ព្រះសង្ឃជិត៥០អង្គនៅវត្តមួយក្នុងខេត្តបាត់ដំបងចេញរោគសញ្ញាស្រដៀងកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
ព្រះសង្ឃចំនួន៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចេញរោគសញ្ញា ក្អក និងហៀរសំបោរ រយៈពេល៦ថ្ងៃមកហើយ ខណៈដែលកម្តៅក្នុងខ្លួនកើនដល់៣៧,៥អង្សាសេគឺស្រដៀងគ្នានឹងជំងឺកូវីដ១៩។ ប៉ុន្តែមន្ទីរសុខាភិបាលខេត្តបាត់ដំបងអះអាងថា ការកំណត់ស្ថានភាពរួមជាបឋមគឺ មិនមានភាពធ្ងន់ធ្ងរទេ ប៉ុន្តែអ្នកជំនាញត្រូវតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត។
ព្រះសង្ឃទាំង៤៦អង្គនោះគឺមានព្រះជន្មពី១១ទៅ១៩ព្រះវស្សា គង់នៅវត្តស្វាយដង្គំ ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ក្នុងវត្តនេះ ពោលមិនមែនជាអ្នកដំណើរមកពីក្រៅប្រទេសនោះទេ។ នេះបើតាមហ្វេសប៊ុករបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបងនៅថ្ងៃចន្ទនេះ។
នៅម៉ោងជាង១៩យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារ RRT របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរបានចុះពិនិត្យ និងយកសំណាកព្រះសង្ឃចំនួន២១អង្គ ដែលអាការៈក្តៅខ្លួនខ្លាំងដើម្បីទៅពិនិត្យរកកូវីដ១៩។ ប៉ុន្តែនៅមិនទាន់ចេញលទ្ធផលនៅឡើយ ខណៈមន្ទីរសុខាភិបាលខេត្តបាត់ដំបងអះអាងថា ការកំណត់ស្ថានភាពរួមជាបឋមគឺ មិនមានភាពធ្ងន់ធ្ងរទេ ប៉ុន្តែអ្នកជំនាញត្រូវតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត។
ជាមួយគ្នានោះក្រុមការងារបានណែនាំ លោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួន ដោយពាក់ម៉ាស់ ទទួលទានទឹកក្តៅជាប្រចាំ។
គួរកត់សំគាល់ថា ការដែលព្រះសង្ឃរាប់សិបអង្គកើតមានអាការៈក្តៅខ្លួន ក្អក និងហៀរសំបោរនេះ គឺជួនចំពេលដែលប្រជាពុទ្ធបរិស័ទនាំគ្នាទៅកាន់បិណ្ឌតាមប្រពៃណីយខ្មែរនៅតាមវត្តអារ៉ាម។
កាលពីថ្ងៃទី១៨សីហា ព្រះសង្ឃ២៨អង្គនៅវត្តប្រាសាទនាងខ្មៅ ក្នុងខេត្តតាកែវក៏ត្រូវបានគេរាយការណ៍ថា កើតមានអាការៈគ្រុនក្តៅ ក្អក និងហៀរសំបោរដូចករណីព្រះសង្ឃនៅខេត្តបាត់ដំបងនោះដែរ។ ប៉ុន្តែក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ព្រះសង្ឃទាំងនោះកើតជំងឺផ្តាសាយធំ ខណៈដែលព្រះចៅអធិការវត្តក៏បានបញ្ជាក់ថា នៅមុនពេលកើតអាការៈបែបនេះ ព្រះសង្ឃក្មេងៗទាំងនោះនាំគ្នាស្រង់ទឹកភ្លៀង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ