កម្ពុជា នយោបាយ

ឱកាសបុណ្យភ្ជុំ៖ លោក កឹម សុខា ផ្ញើសារអំពីការធ្វើអំពើល្អ កុំចងពៀរនឹងគ្នា

លោក កឹម សុខា មេដឹក​នាំអតីត​បក្ស​ប្រឆាំង ​បានចេញ​សារតាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាបន្តបន្ទាប់​  ក្នុង​ឱកាស​ដែលលោក​ចេញទៅ​កាន់បិណ្ឌបានយ៉ាងតិច​៥​វត្ត​ហើយ ចាប់​តាំង​ពី​បុណ្យ​កាន់​បិណ្ឌ​ចាប់​ផ្ដើម​មក​​។ ​ដោយ​សារតែ​ជាប់​បម្រាម​ធ្វើ​នយោបាយ សាររបស់​លោក កឹម សុខា នៅពេលនេះ ​មាន​ខ្លឹមសារ​យ៉ាង​​សាមញ្ញ​ ទាក់ទង​នឹង​ព្រះពុទ្ធសាសនា ដែលផ្តល់ឱវាទឲ្យនាំគ្នាធ្វើ​តែអំពើល្អ កុំចងពៀរនឹងគ្នា។

លោក កឹម សុខា ក្នុងឱកាសកាន់បិណ្ឌវេនទី៩ នៅវត្តអង្គគោល (ដងស្ទឹងស្លាគូ) ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ
លោក កឹម សុខា ក្នុងឱកាសកាន់បិណ្ឌវេនទី៩ នៅវត្តអង្គគោល (ដងស្ទឹងស្លាគូ) ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ © Facebook Kem Sokha
ផ្សាយពាណិជ្ជកម្ម

ដោយដកស្រង់​ទ្រឹស្តី​ព្រះ​ពុទ្ធ ទ្រង់​សំដែងងថា «អនិច្ចំ ទុក្ខំ អនត្តា»​ លោក កឹម សុខា ​បាន​ពន្យល់ជាន័យសាមញ្ញថា៖ «ជីវិត មិនទៀងទាត់ មានជីវិត មានទុក្ខ គ្មានអ្វី​ស្ថិតស្ថេរជា​របស់​យើង​ទេ។ ​ដូច្នេះ​យើង​គួរ​នាំគ្នា​ធ្វើ​អំពើ​ល្អ កុំចង​ពៀរ​នឹង​គ្នា»។ នេះជា​សារ​របស់​លោក កឹម សុខា ក្នុង​ឱកាស​កាន់​បិណ្ឌ​វេន​ទី៩ ​នៅ​វត្ត​អង្គគោល (ដងស្ទឹងស្លាគូ) ឃុំបឹង​ត្រាញ់​ខាង​ត្បូង ស្រុក​សំរោង ខេត្ត​តាកែវ ជា​ទឹកដី​កំណើត​អ្នក​នយោបាយ​ជើង​ចាស់​រូបនេះ​។  រាល់​ពេល​បាន​ជួប​ជុំ​មិត្ត​រួម​ថ្នាក់​នៅ​បឋម​សិក្សា កាលពី​៦០ឆ្នាំ​មុន លោក កឹម សុខា តែង​បាន​រំលឹក​នូវ​អនុស្សាវរីយ៍​ និង​ទីកន្លែង​ដែល​ធ្លាប់​រស់​នៅ។ ពាក្យ​ដែល​លោក​បាន​និយាយ​ដូចៗ​គ្នា នៅ​ពេល​ជួប​គ្នា​នេះ​គឺ «យើង​ចាស់ៗ​អស់​ហើយ»។​ ​នេះ​បើ​តាម​សំណេរ​ថ្មី​បំផុត​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក កឹម សុខា ថ្ងៃទី១១កញ្ញា។

គួរ​កត់​សម្គាល់​ថា សារ​ស្រដៀង​គ្នានេះ​​​ក៏​ត្រូវ​បាន​លេច​ឡើង​ម្តង​ដែរ កាលពី​បីថ្ងៃ​មុន ពោល​នៅ​ថ្ងៃទី​៩​កញ្ញា ដែល​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ បាន​ទៅ​កាន់​បិណ្ឌ​នៅ​វត្ត​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ។លោក កឹម សុខា បាន​សរសេរ​ថា «ខ្ញុំយល់​ឃើញ​ថា ខ្មែរ​យើង​គួរ​តាំង​ចិត្ត ដាក់​កាយ​និង​វាចា បង្កើន​ការ​ធ្វើ​អំពើ​ល្អជា​មួយ​គ្នា ដូច​ដែល​យើង​បាន​ និង​កំពុង​ធ្វើ​បុណ្យ កសាង​កុសល​ជា​មួយ​បង​ប្អូន​យើង នៅ​តាម​វត្តអារាម​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​នេះ ដោយ​ចៀស​វាង​ឬ​កាត់បន្ថយ​ការ​ចង​ពៀរ​គ្នា ដែលជា​អំពើ​បាប»។​

បើ​តាម​អ្នក​នយោបាយ​ដែល​អះអាង​ថា​ប្រកាន់​ «ធម៌អហិង្សា» រូបនេះ តាម​រយៈ​ការ​ធ្វើ​អំពើល្អ អំពើ​ជាកុសល​ជា​មួយ​គ្នា​នៅ​ទី​កន្លែង​ផ្សេងៗ នៅ​ពេល​ខាង​មុខ​ជា​បន្ត​បន្ទាប់​ទៀត លោក​ជឿជាក់​ថា​ប្រទេស​ជាតិ​ និង​ប្រជាពល​រដ្ឋ​ខ្មែរ នឹង​ទទួល​បាន​នូវ​សេច​ក្តីសុខ សន្តិភាព​ពិត និង​ភាព​រុង​រឿង​សម្រាប់​ទាំង​អស់​គ្នា។

សម្រាប់​អ្នក​វិភាគ​ដូចជា ​បណ្ឌិត មាស នី ការ​ផ្ញើ​សារ​របស់លោក កឹម សុខា អាច​ជា​ការ​ពញ្ញា​ក់​អារម្មណ៍​ថា អ្នកនយោបាយរូបនេះ​មិនអាច​ទ្រាំនៅ​ស្ងៀម ទៅតាមការបំបិទ​សិទ្ធិ​ធ្វើនយោបាយ​នោះឡើយ ទោះ​ស្ថិត​ក្រោម​គំនាប​តុលាការ​ក៏ដោយ។

ប៉ុន្តែសម្រាប់ប្រធានក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ សារ​របស់លោក កឹម សុខា ​មិន​មានប្រយោជន៍​ផ្នែក​នយោបាយ​ទេ ខណៈ​ដែល​សំណុំរឿង​របស់​លោកកំពុង​ស្ថិតនៅ​ក្នុង​ដៃ​តុលាការ​នៅឡើយ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI