កម្ពុជា បានព្យាបាលឲ្យសះស្បើយ ១០០ភាគរយ ចំពោះរលកឆ្លងកូវីដ ១៩ លើកទី ២
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី ១១ខែកញ្ញានេះថា កម្ពុជា បានព្យាបាលអ្នកឆ្លងកូវីដ ១៩ នៅក្នុងរលកឆ្លងទី ២ បានជាសះស្បើយ ១០០ភាគរយ ដែលមានន័យថា អ្នកឆ្លងចំនួន ២៧៤នាក់ គឺបានជាសះស្បើយទាំងអស់ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ។ ជាការកត់សម្គាល់ ករណីព្យាបាលជាសះស្បើយទាំងអស់ ជាលើកទី ២នេះ គឺស្របពេលដែលកម្ពុជា ក៏មិនមានរកឃើញករណីវិជ្ជមានថ្មីជិត ១ខែមកដែរ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ១១ខែកញ្ញា បានបញ្ជាក់ថា អ្នកជំងឺទី ២៧៤ និងជាអ្នកជំងឺកូវីដ ១៩ចុងក្រោយនៅកម្ពុជា គឺជាជនជាតិឥណ្ឌូនេស៊ី អាយុ ១៨ឆ្នាំ ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅថ្ងៃទី ១០ខែកញ្ញា ក្រោយពីទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ២ដង។ ដូច្នេះ គិតមកដល់ពេលនេះ មិនមានអ្នកជំងឺកូវីដ ១៩ នៅសេសសល់សម្រាកព្យាបាលក្នុងមន្ទីរពេទ្យឡើយ ហើយក៏មិនមានករណីស្លាប់ដោយជំងឺកូវីដ ១៩នៅកម្ពុជា និងមិនទាន់មានការចម្លងវីរុសកូវីដ ១៩ ចូលក្នុងសហគមន៍នៅឡើយទេ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល។
ភ្លាមៗ ក្រោយការប្រកាសរបស់ក្រសួងសុខាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងការសាទរ និងអបអរ តាមរយៈទំព័រហ្វេសប៊ុករបស់លោក។ ប៉ុន្តែជាមួយគ្នា លោកប្រមុខដឹកនាំរដ្ឋាភិបាល នៅតែក្រើនរម្លឹកឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរក្សាអនាម័យឲ្យបានល្អ ត្រូវការពារខ្លួនដោយការពាក់ម៉ាស់នៅកន្លែងចាំបាច់ ដូចជានៅកន្លែងទីប្រជុំជន ដែលមានមនុស្សច្រើនអ៊ូអរ ដូចជានៅតាមវត្តអារាម នៅក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះជាដើម។
គួរជម្រាបជូនថា នេះគឺជាតួលេខនៃការព្យាបាលជំងឺកូវីដ ១៩ឲ្យជាសះស្បើយអស់ ១០០ភាគរយ ជាលើកទី ២ បន្ទាប់ពីកម្ពុជា បានប្រកាសពីអ្នកជាសះស្បើយ ១០០ភាគរយ លើកទី ១ កាលពីថ្ងៃទី ១៥ខែឧសភា។ ក្រោយមក ដោយឃើញស្ថានភាពឆ្លងមានភាពធូរស្រាលបន្តិច កម្ពុជា បានសម្រេចបើកដំណើរការជើងហោះហើរឡើងវិញ។ ប៉ុន្តែពេលនោះហើយ ពោលគឺក្នុងអំឡុងខែមិថុនា កម្ពុជាបានរកឃើញអ្នកឆ្លងថ្មីជាបន្តបន្ទាប់វិញ ដែលសុទ្ធជាករណីនាំចូលពីក្រៅប្រទេស ដែលអាចនិយាយបានថា ជាការឆ្លងរលកទី ២។
ដើម្បីការពារការឆ្លងពីក្រៅប្រទេស រដ្ឋាភិបាលកម្ពុជា តាំងពីថ្ងៃទី ១ខែសីហា បានសម្រេចផ្អាកការហោះហើរចូលពីប្រទេស ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី និងបន្តផ្អាកការហោះហើរពីប្រទេសហ្វីលីពីន តាំងពីថ្ងៃទី ១១ខែសីហា។ ជាការកត់សម្គាល់ ក្រោយការផ្អាកជើងហោះហើរពីប្រទេសក្នុងតំបន់ទាំង ៣ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកមិនឃើញករណីអ្នកវិជ្ជមានថ្មី ក្នុងអំឡុងពេលជិត ១ខែមកនេះ។
សូមបញ្ជាក់ថា គិតមកពេលនេះ កូវីដ ១៩ បានឆ្លងដល់មនុស្សជាង ២៨លាននាក់នៅទូទាំងពិភពលោក និងបានបណ្តាលឲ្យមានមនុស្សជាង ៩សែននាក់ ស្លាប់។ ប៉ុន្តែក្នុងនោះ ក៏មានមនុស្សជាង ២០លាននាក់ បានជាសះស្បើយបន្ទាប់ពីឆ្លងជំងឺនេះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ