អង្គការសិទ្ធិមនុស្សអន្តរជាតិពីរ អំពាវនាវឲ្យដោះលែងយុវជន និងសកម្មជនបរិស្ថាន ដោយឥតលក្ខខណ្ឌ
ចុះផ្សាយនៅថ្ងៃ៖
អង្គការសិទ្ធិមនុស្សអន្តរជាតិ២ស្ថាប័ន នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកញ្ញានេះ បានអំពាវនាវឲ្យមានការដោះលែងដោយគ្មានលក្ខខណ្ឌ ចំពោះយុវជន និងសកម្មជនបរិស្ថានយ៉ាងតិច១០នាក់ ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនជាបន្តបន្ទាប់ ចាប់តាំងពីខែសីហាមក។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា ការចេញសេចក្តីថ្លែងការណ៍ ឬបង្គាប់បញ្ជាឲ្យមានការដោះលែង ទម្លាក់បទចោទ មិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ ដែលជួយជនជាប់ចោទទេ។
លោក ហ្វីល រ៉ូបឺតសុន នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃទី១១ ខែកញ្ញានេះ បានលើកឡើងថា រលកនៃការចាប់ខ្លួនសកម្មជននាពេលចុងក្រោយនេះ បានបង្ហាញថាអាជ្ញាធរកម្ពុជាមិនត្រឹមតែមិនគោរពលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំទេ តែថែមទាំងមិនគោរពសិទ្ធិដីធ្លី និងបរិស្ថានផងដែរ។ អាជ្ញាធរគួរតែបញ្ឈប់ការប្រើប្រាស់បទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌមិនត្រឹមត្រូវស្តីពីការញុះញង់ ដើម្បីរារាំងការរិះគន់ដោយសន្តិវិធី ក្នុងការទាមទារទៅកាន់រដ្ឋាភិបាល។
លោកស្រី មីង យូអា នាយករងប្រចាំតំបន់ទទួលបន្ទុកយុទ្ធនាការនៃអង្គការលើកលែងទោសអន្តរជាតិ កាលពីថ្ងៃទី១០ ខែកញ្ញា បានលើកឡើងថាការចាប់ខ្លួនសកម្មជននាពេលនេះ គឺជារឿងគួរឲ្យភ្ញាក់ផ្អើល និងជាការវាយប្រហារមកលើយុវជនកម្ពុជា។ លោកស្រីបន្ថែមថាជំនួសឱ្យការលើកទឹកចិត្តយុវជនកម្ពុជាជំនាន់ថ្មីឱ្យចូលរួមយ៉ាងពេញលេញក្នុងការកសាងអនាគតប្រទេសជាតិ រដ្ឋាភិបាលរបស់លោកហ៊ុន សែន ប្តេជ្ញាចិត្តលុបបំបាត់ការខ្វែងគំនិតគ្នា នាគ្រប់មជ្ឈដ្ឋាននៃប្រជាជនកម្ពុជាចាប់ពីបព្វជិតសាសនា រហូតដល់អ្នកធ្វើការក្នុងវិស័យសិល្បៈ។
បើតាមការកត់សំគាល់របស់ក្រុមអង្គការសង្គមស៊ីវិល ចាប់តាំងពីមានយុទ្ធនាការទាមទារអោយមានការដោះលែងលោក រ៉ុង ឈុន កាលពីខែសីហាមក យ៉ាងហោចណាស់យុវជន និងសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ចំនួន១៤នាក់ហើយ ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួន និងចោទប្រកាន់ពីបទ «ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬញុះញង់អោយមានភាពវឹកវរដល់សង្គម»តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា សកម្មភាពរបស់ពួកគេមិនមែនជាការអនុវត្តសេរីភាពនៃការជួបជុំ និងបញ្ចេញមតិតាមផ្លួវច្បាប់ទេ ក៏ប៉ុន្តែជាការប្រព្រឹត្តិបទល្មើស ដែលត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ហើយសមត្ថកិច្ចមានមូលដ្ឋានច្បាស់លាស់ចំពោះចំណាត់ការ និងវិធានការច្បាប់ ប្រឆាំងទៅនឹងអំពើល្មើសទាំងអស់នោះ។
លោកបន្ថែមថា មធ្យោបាយជួយសកម្មជនទាំងនោះបាន គឺមានតែការចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ពោលគឺត្រូវបង្ហាញភស្តុតាងឲ្យបានរឹងមាំប្រសិនបើខ្លួនយល់ថាមិនបានប្រព្រឹត្តិបទល្មើស។ ចំណែការចេញសេចក្តីថ្លែងការណ៍ ឬបង្គាប់បញ្ជាឲ្យមានការដោះលែង ទម្លាក់បទចោទនោះ មិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ ដែលជួយជនជាប់ចោទទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ