ស្នេហាភេទដូចគ្នា៖ ស្ដ្រីចំណាស់ពីររូបតស៊ូស្រឡាញ់គ្នា៤០ឆ្នាំរហូតមានការទទួលស្គាល់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៧
រាប់ចាប់តាំងបិទបញ្ចប់សង្គ្រាមខ្មែរក្រហមនៅរវាងឆ្នាំ១៩៧៩ដល់១៩៨៥ ស្រ្តីពីរនាក់បានបង្កើតស្នេហាជាមួយគ្នាដែលបច្ចុប្បន្នហៅថា អ្នកស្រឡាញ់ភេទដូចគ្នា។ តាមរយៈនាទីបទយកការណ៍របស់ អេង គីមហុង នៅរាត្រីនេះ ស្ត្រីវ័យចំណាស់ទាំងពីរបានលើកឡើងថា ៤០ឆ្នាំនៃទំនាក់ទំនងស្នេហារបស់គាត់មកដល់ពេលនេះមិនមែនជារឿងងាយស្រួលឡើយ ទម្រាំសន្សំបានប្រាក់ធ្វើផ្ទះសមរម្យមួយ តាមរយៈរបរនេសាទ។ មុនមានផ្ទះនៅលើដីសម្រាប់រស់នៅ ពួកគាត់បានរស់នៅលើផ្ទៃទឹកតាមរយៈទូកនេសាទមួយបន្លាស់ទីពីស្ទឹងសែនដល់ទន្លេសាប។
ទឹកអើយទឹកហូរ ហូរមិនចេះដាច់ ឲ្យខ្ញុំមិនភ្លេចអនុស្សាវរីយ៍ ស្ទឹងសែនតែមួយមិនដែលមានពីរ ស្ទឹងសែនប៉ារីស ក៏មិនដូចដែរ…..។»នេះឃ្លាមួយនៃបទចម្រៀងស្ទឹងសែនប៉ារីសត្រូវបានច្រៀងពេលនេះដោយអ្នកស្រីហ៊ន ឈឿន ។ «ខ្ញុំស្រឡាញ់បទនេះណាស់ ព្រោះស្ទឹងសែនជួយចិញ្ចឹមជីវិតខ្ញុំ តាំងតែពីខ្ញុំកើតរហូតដល់ខ្ញុំជួបដៃគូជីវិតជាស្រីដូចគ្នា ហើយពួកយើងចាប់ដៃគ្នាប្រកបរបរនេសាទតាមរយៈស្ទឹងសែននេះ ទើបធ្វើឲ្យយើងមានផ្ទះរស់នៅសមរម្យមួយជំនួសឲ្យផ្ទះចាស់។»
នៅក្នុងវ័យជាង៦០ឆ្នាំអ្នកស្រី ហ៊ន ឈឿន ត្រូវបានក្រុមការងារសហគមន៍ឥន្ទធនូកម្ពុជាហៅគាត់ថា ម៉ែឈឿន ខណៈដៃគូរបស់គាត់ស្ត្រីដែលនោះត្រូវបានក្រុមការងារដដែលហៅថាឪចន។ អ្វីជាការកត់សម្គាល់ ពួកគេរាប់អានគ្នាដូចម្ដាយឪពុកនិងកូន តាមរយៈកាយវិការស្និទ្ធស្នាល បារម្ភ និងយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមក។
មានវ័យជាង៧០ឆ្នាំតាចន ដែលហៅតាមទម្លាប់អ្នកភូមិ គឺជាប្ដីយាយឈឿន បានតែងខ្លួនជាមនុស្សប្រុសដោយកាត់សក់ខ្លី និងពាក់អាវដៃខ្លីចំហរឡេវបានរៀបរាប់ថា កាលពីនៅមានកម្លាំងគាត់ធ្វើការងារគ្រប់យ៉ាងដើម្បីចិញ្ចឹមជីវិត «បន្ទាប់ពីចាប់ដៃគ្នាជាមួយយាយឈឿនមក ខ្ញុំពីរនាក់ធ្វើគ្រប់យ៉ាងទាំងអស់ដូចជា៖ ដាក់មងរកត្រី កាប់អុស ឆ្អើរត្រី ហើយបើយើងធ្វើប្រហុកវិញ ធ្វើនៅហ្នឹងដេកនៅហ្នឹងតែម្ដង! ព្រោះប្រហុកនេះប្រៀបដូចជាលុយយើងអ៊ីចឹង! ទើបយើងមានលុយធ្វើផ្ទះនៅដូចរាល់ថ្ងៃនេះ។»
សូមជម្រាបជូនថា ផ្ទះដែលពួកគាត់ទាំងពីរកំពុងរស់នៅស្នាក់អាស្រ័យនេះ ជាប្រភេទផ្ទះថ្មទៀមធ្វើផ្ទាល់នឹងដីដោយមានទំហំសមល្មម និងទើបបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩ ជាមួយនឹងការចំណាយអស់៤ពាន់ដុល្លារ។
អ្នកនាង ជ័យ សុខដុម អ្នកតស៊ូផ្នែកច្បាប់របស់សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក) លើកឡើងថា ជីវភាពរស់នៅរបស់អ្នកស្រឡាញ់ភេទដូចគ្នាមានភាពសមរម្យដូចគេដូចឯងដែរ។ «ជាក់ស្ដែងគ្រួសាររបស់ម៉ែឈឿន និងតាចន មានជីវភាពសមរម្យ រស់នៅជាមួយគ្នាជាង៤០ឆ្នាំ ដោយការ ខិតខំ ប្រឹងប្រែង តស៊ូ ពួតដៃគ្នា ។ ទំាងអស់នេះហើយ យើងកោតសរសើរ និងស្ងប់ស្ងែងចំពោះគ្រួសារមួយនេះ។»
អ្នកនាង ជ័យ សុខដុម បានបន្តថា បើនិយាយជាទូទៅចំពោះកម្រិតជីវភាពអ្នកស្រឡាញ់ភេទដូចគ្នាដែលជាសមាជិករបស់រ៉ក ជីវភាពរបស់ពួកគាត់កាន់តែល្អប្រសើរនៅពេលដែលមានការគាំទ្រពីឪពុកម្ដាយ ក្រុមគ្រួសារ និងសង្គម។ «ព្រោះនៅពេលដែលឪពុកម្ដាយ ស្រឡាញ់ លើកទឹកចិត្តកូនធ្វើឲ្យកូនមានភាពកក់ក្ដៅ និងពោរពេញដោយកំលាំងចិត្តក្នុងការធ្វើការ រកស៊ី ដើម្បីផ្គត់ផ្គង់ជីវភាពរបស់ខ្លួន និងមួយផ្នែកទៀតក៏ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។»
ងាកមកចាប់អារម្មណ៍ពីការកកើតឡើងនៃសេចក្ដីសេ្នហារបស់អ្នកទាំងពីរវិញម្ដង អ្នកស្រីហ៊ន ឈឿន នៅក្នុងភូមិដែលគេនាំគ្នាហៅគាត់តាមក្មេងតូចៗថា យាយឈឿននោះបានរៀបរាប់ក្នុងសំឡេងស្អកថា ក្ដីស្រឡាញ់របស់គាត់ចំពោះមនុស្សស្រីដូចគ្នា កើតឡើងមកពីគ្មាននិស្ស័យស្រឡាញ់មនុស្សប្រុស។ ហើយសម្រាប់គាត់ ក្ដីស្រឡាញ់នេះមិនមែនជាការទទួលឥទ្ធិលសង្គមមកពីខាងក្រៅណាទេ គឺខ្លួនឯងតែម្ដង ព្រោះកាលពីជំនាន់នៅវ័យជំទង់នៅឆ្នាំ៨០ជាង មិនទាន់ទំនើបដូចសម័យបច្ចុប្បន្នឡើយ។ «មួយផ្នែកអាចថា ខ្ញុំឃើញស្នេហាស្រីនិងប្រុសគឺគូខ្លះឃើញតែវាយតប់គ្នា ជេរប្រទេចគ្នាទៅវិញទៅមក ដល់ថ្នាក់ខ្ញុំជួយឃាត់ទៀតផង ម្ល៉ោះហើយបានជាខ្ញុំគ្មានអារម្មណ៍ស្រឡាញ់មនុស្សប្រុសទេ ហើយបែរជាជួបគាត់ចៃដន្យ (តាឈឿន) បែរជាមាននិស្ស័យទៅវិញ។»
ជាការពិត ពីមុនឬឥលូវ ស្នេហាភេទដូចគ្នាតែងរងការជំទាស់ជាមុនសិន ទើបមានការទទួលស្គាល់តាមក្រោយ។«ឪពុកម្ដាយខ្ញុំអត់ពេញចិត្តទេ គាត់បានបំបែកនិងថាឲ្យខ្ញុំទៀតផងថា កូនឯងស្រឡាញ់ស្រីនិងស្រីបែបនេះមានអីបន្តពូជ បើម៉ែកូនស្រីតែ២នាក់ហ្នឹង។ ហើយសូម្បីគេដឹងថា ខ្ញុំស្រឡាញ់ស្រីនិងស្រឡាញ់ស្រីហើយ នៅមានគេចូលដណ្ដឹងទៀត»។
នៅទីបំផុត កត្តាពេលវេលាបានធ្វើឲ្យឪពុកម្ដាយអ្នកស្រីឈឿនទទួលស្គាល់ជីវិតគូរបស់កូនស្រីមុនពេលគាត់ទទួលមរណភាព។ «គាត់ឃើញយើងរឹងមាំ គាត់បានពោលពាក្យថា ម៉ែអស់ចិត្តហើយកូនថែរក្សាគ្នាចុះ ហើយម៉ែក៏មិនបាននៅថែរក្សាកូនបានមួយជីវិតដែរ។»
លោកជីវ គឹមអ៊ុន ចៅសង្កាត់អូរគន្ធរនៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឲ្យដឹងថា បច្ចុប្បន្នអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសង្កាត់របស់គាត់មានចំនួន៣គូ។ មែនទែនទៅលោកចៅសង្កាត់គឹមអ៊ុន ជាមិត្តភក្តិរបស់យាយឈឿនទៀតផង ទាំងពេលអតីតកាល និងបច្ចុប្បន្ន ។ «ក្នុងនាមជាអាជ្ញាធរ ខ្ញុំមើលទៅគ្រួសារយាយឈឿន តាចន ម្យ៉ាងដែរ អត់ដែលឈ្លោះគ្នា ដល់អ៊ីចឹង! ញាតិក្នុងភូមិមើលមកគេឲ្យតម្លៃគាត់តាមហ្នឹង ហើយវាជារឿងធម្មតាទេ ការរិះគន់រើសអើង ពីមជ្ឈដ្ឋានជុំវិញខ្លួននោះ ប៉ុន្តែអ្វីៗនឹងប្រែប្រួលលែងរើសអើង បើយើងចេះឲ្យតម្លៃលើខ្លួនឯង មិនថាអ្នកស្រឡាញ់ភេទដូចគ្នាឬផ្ទុយគ្នា។»
នៅចំពោះមុខអ្នកស្រឡាញ់ដូចគ្នា លោកជីវ គឹមអ៊ុន យល់ថា គេមិនអាចសន្មត់ដោយអារម្មណ៍ថា អ្នកស្រឡាញ់ដូចគ្នាកំពុងសាងកំហុសបានទេ។ «យើងសាកគិតលើនិស្ស័យរបស់មនុស្ស ហើយអ្វីដែលសំខាន់ពួកគេមិនបានធ្វើអ្វីប៉ះពាល់សង្គមផង។»
សូមបញ្ជាក់ជូនថា ជំនួសឲ្យការចុះអេតាស៊ីវិល អ្នកស្រឡាញ់ភេទដូចគ្នាកំពុងប្រើប្រាស់យន្តការនៃការចុះសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារដោយមានការទទួលស្គាល់ពីឪពុកម្ដាយ និងការដឹងឮពីអាជ្ញាធរសម្រាប់ទំនាក់ទំនងរបស់ពួកគេ។ បើតាមសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក) បច្ចុប្បន្ន អ្នកស្រឡាញ់ភេទដូចគ្នាមានចំនួនជាង២ពាន់គូនៅកម្ពុជា
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ