រដ្ឋាភិបាលកម្ពុជាគ្រោងដាក់ចេញផែនការមេរយៈពេល១៥ឆ្នាំ ដើម្បីអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបជា «មាសបៃតង»
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋាភិបាលកម្ពុជាគ្រោងនឹងដាក់អោយអនុវត្តនូវផែនការមេក្នុងរយៈពេល១៥ឆ្នាំ (២០២០-២០៣៥) ដើម្បីអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប អោយក្លាយទៅជា «មាសបៃតង»។ សេចក្តីព្រាងផែនការមេនេះ បានឆ្លងកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ កាលពីថ្ងៃទី ០៧ កញ្ញា។ ប៉ុន្តែមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ ដោយរងចាំការកែសម្រួល និងពិនិត្យជាថ្មីនៅខែតុលា មុននឹងដាក់អោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យនិងសម្រេច។
តាមរយៈផែនការមេនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាយន្តការដ៏មានសារៈសំខាន់ចាំបាច់បំផុត សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពនានាពេលបច្ចុប្បន្នក៏ដូចជាអនាគត និងឆ្លើយតបទៅនឹងឥទ្ធិពលនៃជំងឺកូវីដ១៩ ជាពិសេសត្រូវសម្រេចអោយបាននូវបំណងប្រាថ្នារួមរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបអោយក្លាយទៅជា «មាសបៃតង» ក្នុងរយៈពេល១៥ឆ្នាំ គឺចាប់ពីឆ្នាំ ២០២០ដល់ឆ្នាំ២០៣៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍កម្ពុជាដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍កាលពីថ្ងៃទី ០៧ កញ្ញា។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន ផែនការមេនេះរៀបចំឡើងដោយគណៈកម្មការអន្តរក្រសួងដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងគោលដៅដើម្បីក្តាប់យកមកវិញនូវមោទនភាព ជាគោលដៅទេសចរណ៍ចម្បងបំផុតរបស់វិស័យទេសចរណ៍កម្ពុជា និងជាគោលដៅទេសចរណ៍ចម្បងក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែដើម្បីសម្រេចបានគោលដៅនេះ ផែនការមេនេះ បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន០៧ចំណុចរួមមាន៖ ទី១.យុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពខេត្តសៀមរាប ទី២.យុទ្ធសាស្ត្រវិនិយោគទេសចរណ៍និងអភិវឌ្ឍរបៀងទេសចរណ៍ថ្មីៗក្នុងខេត្តសៀមរាប ទី៣. ការអភិវឌ្ឍទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍និងការតភ្ជាប់ ទី៤.ការពង្រឹងគុណភាព និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប ទី៥.ការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប ទី៦.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ខេត្តសៀមរាប និងយុទ្ធសាស្ត្រទី៧ គឺអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍទេសចរណ៍ ខេត្តសៀមរាប។ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ក្នុងចំណោមយុទ្ធសាស្ត្រទាំង៧នេះ មានយុទ្ធសាស្ត្រតូចៗចំនួន៤៦ និងសកម្មភាពអនុវត្តចំនួន១៥១ទៀត ដែលបានកំណត់រយៈពេលនៃការអនុវត្តក្នុងរយៈពេលខ្លី មធ្យម និងវែង។
សូមបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរអោយចាប់អារម្មណ៍ និងមានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្សនិងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍និងទាក់ទាញជាច្រើនទៀត។ នេះជាបំណងប្រាថ្នារបស់រដ្ឋាភិបាលដើម្បីអភិវឌ្ឍខេត្តសៀមរាប ដោយធានាបាននូវផលប្រយោជន៍សង្គម-សេដ្ឋកិច្ច ជាអតិបរមាពីវិស័យទេសចរណ៍។ ពោលគឺតំបន់ប្រវត្តិសាស្ត្រអង្គរ, តំបន់ទីក្រុងដែលមានជាប់ស្ទឹងសៀមរាប , តំបន់ទន្លេសាប, ឧទ្យានជាតិភ្នំគូលែន និងតំបន់ជនបទដែលជាគោលដៅទេសចរណ៍ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។ តាមការព្យាករណ៍ ក្នុងឆ្នាំ២០៣៥ខាងមុខនេះ ទេសចរណ៍អន្តរជាតិ នឹងនាំមកនូវចំណូលចំនួន ៤,៧៦៥លានដុល្លារ និងទេសចរណ៍ជាតិនឹងនាំមកនូវចំណូលចំនួន ១,២៨០លានដុល្លារដល់ប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានស្វាគមន៍ចំពោះផែនការមេនេះ ប៉ុន្តែទាមទារអោយមានការចូលរួមពីភាគីទាំងអស់ និងការគាំទ្រផ្នែកថវិការ។ លោកស្រីរំពឹងថា តាមរយៈផែនការមេនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកលេងកំសាន្តនិងស្នាក់នៅបានយូនៅកម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលក្រោយពីវិបត្តិនៃជំងឺកូវីដ១៩។ ចំនែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ក៏បានលើកឡើងដែរថា ជាការល្អ បើផែនការនេះត្រូវបានដាក់អោយអនុវត្តន៍ ជាជាងមានតែនៅលើក្រដាសនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ