អានតួអត្ថបទ
កម្ពុជា-សង្គម

លោកសម រង្ស៊ី ជំរុញសហគមន៍អន្តរជាតិឱ្យរុញរដ្ឋាភិបាលកម្ពុជាអនុវត្តបានត្រឹមត្រូវនូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

លោក សម រង្ស៊ី (រូបភាពឯកសារ)
លោក សម រង្ស៊ី (រូបភាពឯកសារ) © REUTERS
ដោយ៖ វណ្ណ សុគន្ធា
១៤ នាទី

ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ លោក​សម រង្ស៊ី កាល​ពី​ថ្ងៃ​ចន្ទ​បាន​លើក​យក​បញ្ហា​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មក​និយាយ​សារ​ជា​ថ្មី​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​។ លោក​សម រង្ស៊ី បាន​អំពាវនាវ​ម្តង​ទៀត​ឱ្យ​សហគមន៍​អន្តរជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​បាន​ត្រឹមត្រូវ​ និង​ពេញលេញ​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ​។ ប៉ុន្តែ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​កិច្ច​ព្រៀមព្រៀង​នេះ​បាន​ត្រឹមត្រូវ​ហើយ​ដែល​នាំឱ្យ​កម្ពុជា​មាន​សន្តិភាព​ និង​ស្ថេរភាព​នយោបាយ​ដូច​ពេល​បច្ចប្បន្ន​នេះ​។

ផ្សាយពាណិជ្ជកម្ម

គឺនៅលើទំព័រហ្វេសប៊ុក លោកសម រង្ស៊ី បានអះអាងដូច្នេះថា សហគមន៍អន្តរជាតិត្រូវតែជំរុញឱ្យមានការអនុវត្តន៍ត្រឹមត្រូវ និងពេញលេញចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការអនុវត្តនេះ គឺលោកសម រង្ស៊ី ចង់ឱ្យផ្តោតសំខាន់លើចំណុចពីរ គឺទី១ គឺធានាលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា និង ទី២ គឺធានាអព្យាក្រិតភាពពិតប្រាកដនៃប្រ​ទេសកម្ពុជា ដែលហាមឃាត់មហាអំណាចណាមួយ ដូចប្រទេសចិនពេលនេះ មិនឱ្យមកសាងសង់មូលដ្ឋានយោធាណាមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីឈ្លានពានប្រទេសជិតខាង។

លោកសុខ ឥសាន​ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចាត់ទុកការលើកឡើងរបស់លោកសម រង្ស៊ីនេះ ជាមតិលាបពណ៌ដែលខុសពីស្ថានភាពពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។ បើតាមលោកសុខ ឥសាន ខ្លឹមសារសំខាន់ៗរបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជាបានអនុវត្តតាមដោយត្រឹមត្រូវ និងពេញលេញ។ ហេតុដូច្នេះហើយ​ទើបកម្ពុជាមានសន្តិភាព ឯកភាព និងស្ថេរភាពនយោបាយដូចសព្វថ្ងៃនេះ។

សូមកត់សម្គាល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានក្លាយជាតឹកតាងមួយដែលតែងតែត្រូវបានអតីតបក្សប្រឆាំងលើកយកមកធ្វើជាសំអាង និង ជំរុញឱ្យសហគមន៍អន្តរជាតិរុញរដ្ឋាភិបាលកម្ពុជាអនុវត្តឱ្យបានត្រឹមត្រូវ និងពេញលេញ។ លោកសម រង្ស៊ី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះថា  កិច្ចព្រមព្រៀងនេះគឺជួយឱ្យប្រជារាស្ត្រខ្មែរបានស្គាល់សេរីភាព និងយុត្តិធម៌ផង ហើយជួយពង្រឹងសន្តិភាពក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ និងក្នុងពិភពលោកទាំងមូលផង។

ប៉ុន្តែសម្រាប់លោកសុខ ឥសានវិញ ការដែលអតីតបក្សប្រឆាំងក៏ដូចលោកសម រង្ស៊ី តែងតែលើកឡើងពីបញ្ហាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺដើម្បីបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ពិសេស គឺប្រជាពលរដ្ឋខ្មែរតែម្តង។ ទោះជាបែបនេះក្តី លោកថា មិនមានប្រយោជន៍អ្វីទេ ដោយសារតែប្រជាពលរដ្ឋខ្មែរកំពុងទទួលបានផលពីកិច្ចព្រមព្រៀង​នេះតាមរយៈការគោរព និងអនុវត្តបានយ៉ាងត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ