អ្នកធ្វើការសង្គមថា មួយផ្នែករឹតបន្តឹងការនាំចូលស្រានិងបារីកាត់បន្ថយអត្រាអ្នកប្រើប្រាស់និងស្លាប់
ចុះផ្សាយនៅថ្ងៃ៖
ចាប់ពីថ្ងៃទី១វិច្ឆិកាទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផ្ដើមរឹតបន្តឹងលើមុខទំនិញស្រា និងបារី ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្រកៀរគរចំណូលពន្ធរបស់រដ្ឋាភិបាលរយៈពេល៥ឆ្នាំ២០១៩ដល់២០២៣។ មួយផ្នែកនៃវិធានការរឹតបន្តឹងការនាំចូលស្រា និងបារីនេះ បានរួមចំណែកកាត់បន្ថយអត្រាអ្នកប្រើប្រាស់ និងស្លាប់ដែលបណ្ដាលមកពីមុខទំនិញទាំងពីរនេះ។
ក្រៅតែរួមចំណែកកៀរគរចំណូលពន្ធចូលរដ្ឋ វិធានការរឹតបន្តឹងការនាំចូលស្រា និងបារីរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏រួមចំណែកទប់ស្កាត់អំពើរត់ពន្ធដែរ។ ក្នុងនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច បានកំណត់ឲ្យនាំចូលមុខទំនិញស្រាដែលមានជាតិអាកុលលើសពី១០ភាគរយ និងបារីគ្រប់ប្រភេទចូលតាមច្រកកំពង់ផែអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិប៉ុណ្ណោះ ហើយ ការ នាំចូលទំនិញពីរប្រភេទនេះ តាមច្រកព្រំដែនផ្សេងទៀតត្រូវមានការអនុញ្ញាត្តជាមុន ពីអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា។
មួយផ្នែកនៃការរឹតបន្តឹងការនាំចូលបារី លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាយល់ថា បានកាត់បន្ថយអត្រាអ្នកប្រើប្រាស់ អ្នកស្លាប់ អ្នកឈឺ និងអ្នកពិការ ដែលបណ្ដាលមកពីថ្នាំជក់នេះ។ បន្ថែមលើនេះលោក មុំ គង់ លើកឡើងថា វាល្មមដល់ពេលដែលកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់ឲ្យបានច្រើនដើម្បីឲ្យខ្ពស់ស្មើប្រទេសក្នុងតំបន់អាស៊ាន ខណៈពន្ធនាំចូលផលិតផលថ្នាំជក់កម្ពុជានៅមានអត្រាទាប បើធៀបជាមួយតម្លៃលក់រាយបារីមួយកញ្ចប់ក្នុងតម្លៃ២ពាន់រៀលគឺរដ្ឋយកពន្ធ៣១ភាគប៉ុណ្ណោះ ។
គិតពីឆ្នាំ២០០៤ កម្ពុជាបានកាត់បន្ថយអត្រាអ្នកជក់បារីពីជាង៤០ភាគរយមកនៅជាង៣០ភាគរយនា ពេលបច្ចុប្បន្ននេះ។ ទោះជាអត្រាអ្នកជក់បារីបានថយចុះក៏ដោយ ប៉ុន្តែចំនួនអ្នកជក់បារីវិញមិនទាន់ថយចុះនៅឡើយពោលគឺមានចំនួនជាង១លានកន្លះ ដែលចំនួននេះ ធ្វើឲ្យពលរដ្ឋកម្ពុជាចំនួន១ម៉ឺន៥ពាន់នាក់ស្លាប់នៅរៀងរាល់ឆ្នាំហើយពលរដ្ឋកម្ពុជា៤០នាក់បានស្លាប់ដោយសារថ្នាំជក់ជារៀងរាល់ថ្ងៃ។
ចំពោះមុខទំនិញស្រាវិញក្រៅតែពីគាំទ្រលើការរឹតបន្តឹងលើការនាំចូលលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាចង់ឃើញអាជ្ញាធរកម្ពុជាត្រួតពិនិត្យឲ្យបានម៉ដ្ឋចត់លើផលិតផលស្រាក្លែងក្លាយដែលកំពុងចរាចរនៅកម្ពុជាដែរ។ បើតាមលោក សន ជ័យ ទាំងបារីនិងស្រា ក្រៅតែពីគិតលើការរឹតបន្តឹងឬដំឡើងពន្ធ រដ្ឋក៏ត្រូវគិតគូរលើផលប៉ះពាល់ចំពោះសុខសាធារណៈ ដែលបណ្ដាលមកពីមុខទំនិញទាំងពីរដែរ។
សូមបញ្ជាក់ជូនថា ឥទ្ធិពលគ្រឿងស្រវឹងក៏មូលហេតុមួយធ្វើឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងដែរនៅកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ