាវជ្រាវ​បន្ថែម​ពី​សម័យ​ខ្មែរ​ក្រហម​។

ផ្សាយពាណិជ្ជកម្ម

ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ ត្រូវបានរៀបចំឡើងនៅក្នុងអគារ A ជាន់ទី៣នៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ចាប់ពីថ្ងៃនេះតទៅ ដើម្បីជាការឧទ្ទិសដល់ដួងព្រលឹងរបស់លោក ខៀវ សាគួ និងនិស្សិតបញ្ញវ័ន្តខ្មែរដែលត្រូវបានពួកខ្មែរក្រហមសម្លាប់ចន្លោះពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។

លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបានថ្លែងថា ក្រៅពីឧទិ្ទសដល់ដួងព្រលឹងរបស់លោក ខៀវ សាគួ និងនិស្សិតបញ្ញវ័ន្តខ្មែរដែលត្រូវខ្មែរក្រហមសម្លាប់ហើយនោះ ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ ក៏ធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញពីគោលនយោបាយនិងការឃោសនាអូសទាញរបស់ពួកខ្មែរក្រហម និងជម្រុញលើកទឹកចិត្តចំពោះសាធារណជនឲ្យចូលរួមចំណែកក្នុងការផ្តល់ព័ត៌មាន រូបថត និងឯកសារភស្តុតាងនានា ដែលទាក់ទងនឹងខ្មែរក្រហម។ ពិព័រណ៍នេះ ក៏ដើម្បីចែករំលែកប្រវត្តិសាស្ត្រដល់ក្មេងជំនាន់ក្រោយឲ្យបានសិក្សាស្វែងយល់ និងស្រាវជ្រាវបន្ថែម ពីសម័យខ្មែរក្រហមផងដែរ។

គួរជំរាបជូនថា លោក ខៀវ សាគួ គឺជាអតីតនិស្សិតខ្មែររៀននៅប្រទេសជប៉ុនចន្លោះពីឆ្នាំ១៩៦៨ដល់ឆ្នាំ១៩៧៦។ លោកកើតនៅថ្ងៃទី ៦ មករា ឆ្នាំ ១៩៤៥ នៅឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ នាចុងឆ្នាំ១៩៧៦ លោក ខៀវ សាគួ បានសម្រេចចិត្តត្រលប់មកកម្ពុជាវិញតាមការឃោសនារបស់ពួកខ្មែរក្រហម។ ដោយសារចិត្តចង់មកជួយអភិវឌ្ឍប្រទេសកម្ពុជាវិញ និស្សិតខ្មែរដែលបញ្ចប់ការសិក្សាផ្នែកបរិញ្ញាប័ត្រសេដ្ឋកិច្ចរូបនេះ បានសម្រេចវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ នាខែវិច្ឆិកា ឆ្នាំ ១៩៧៦ ប៉ុន្តែខុសឆ្ងាយពីក្តីរំពឹង លោក ខៀវ សាគួ រួមជាមួយនឹងនិស្សិតខ្មែរសិក្សានៅប្រទេសជប៉ុនម្នាក់ទៀត ក៏ត្រូវបានពួកខ្មែរក្រហមចាប់បញ្ជូនមកឃុំខ្លួននៅគុកទួលស្លែង ឬ ស-21 នាថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ១៩៧៦ ហើយលោកក៏ត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៧៧។

បើតាមលោក ហង្ស និស្ស័យ ពិព័រណ៍មិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ ស្តីពី «ខុសឆ្ងាយពីក្តីរំពឹង» នេះ បានរៀបរាប់យ៉ាងពិស្តារពីដំណើរជីវិតរបស់លោក ខៀវ សាគួ ជីវិតនៅក្នុងប្រទេសជប៉ុន ការសម្រេចចិត្តដ៏លំបាក ការឃោសនារបស់មេដឹកនាំខ្មែរក្រហម ស្ថានភាពនៅមន្ទីរស-21 ចម្លើយសារភាព និងជីវប្រវត្តរបស់លោក ឡោ ស្រេង និស្សិតខ្មែរសិក្សានៅប្រទេសជប៉ុនម្នាក់ទៀត ដែលត្រូវបានឃុំខ្លួននៅក្នុងគុកទួលស្លែងចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី ២០ខែកុម្ភៈ ឆ្នាំ ១៩៧៧។ ពិព័រណ៌មិនអចិន្ត្រៃយ៍នេះ បើកអោយសាធារណៈជនទូទៅបានចូលទស្សនា ប៉ុន្តែត្រូវភ្ជាប់ជាមួយនឹងវិធានការការពារជំងឺកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ