ក្រសួងអប់រំប្រាប់ឲ្យមានការណែនាំ និងផ្អាកកន្លែងលេងកីឡា ដែលមិនគោរពតាមវិធានការសុវត្ថិភាព
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈលិខិតមួយ កាលពីថ្ងៃម្សិលមិញ បានស្នើឲ្យអភិបាលរាជធានី ខេត្តយកចិត្តទុកដាក់ ត្រួតពិនិត្យកន្លែងលេងកីឡា ជាពិសេសកន្លែងលេងបាល់ទះ ដើម្បីធ្វើការណែនាំ និងផ្អាករាល់សកម្មភាពនានា ដែលមិនគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល។ ការស្នើរបស់ក្រសួងនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីមានកន្លែងលេងកីឡាមួយចំនួនមិនបានអនុវត្តតាមការណែនាំ ក្នុងការទប់ស្កាត់ការឆ្លងកូវីដ១៩។
តាមរយៈលិខិតស្នើទៅកាន់អភិបាលរាជធានី ខេត្ត កាលពីថ្ងៃទី១១ ខែកញ្ញា ក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យឃើញថា កន្លែងលេងកីឡានៅតាមរាជធានី ខេត្តមួយចំនួនពុំទាន់អនុវត្តតាមគោលការណ៍ណែនាំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានត្រឹមត្រូវនៅឡើយ ជាពិសេសកន្លែងលេងកីឡាបាល់ទះ។ កន្លែងលេងបាល់ទះ ដែលក្រសួងមើលឃើញថា បានបើកទូលាយឲ្យទស្សនិកជនចូលទស្សនាច្រើនកុះករ អាចបង្កឲ្យមានរលកទី២នៃការចម្លងជំងឺកូវីដ១៩។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១២ ខែកញ្ញានេះថា លិខិតរបស់ក្រសួងនាពេលនេះ គឺសំដៅតែលើកីឡាបាល់ទះ បន្ទាប់ពីក្រសួងរកឃើញថាមានកន្លែងមួយចំនួននៅតាមបណ្តាខេត្តមិនបានអនុវត្តបានត្រឹមត្រូវតាមការណែនាំនៅឡើយ។ ចំពោះកីឡាផ្សេងទៀត អ្នកនាំពាក្យក្រសួងអប់រំរូបនេះបន្ថែមថា ការសង្កេតជារួមរបស់ក្រសួងគឺឃើញមានការចូលរួមទៅតាមការណែនាំ និងមានកិច្ចសហការល្អពីម្ចាស់ក្លឹបកីឡា និងប្រជាពលរដ្ឋ។ ជាក់ស្តែងនៅក្នុងការប្រកួតបិទទ្វារមួយចំនួន គឺបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល។
សូមជម្រាបជូនថា កន្លងមកក្រសួងអប់រំបានអនុញ្ញាតឲ្យដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈនៅតាមរាជធានី ខេត្ត និងធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ ដោយការប្រកួតត្រូវបិទទ្វារ និងត្រូវគោរតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល។
សំណើរបស់ក្រសួងទៅកាន់អភិបាលរាជធានី ខេត្ត នាពេលនេះគឺធ្វើឡើងបន្ទាប់ពីកម្ពុជាមិនមានអ្នកជំងឺកូវីដ១៩នៅសម្រាកព្យាបាលទៀតទេ។ បើតាមក្រសួងសុខាភិបាលត្រឹមថ្ងៃទី១២ ខែកញ្ញា កម្ពុជាមានអ្នកជាសះស្បើយសរុបទូទាំងប្រទេស ចំនួន២៧៤នាក់ ស្មើនឹង១០០%ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩សរុប ហើយមិនមានករណីឆ្លងថ្មីឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ