អាល់កុលលាងដៃ នឹងបង្កឱ្យបាក់តេរីមានភាពស៊ាំនឹងថ្នាំ ?
ចុះផ្សាយនៅថ្ងៃ៖
លាងដៃ ជាមធ្យោបាយការពារខ្លួនពីកូវីដ១៩ យ៉ាងប្រពៃបំផុតមួយ បន្ថែមពីលើការរក្សាគម្លាតសុវត្ថិភាពនិងពាក់ម៉ាស។ ប៉ុន្តែការប្រើជែលឬអាល់កុល លាងដៃ ច្រើននិងញឹកញយពេក អាចជួយមេរោគបាក់តេរីឱ្យស៊ាំ និងលូតលាស់បង្កបញ្ហាដល់សុខភាពសាធារណៈទៅវិញទេ។ នេះបើតាមការប្រកាសពញ្ជាក់ស្មារតី របស់អ្នកវិទ្យាសាស្ត្រអង់គ្លេស។ ចំពោះក្មេងវិញ ថ្វីបើជែលឬអាល់កុលលាងដៃ មិនមែនជាផលិតផលគ្រោះថ្នាក់ ប៉ុន្តែបើតាមការសិក្សារបស់ភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងថ្នាំពុលនិងថ្នាំញៀនបារាំង ជែលជាដើមហេតុនៃការបញ្ជូនកុមារទៅសង្គ្រោះបន្ទាន់ ចំនួជាច្រើនរយនាក់ហើយ។
នៅពេលចេញដើរ ទៅធ្វើការ ប្រើយានជំនះសាធារណៈ ... ប្រើជែលឬអាល់កុលលាងដៃ បានក្លាយជាកាយវិការដ៏សាមញ្ញមួយរបស់មនុស្សសម័យថ្មី។ ទម្លាប់ប្រើជែលឬអាល់កុលនេះ បានកើតឡើង តាំងពីមានផ្ទុះជំងឺគ្រុនផ្តាសាយ H1N1 និងកាន់តែពេញនិយមខ្លាំង នៅពេលលេចជំងឺកូវីដ១៩។
ជែលនិងភាពស៊ាំរបស់បាក់តេរី
ស្រាល តូច ស្រួលយកដាក់តាមខ្លួន អាចដកយកមកសម្អាតដៃ នៅទីណាក៏បាន នៅពេលណាក៏បាន ជែលឬអាល់កុល លាងដៃ មិនមែនជាផលិតផលដែលគ្មានផលរំខានឡើយ។ វេជ្ជបណ្ឌិត អេនឌ្រូ កេម ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃវិទ្យាស្ថានវិទ្យាសាស្ត្រសម្អាតអនាម័យអង់គ្លេស បានសម្តែងការព្រួយបារម្ភរបស់លោកប្រាប់អ្នកសារព័ត៌មានអង់គ្លេស អំពីហានិភ័យនៃការប្រើប្រាស់ជែលឬអាល់កុលលាងដៃជាប្រចាំ ថា អាចនឹងបង្កឱ្យមានការលេចឡើងនូវភាពស៊ាំរបស់បាក់តេរី។
មុនការផ្តល់បទសម្ភាសន៍ឱ្យសារព័ត៌មាន Daily Express នៅថ្ងៃទី ៣០សីហា លោកវេជ្ជបណ្ឌិត កេម ក៏ធ្លាប់បានបោះផ្សាយកាលពីខែមីនា នូវអត្ថបទមួយក្នុងទម្រង់ជាបទវិចារណកថារបស់ទស្សនាវេជ្ជសាស្ត្រអាមេរិក American Journal of Biomedical Science and Research ថា “ជែលដែលមានផ្ទុកជាតិអាល់កុល មិនត្រឹមតែមានសមត្ថភាពបង្កើនចំនួនបាក់តេរីនៅលើស្បែកទេ តែថែមទាំងអាចធ្វើឱ្យមានការប្រែប្រួលប្រភេទបាក់តេរីនៅលើស្បែកមនុស្សទៀត”។
លោកវេជ្ជបណ្ឌិត ខ្លាចក្រែងតែការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាការបើកផ្លូវនាំឱ្យមានការលំបាកមួយផ្សេងទៀត គឺបាក់តេរីអាចស៊ាំនឹងជែលឬអាល់កុលលាងសម្អាតដៃ។ និយាយឱ្យស្រួលស្តាប់ អាល់កុលដែលមានក្នុងជែលលាងដៃ នឹងទៅសម្លាប់មេរោគស្ទើរអស់ សល់តែមេរោគណាដែលមានសមត្ថភាពខ្លាំងពីកំណើតអាចធន់នឹងសារធាតុអាល់កុលបាន។ ដូច្នេះប្រសិនបើយើងប្រើជែលឬអាល់កុលលាងដៃ ញយៗទៅ មេរោគឬបាក់តេរីខ្លាំងនោះនឹងបង្កើនខ្លួន ពង្រីកសមាជិកបានយ៉ាងងាយ នៅលើស្បែករបស់យើងដែលស្អាតទូលាយ ព្រោះបាក់តេរីខ្សោយផ្សេងៗងាប់អស់ទៅហើយ។
ជែលឬអាល់កុលលាងដៃ គ្មានប្រសិទ្ធភាពសម្លាប់មេរោគ១០០%ទេ។ ដោយជាក់ស្តែង បើនៅលើដបជែល គេសរសេរថា ជែលអាចសម្លាប់មេរោគបាន៩៩,៩% មានន័យថា៩៩,៩%នៃប្រភេទបាក់តេរីដែលគេយកមកធ្វើតេស្ត។ ដូច្នេះបើយើងយកជែលនោះមកសម្អាតដៃ ដែលមានបាក់តេរីនៅលើស្បែកដល់ទៅជាងមួយលានមុខ គ្រប់ពេលនោះ មានន័យនៅសល់បាក់តេរីជាង១ម៉ឺនទៀត ដែលអាល់កុលសម្លាប់មិនងាប់ បន្តរីកលូតលាស់យ៉ាងរំភើយពេលស្ងួតជែល។
យន្តការបែបនេះ សម្រាប់លោកវេជ្ជបណ្ឌិត កេម អាចបង្កបញ្ហាពីរ ៖ ទីមួយ ប្រសិនបើបាក់តេរីដែលមិនងាប់ ជាប្រភេទបាក់តេរីបង្កជំងឺ នោះវាអាចនឹងធ្វើការចម្លងយ៉ាងងាយ ទៅមនុស្សជាច្រើនផ្សេងទៀត។ ទីពីរ បើបាក់តេរីស៊ាំនឹងជែលឬអាល់កុលដែលជាផលិតផលសម្លាប់មេរោគ មានន័យបាក់តេរីនោះមានខ្លះនឹងស៊ាំជាមួយថ្នាំផ្សះ (ថ្នាំអង់ទីប៊ីយូទិក)។ បាក់តេរីធន់នឹងវិធីការពារផង (ការលាងសម្អាតដៃ) បាក់តេរីធន់នឹងការព្យាបាលជំងឺ (ថ្នាំផ្សះ) ដែលមេរោគនេះជាបង្កទៀត។
ជាសរុបគេនឹងអាចនិយាយបានថា ទៅថ្ងៃមុខ ប្រភេទជំងឺបង្កឡើងដោយបាក់តេរី អាចនឹងកើនឡើង ហើយពិបាកនឹងធ្វើការព្យាបាលទៀត។ និយាយដោយខ្លី ការប្រើប្រាស់ជែលជាទម្លាប់ប្រចាំថ្ងៃ សម្រេចសម្រួចទៅអាចនឹងបង្កផលវិបាកច្រើនជាងផ្តល់ផលល្អ។ ដូច្នេះតើត្រូវធ្វើដូចម្តេច ? ជម្រើសដ៏ប្រសើរជាងគេ គឺត្រូវលាងដៃនឹងទឹកដុះសាប៊ូធម្មតា ដូចអ្វីដែលអង្គការសុខភាពពិភពលោកបានណែនាំតាំងពីផ្ទុះកូវីដ១៩ភ្លាម។ ការប្រើជែល ត្រូវធ្វើតែក្នុងករណីទ័ល និងម្តងកាលបានហើយ ព្រោះម្យ៉ាងទៀត រហូតមកទល់នឹងពេលនេះ ពិភពលោកអ្នកវិទ្យាសាស្ត្រក៏ពុំទាន់មានភស្តុតាងអ្វីផ្សព្វផ្សាយថាជែលធ្វើពីអាល់កុលអាចសម្លាប់កូរ៉ូណាវីរុសដែលបង្កជំងឺកូវីដ១៩ទេ។
របៀបប្រើជែល
នេះជាទស្សនវិស័យរបស់លោកវេជ្ជបណ្ឌិត កេម ប៉ុន្តែបើក្នុងករណីចាំបាច់ថាត្រូវតែមាន ត្រូវតែប្រើជែលឬអាល់កុលលាងដៃ សូមចេះជ្រើសរើសផលិតផល និងចេះគោរពវិធីប្រើ។ តើជែលឬអាល់កុលលាងដៃជាអ្វី ? អាល់កុល ឬជែល ជាល្បាយដែលមានសារធាតុអាល់កុល អេតាណុល ពី៦០ទៅ៧០%។ ជាផលិតផលសម្លាប់មេរោគ មិនមែនជាផលិតផលសម្រាប់លាងសម្អាតដៃ ឱ្យច្រាសពីភាពកខ្វក់ទេ។ ជែលសម្លាប់មេរោគ តែមិនបានកម្ចាត់បណ្តេញមេរោគនោះចេញពីស្បែកឡើយ។ ជែលមានជាតិអាល់កុល ដូច្នេះវានឹងធ្វើស្បែកស្ងួត។ បើប្រើកាន់តែច្រើន ស្បែកពិតជាកាន់តែងាយស្ងួត។ ស្បែកស្ងួតងាយនឹងរងប្រតិកម្មពីកាំរស្មីUV និង ពន្លឺអាំងហ្វារ៉ូ ដែលងាយធ្វើឱ្យស្បែកដៃ ឡើងរោល កន្ទួល ឡើងជាំ ឬឡើងត្រអកតែម្តងចំពោះអ្នកដែលងាយមានជំងឺសើរស្បែកស្រាប់។ ហេតុដូច្នេះបានជានៅក្នុងជែលឬល្បាយអាល់កុលលាងដៃ គេដាក់បន្ថែមនូវសារធាតុគ្លីសសេរីន ដើម្បីទប់ស្កាត់ភាពស្ងួត។
ជែលឬអាល់កុលលាងដៃ ជាផ្នែកមួយនៃការទប់ស្កាត់ជំងឺកូវីដ១៩ បន្ថែមពីលើការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព។ ប៉ុន្តែ ជែលឬល្បាយអាល់កុល ដែលមានប្រយោជន៍អាចសម្លាប់មេរោគពីដៃបាននេះ គួរតែត្រូវប្រើប្រាស់ដោយមានកំរិត និងដោយប្រុងប្រយ័ត្ន ជាពិសេសនៅពេលមេឃក្តៅ និងនៅពេលប្រឈមនឹងពន្លឺព្រះអាទិត្យ។ នេះបើតាមការរំលឹករបស់សមាគមន៍គ្រូពេទ្យស្បែកបារាំង កាលពីថ្ងៃទី ២៣មិថុនា២០២០។
ល្បាយអាលកុល ឬជែល មានអំណាចសម្លាប់មេរោគ ជាពពួកបាក់តេរី វីរុស និងពពួកផ្សិត មិនមែនជាផលិតផលសម្រាប់លាងដៃទេ។ ដូច្នេះមិនត្រូវប្រើវានៅពេលដៃសើម។ លាបជែលទាំងដៃសើម មិនត្រឹមតែធ្វើឱ្យល្បាយកាន់តែរាវ និងបាត់ប្រសិទ្ធភាពទេ តែថែមទាំងអាចបង្កគ្រោះថ្នាក់ដល់ស្បែកទៀត។ ធាតុផ្សំរបស់ជែលឬល្បាយអាល់កុលមួយមុខ មានប្រតិកម្មនឹងទឹក ដោយធ្វើឱ្យល្បាយឡើងក្តៅ និងអាចរោលរលាកស្បែកដៃបាន។ ថ្វីបើសារធាតុបន្សំរបស់ជែល ដែលផលិតឡើងតាមបទដ្ឋានសុខភាពត្រឹមត្រូវ មិនធ្វើសំយោគនឹងពន្លឺព្រះអាទិត្យ និងមិនបង្កហានិភ័យអ្វីនៅពេលត្រូវពន្លឺថ្ងៃ (ពន្លឺព្រះអាទិត្យ)មែន តែសូមប្រយ័ត្នចំពោះជែលឬអាល់កុលលាងដៃ ដែលមានលាយក្លិន លាយទឹកអប់ ឬប្រេង ឬអាល់កុលបំផ្លែង ព្រោះវាអាចនឹងធ្វើសំយោគជាមួយពន្លឺនិងកម្តៅព្រះអាទិត្យ។
ជាថ្មីម្តងទៀត លាងដៃនឹងសាប៊ូជាជម្រើសដ៏ប្រសើរជាងគេ។ យើងត្រូវការពារខ្លួនពីកូវីដ១៩ ដោយមិនភ្លេចការពារខ្លួនពីជំងឺផ្សេង និងដោយមិនបង្កបង្កើតផលវិបាកមួយទៀតដាក់ខ្លួនឡើយ។
ជាចុងក្រោយសូមទុកដាក់ជែលឬអាល់កុលលាងដៃដោយប្រុងប្រយ័ត្ន ឱ្យផុតពីដៃនិងពីភ្នែកក្មេង។ នៅប្រទេសបារាំង មានក្មេងមិនតិចទេ ដែលបានរងគ្រោះ ជាពិសេសកុមារក្រោមអាយុ៤ឆ្នាំ។ ដោយភាពធ្វេសប្រហែសរបស់មនុស្សធំ មានក្មេងខ្លះបានផឹកជែលឬអាល់កុលលាងដៃ រហូតដល់ថា្នក់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ជែលឬអាល់កុលប៉ះឬចូលភ្នែក បានធ្វើឱ្យក្មេងជាច្រើននាក់ត្រូវឆ្លងកាត់ការវះកាត់ជាបន្ទាន់។ អាល់កុលចូលភ្នែកនឹងធ្វើឱ្យរលាកស្រទាប់ស្បែកភ្នែក និងស្រវាំងមើលលែងសូវច្បាស់។ សូមបង្កើនការប្រុងប្រយ័ត្ន បើជួបករណីបែបនេះត្រូវចាប់លាងភ្នែកកូននឹងទឹកសេរ៉ូមដាក់ភ្នែក ឬទឹកស្អាតក៏បាន រយៈពេលកន្លះម៉ោង។ រួចបើចាំបាច់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ