កម្ពុជា-សង្គម

សង្គមស៊ីវិលព្រួយបារម្ភពីការប្រើប្រាស់បទចោទ «ញុះញង់» ដើម្បីបំបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា

យុវជនដែលត្រូវបានចាប់ខ្លួន
យុវជនដែលត្រូវបានចាប់ខ្លួន © FB

បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៣៥ ​នៅ​កម្ពុជា ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ០៩​ កញ្ញា​ ដោយ​អំពាវនាវ​អោយ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់​ ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​។ តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ បាន​បង្ហាញ​ការ​សោកស្តាយ​ និង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ អំពី​ការ​ប្រើប្រាស់​បទល្មើស​ «ញុះញង់» ដោយ​អាជ្ញាធរ​ ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ចូលរួម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម​នៅ​កម្ពុជា​។ តើ​អ្វី​ជា​បទ​ល្មើស​ញុះញង់​?

ផ្សាយពាណិជ្ជកម្ម

បើតាមការកត់សំគាល់របស់ក្រុមអង្គការសង្គមស៊ីវិល ចាប់តាំងពីមានយុទ្ធនាការទាមទារអោយមានការដោះលែងលោក រ៉ុង ឈុន កាលពីខែសីហាមក យ៉ាងហោចណាស់យុវជននិងសកម្មជនសិទ្ធិមនុស្សចំនួន១០នាក់ហើយ ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួននិងចោទប្រកាន់ពីបទ «ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬញុះញង់អោយមានភាពវឹកវរដល់សង្គម»តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ក្នុងនោះ យុវជន៧នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់រួមមាន លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា។ អ្នកទាំងនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬ ញុះញង់អោយមានភាពវឹកវរដល់សង្គម» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលទាំង៣៥ស្ថាប័ននោះ បានសំដែងការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំងអំពីការប្រើប្រាស់បទល្មើសញុះញង់នេះ ដើម្បិបំបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងចូលរួមក្នុងការដោះស្រាយបញ្ហាសង្គមនៅកម្ពុជា។ បណ្តុំអង្គការសង្គមស៊ីវិលទាំង៣៥ ក៏បានអំពាវនាវអោយអាជ្ញាធររដ្ឋទម្លាក់ចោលបទចោទប្រកាន់ទាំងនោះ និងសូមអោយបញ្ឈប់ការបំភិតបំភ័យ និងបង្ក្រាបលើក្រុមយុវជនដែលជាសម្មជនសិទ្ធិមនុស្ស និងបរិស្ថានទាំងនេះ។

យ៉ាងណាក្តី សម្រាប់លោកមេធាវី សុខ សំអឿន ការបកស្រាយនិយមន័យនេះ គឺវាអាស្រ័យទៅលើតុលាការ។ ប៉ុន្តែបើតាមការយល់ឃើញរបស់លោក ការញុះញង់ អាចកើតចេញជាបទល្មើស លុះត្រាតែបុគ្គលណាមួយ បាននិយាយអោយមនុស្សណាម្នាក់ប្រព្រឹត្តបទឧក្រិដ្ឋអ្វីមួយច្បាស់លាស់ ឧទាហរណ៍ ជំរុញអោយសម្លាប់ ឬជំរុញអោយប្រើអំពើហិង្សាទៅលើបុគ្គលណាឬក្រុមណាមួយជាដើម។ យ៉ាងណាក្តី បើតាមលោកមេធាវី ប្រសិនបើការនិយាយអ្វីសុទ្ធសឹងតែជាការញុះញង់នោះ នោះសិទ្ធិបញ្ចេញមតិនឹងមិនមានទៀតឡើយ។

ប៉ុន្តែសម្រាប់លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា ការចោទប្រកាន់មិនអាចសន្និដ្ឋានដោយភ្នែកទទេនោះទេ។ បើតាមលោក ជិន ម៉ាលីន ការចោទប្រកាន់របស់អាជ្ញាធរ គឺដោយផ្អែកលើសកម្មភាពនៅពីក្រោយនៃសកម្មភាពរបស់ពួកគេ ថាតើ សកម្មភាពរបស់ពួកគេមានអង្គការចាត់តាំងនៅពីក្រោយឬទេ? និងថា តើសកម្មភាពរបស់ពួកគេមានចេតនាដើម្បីតស៊ូមតិពិតប្រាកដមែន ឬ មានបំណងដើម្បីប្រព្រឹត្តបទល្មើសអ្វីផ្សេងទៅវិញ? យ៉ាងណាក្តី លោក ជិន ម៉ាលីន បានជំរុញអោយក្រុមអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធចូលរួមតស៊ូក្តីនៅក្នុងតុលាការ ជាជាងការចេញសេចក្តីថ្លែងការណ៍ដែលមិនអាចជួយអ្វីដល់ពួកគេនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI