អានតួអត្ថបទ
កម្ពុជា-សង្គម

សហជីពពហិកាកិច្ចប្រជុំត្រីភាគីបូកលើកទី៣ស្តីពីវិសោធនកម្មច្បាប់ការងារ ដែលធ្វើឲ្យខាតបង់ដល់កម្មករ

កម្មកររោងចក្រកាត់ដេរ
កម្មកររោងចក្រកាត់ដេរ © សហការី
ដោយ៖ ញឹម សុផល
១៦ នាទី

ក្រុម​សហជីព​ ដែល​មិនមាន​និន្នាការ​ជាមួយ​រដ្ឋាភិបាល​ចំនួន​៦ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ប្រកាស​រួមគ្នា​ថា ​ពួកគេ​នឹង​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​យន្តការ​ត្រី​ភាគី​បូក​ ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៥​ខែ​កញ្ញា​ស្អែក​ ដោយ​ហេតុថា​កិច្ច​ប្រជុំ​នេះ​នឹង​មិន​មាន​ផល​ចំណេញ​ដល់​កម្មករ​ និយោជិត​។ ក៏​ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ​កម្ពុជា​ថ្លែង​ថា​កិច្ច​ប្រជុំ​នៅតែ​ដំណើរ​ការ​ធម្មតា​។

ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធសហជីពធំៗចំនួន៦ ក្នុងនោះដឹកនាំដោយសហភាពការងារកម្ពុជា(CLC) របស់លោក អាត់ ធន់ សម្ព័ន្ធសហជីពចលនាកម្មករ (CUMW) សម្ព័ន្ធសហជីព C.CAWDU សហព័ន្ធសហជីពកម្ពុជា(CATU) សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(FTUWKC) និង សហភាពចលនាកម្មករកម្ពុជា (CCW) បានសម្រេចរួមគ្នាថាធ្វើពហិកាកិច្ចប្រជុំយន្តការត្រីភាគីបូក ស្តីពីវិសោធនកម្មច្បាប់ការងារ គឺបន្ទាប់ពីពួកគេ បានជួបប្រជុំគ្នាពេញមួយថ្ងៃ​មុនកិច្ចប្រជុំផ្លូវការត្រូវធ្វើឡើង។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រុមសហជីពបានលើកឡើងថាហេតុផល ដែលពួកគេសម្រេចមិនចូលរួមកិច្ចពិភាក្សាក្នុងយន្តការត្រីភាគីបូក គឺដោយសារតែកិច្ចពិភាក្សាការងារធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ នឹងឈានទៅរកការធ្វើវិសោធនកម្មមាត្រា១៤៤ ស្តីពីការកាត់បន្ថយប្រាក់ឈ្នួលការងារវេនយប់ពី១៣០% មកត្រឹម១០០% និងមាត្រា១៦២ ស្តីពីការធ្វើការងារថ្ងៃបុណ្យជាតិចំថ្ងៃអាទិត្យ មិនលើកពេលឈប់សម្រាក១ថ្ងៃបន្ថែមទៀត ដែលការធ្វើវិសោធនកម្មមាត្រាទាំង២នេះ នាំឲ្យមានការខាតបង់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់កម្មករនិយោជិតស្ថិតនៅក្រោមវិសាលភាពនៃច្បាប់ការងារកម្ពុជា។

ក៏ប៉ុន្តែ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ប្រាប់វិទ្យុបារាំងRFI តាមសារអេឡិចត្រូនិកយ៉ាងខ្លីថា កិច្ចប្រជុំនឹងបន្តធម្មតា ហើយកិច្ចប្រជុំនេះ មិនមានកំណត់កូរ៉ុម ឬកូតានោះទេ។

ទោះយ៉ាងណា ក្រុមមេដឹកនាំសហជីព នៅតែទទូចសុំឲ្យរដ្ឋាភិបាលទំលាក់ចោលការប៉ុនប៉ងធ្វើវិសោធនកម្មច្បាប់ការងារនេះ ដូចដែលពួកគេបានស្នើសុំតាមរយៈកិច្ចប្រជុំ២លើករួចមកហើយកាលពីខែមករា និងខែកក្កដា ឆ្នាំ២០២០នេះ ដោយហេតុថាមិនមែនជាពេលវេលាសមស្របនៅក្នុងបរិបទនៃសេដ្ឋកិច្ច សង្គម និងនយោបាយបច្ចុប្បន្ន។

ក៏ប៉ុន្តែតំណាងរដ្ឋាភិបាលតែងមានការអះអាងថា ការធ្វើវិសោធនកម្មច្បាប់ការងារនេះ គឺដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែមទៀត នៅក្នុងឧស្សាហកម្មថ្មី ដែលធ្វើការ២៤ម៉ោង និងបង្កើនការប្រកួតប្រជែងនៅក្នុងលក្ខណៈជាតិ និងអន្តរជាតិ ក៏ដូចជាការបើកឱកាសថ្មីបន្ថែមទៀតសម្រាប់កម្មករ ដើម្បីពួកគេមានជំរើសច្រើននៅក្នុងការងារ។

សូមបញ្ជាក់ដែរថាមាត្រា១៤៤នៃច្បាប់ការងារត្រូវបានធ្វើវិសោធនកម្មម្តងហើយកាលពីឆ្នាំ២០០៧ ដែលបានកាត់បន្ថយប្រាក់ឈ្នួលការងារវេនយប់ពី២០០% មកនៅត្រឹម១៣០%។ ប្រសិនបើមាត្រាមួយនេះត្រូវបានធ្វើវិសោធនកម្មម្តងទៀត នោះប្រាក់ឈ្នួលនៃការធ្វើការងារវេនយប់ នឹងស្មើគ្នានឹងការងារវេនថ្ងៃ ត្រឹម១០០%ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ