សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរថ្កោលទោសអាជ្ញាធរដែលចាប់អនុប្រធាន និងសមាជិករបស់ខ្លួន
ចុះផ្សាយនៅថ្ងៃ៖
សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ នៅថ្ងៃទី១២ ខែកញ្ញានេះ បានចេញមកថ្កោលទោសអាជ្ញាធរ និងអំពាវនាវឲ្យមានការដោះលែង និងទម្លាក់ចោលរាល់ការចោទប្រកាន់មកលើអនុប្រធាន និងសមាជិក ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន។ អ្នកទាំងពីរត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងចំណោម យុវជន និងសកម្មជនបរិស្ថាន នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ក្នុងសេចក្តីថ្លែងការណ៍សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានបញ្ជាក់ថា ការចាប់ខ្លួន លោក មាន ព្រហ្មមុនី អនុប្រធាន និងលោក មួង សុភក្រណា ជាសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាសកម្មជនសង្គម ធ្វើឡើងដោយពុំមានដីកាដូចគ្នា និងជាការរំលោភបំពាន ច្បាប់ជាតិ និងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
សូមជម្រាបថា លោក មាន ព្រហ្មមុនី ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី៦ ខែកញ្ញា នៅក្នុងស្នាក់ការរបស់សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ហើយនៅថ្ងៃទី១០ ខែកញ្ញា អាជ្ញាធរក៏បានចាប់ខ្លួនលោក មួង សុភក្រណានៅចំណុចទីតាំងខាងមុខសាលាសុធារស។ អ្នកទាំងពីរស្ថិតនៅក្នុងចំណោមក្រុមយុវជន និងសកម្មជនបរិស្ថានជាង១០នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់។
បើតាមការកត់សំគាល់របស់ក្រុមអង្គការសង្គមស៊ីវិល ចាប់តាំងពីមានយុទ្ធនាការទាមទារអោយមានការដោះលែងលោក រ៉ុង ឈុន កាលពីខែសីហាមក យ៉ាងហោចណាស់យុវជន និងសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ចំនួន១៤នាក់ហើយ ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួន និងចោទប្រកាន់ពីបទ «ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬញុះញង់អោយមានភាពវឹកវរដល់សង្គម»តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ