កម្ពុជា-អាស៊ាន

កម្ពុជាស្នើអាស៊ានឱ្យបង្កើត«ច្រករបៀងធ្វើដំណើរ»ដើម្បីសម្រួលដំណើរធុរកិច្ចក្នុងពេលវាយលុកដោយជំងឺកូវីដ១៩

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស © FB

រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​សមាជិក​អាស៊ាន​កាល​ពី​ថ្ងៃ​ទី​០៩​ និង​ទី​១០​ ខែ​សីហា​បាន​ជួប​ប្រជុំ​គ្នា​លើក​ទី​៥៣​តាម​រយៈ​វីដេអូ​ខុនហ្វើរ៉េន​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​វៀតណាម​។ ក្នុង​ចំណោម​ប្រធានបទ​ជា​ច្រើន​ បញ្ហា​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ នៅតែ​ជា​ប្រធាន​បទ​ក្តៅ​ដែល​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នេះ​មិន​អាច​មើល​រំលង​បាន​។ ចំពោះ​មុខ​បញ្ហា​កូវីដ​១៩​ រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​លោក​ប្រាក់ សុខុន​បាន​ស្នើ​ទៅ​អាស៊ាន​ឱ្យ​បង្កើត​«ច្រករបៀងធ្វើដំណើរ» ដើម្បី​សម្រួល​ដល់​ដំណើរ​ធុរកិច្ច​នៅ​ក្នុង​តំបន់​នេះ​។

ផ្សាយពាណិជ្ជកម្ម

នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ រដ្ឋមន្រ្តីការបរទេសអាស៊ានបានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការស្តារសេដ្ឋកិច្ចក្រោយពី​ជំងឺរាតត្បាតកូវីដ-១៩ ដោយ​កិច្ច​សហប្រតិបត្តិការ​ត្រូវបានផ្តោតទៅលើការទទួល​បានវ៉ាក់សាំ​ង​សម្រាប់ជំងឺកូវីដ-១៩ដែល​មានតម្លៃសមរម្យ ការគាំទ្រសហគ្រាស​ធុនតូច​និងមធ្យម​ ការលើក​លែងការ​រឹតត្បិត ការ​​ធ្វើដំណើរដែលចំា​បាច់នៅក្នុងតំបន់ និង​​ការចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(R​CEP)ឱ្យបានឆាប់ក្នុងឆ្នាំនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ក្រសួងការបរទេសកម្ពុជានៅក្នុងសេចក្តីប្រ​កា​សព័ត៌​មាននៅថ្ងៃទី១០ ខែកញ្ញា។

បន្ថែមលើនេះ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានពិភាក្សាគ្នាពីភាពចាំបាច់នៃការតភ្ជាប់តំបន់ ជាពិសេស ការរក្សាខ្សែ​ចង្វាក់​ផ្គត់ផ្គង់​លំហូ​រ​​ដោយសេរី​នៃ​ពាណិជ្ជកម្ម និង​ការផ្គត់ផ្គង់ទំនិញសំខាន់ៗ ការវិនិយោគ និង​ការ​បំលាស់ទីរបស់​ប្រជាជន​ក្នុងចំណោម​​​ប្រទេស​សមាជិក​អាស៊ាន និងប្រទេសដៃគូសន្ទនា។ គឺនៅត្រង់ចំណុចនេះហើយ រដ្ឋមន្រ្តីការបរទេសក​ម្ពុជាលោកប្រាក់ សុខុន បានស្នើអាស៊ានឱ្យ​ធ្វើ​ការងារ​ឈាន​ទៅរក​ការ​បង្កើត«ច្រករបៀង​ធ្វើ​ដំណើរ​»ឬTravel Corr​id​or ដើម្បីជួយ​សម្រួល​ដល់ការ​ធ្វើដំណើរធុរកិច្ច​ ប្រកបដោយសុវត្ថិ​ភាព និងជាបណ្តើរៗ​​ ក្នុងអំឡុងពេលនៃការរាត​ត្បាតជំងឺ

កូវីដ-១៩ ហើយត្រូវរៀបចំ​ជា​​ផែនការ​សកម្មភាព​ជាក់ស្តែង​​មួយ​ឱ្យបានឆាប់រហ័ស។

សូមកត់សម្គាល់ថា ការស្នើឡើងរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជានេះ គឺជាវិធានការថ្មីមួយទៀតសម្រាប់តំបន់អាស៊ាន ដើ​ម្បីដោះស្រាយដំណើរការផ្នែកពាណិជ្ជកម្មរវាងប្រទេសនៅក្នុងតំបន់អាស៊ាននេះ។ ថ្មីៗនេះ អាស៊ានក៏បានបង្កើតនូវមូលនិធិអាស៊ានឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងការស្តុកបម្រុងសម្ភារវេជ្ជសាស្ត្រក្នុងតំបន់អាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ។ ចិន ជប៉ុន និងកូរ៉េខាងត្បូងក៏បានប្រកាសគាំទ្រនូវការបង្កើតមូលនិធិនិងស្តុកបម្រុងនេះដែរ។

សម្រាប់រដ្ឋមន្រ្តីការបរទេសកម្ពុជា ដៃគូខាងក្រៅរបស់អាស៊ាន គឺមានតួនាទីសំខាន់ណាស់ក្នុងការកៀរគធនធានបន្ថែម ដើម្បីគាំទ្រដល់មូលនិធិអាស៊ានប្រឆាំងជំងឺកូវីដ-១៩នេះ និងសម្រាប់សកម្មភាពទប់ស្កាត់បន្ទាន់ចំពោះភាពអាសន្នសុខភាពសាធារណៈផ្សេងៗទៀតក្នុងតំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI