ក្រសួងសុខាភិបាល៖ ព្រះសង្ឃជាង ១២០អង្គ មានអាពាធជំងឺផ្តាសាយធំ តែត្រូវបានព្យាបាលជាសះស្បើយជិតអស់ហើយ
ចុះផ្សាយនៅថ្ងៃ៖
មានព្រះសង្ឃចំនួនជាង ១២០អង្គ គង់ក្នុងវត្តនៅតាមខេត្តចំនួន ៤ រួមមានតាកែវ ត្បូងឃ្មុំ បាត់ដំបង និងបន្ទាយមានជ័យ មានអាពាធជំងឺផ្តាសាយធំ ក្នុងអំឡុងខែសីហា និងខែកញ្ញាថ្មីៗនេះ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅព្រឹកថ្ងៃពុធនេះ ដោយបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ព្រះសង្ឃដែលអាពាធ ហើយធ្លាប់មានចេញអាការៈគួរឲ្យសង្ស័យទាំងនេះ ត្រូវបានព្យាបាលឲ្យជាសះស្បើយជិតអស់ហើយ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី ១៦ខែកញ្ញាថា ការផ្ទុះឡើងនូវការឆ្លងជំងឺផ្តាសាយធំ លើព្រះសង្ឃនេះ គឺមកពីកត្តាជាច្រើន ដូចជា ការប្រែប្រួលអាកាសធាតុ ការវិវត្តបម្រែបម្រួលនៃវីរុស ឫមេរោគផ្សេងៗ នៅក្នុងបរិស្ថាន។
តាមលោកស្រី វណ្ណឌីន គួបផ្សំនឹងការប្រែប្រួលនេះ ការប៉ះពាល់ ជាមួយពពួកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ និងពពួកសត្វបក្សី ឫការបរិភោគពពួកសត្វទាំងនេះដែលចម្អិនមិនបានឆ្អិន និងមានកង្វះអនាម័យ ក៏អាចការមូលហេតុនៃការគ្រុនផ្តាសាសាយធំតៗគ្នាផងដែរ។
គួរជម្រាបជូនថា នៅពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ថាព្រះសង្ឃជាច្រើនអង្គ ក្នុងខេត្តចំនួន ៤ មានចេញអាការៈគ្រុនក្តៅលើសពី ៣៧.៥អង្សារ ព្រមទាំងមានអាការៈក្អក និងហៀរសំបោរជាដើម ដែលមានការបារម្ភពីរោគសញ្ញានៃជំងឺកូវីដ ១៩។ ប៉ុន្តែយោងតាមការយកសំណាក ទៅពិនិត្យ ក្រសួងសុខាភិបាល បញ្ជាក់ថា មិនមានឃើញករណីវិជ្ជមានកូវីដទេ ដោយនេះជាករណីផ្តាសាយធំប៉ុណ្ណោះ។ ជាមួយគ្នា ក្រសួងសុខាភិបាល ក៏បានយកឈាមរបស់ព្រះសង្ឃទៅពិនិត្យពីជំងឺគ្រុនឈាម និងគ្រុនឈីកដែរ។
សូមរម្លឹកជូនថា ព្រះសង្ឃដែលចេញអាការៈគ្រុនក្តៅ ក្អក និងហៀរសំបោរ នៅក្នុងខែកញ្ញានេះ មាន ២៦អង្គ គង់នៅវត្តបឹងត្រស់ ក្នុងឃុំភ្នំតូច ស្រុកមង្គលបូរី ខណៈ ៤៦អង្គផ្សេងទៀត គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ចំណែកកាលពីខែសីហា កន្លងទៅ មានព្រះសង្ឃ ២៨អង្គ គង់នៅវត្តប្រាសាទនាងខ្មៅ ក្នុងខេត្តតាកែវ និងព្រះសង្ឃផ្សេងទៀត ក្នុងខេត្តត្បូងឃ្មុំ ត្រូវបានរាយការណ៍ថា មានអាការៈដូចគ្នានេះដែរ។
ដោយបារម្ភពីស្ថានភាពនេះ និងជាពិសេសគឺក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌផង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានផ្ញើលិខិតទៅកាន់អភិបាលរាជធានី ខេត្តទាំងអស់ កាលពីថ្ងៃទី ១៤ខែកញ្ញា ស្នើឲ្យមានការពង្រឹងការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនផ្តាសាយធំ ក្នុងប្រទេសកម្ពុជា។
ក្រសួងសុខាភិបាល បានអំពាវនាវឲ្យទាំង ព្រះសង្ឃ លោកតាអាចារ្យ លោកយាយជី និងគណកម្មការវត្តទូទាំងប្រទេសកម្ពុជា ព្រមទាំងពលរដ្ឋទាំងអស់ផង ត្រូវចូលរួមអនុវត្តន៌វិធានការអនាម័យខ្លួន ប្រាណ ជាពិសេសអនាម័យដៃឲ្យបានស្អាតជាប់ជានិច្ច ។ ត្រូវប្រើម៉ាស់ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម ឫកន្លែងដែលមានមនុស្សម្នាច្រើន និងត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គល។ ជាមួយគ្នា ក៏ត្រូវចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ និងសត្វបក្សី ដោយផ្ទាល់ ឬ ត្រូវលាងសម្អាតដៃភ្លាមៗ ក្រោយបានប៉ះពាល់ហើយ។ ជាពិសេសផងដែរ គឺត្រូវបរិភោគម្ហូបអាហារឆ្អិនល្អ និងគោរព តាមការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ