អានតួអត្ថបទ
កម្ពុជា

ក្រុមហ៊ុន Union Group និងស្ថានទូតចិនទាត់ចោលការចោទប្រកាន់របស់អាមេរិក និងទទូចឱ្យដកទណ្ឌកម្មចេញវិញ

Darasakor preoject
Darasakor preoject © @Union Development Group
ដោយ៖ វណ្ណ សុគន្ធា
១៨ នាទី

ក្រុមហ៊ុន​ចិន ​Tianjin Union Development Group និងស្ថានទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃទី១៦ ខែកញ្ញាបានចេញមកទាត់ចោលនូវការចោទប្រកាន់របស់ក្រសួងសេដ្ឋកិច្ចអាមេរិកចំពោះដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុន Union Develop​ment Group នៅកម្ពុជា។ ប្រតិកម្មនេះ គឺធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រសួងសេដ្ឋកិច្ចអាមេរិកបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើក្រុមហ៊ុន ​​Union Development Group ដោយចោទប្រកាន់ថាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និង មានអំពើពុករលួយក្នុងដំណើការសាងសង់គម្រោងអភិវឌ្ឍតារាសាគរក្នុងខេត្តកោះកុងរបស់កម្ពុជា។​

ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃពុធ ក្រុមហ៊ុនចិន Tianjin Union Development Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Union Development Group និងស្ថានទូតចិនប្រចាំនៅកម្ពុជាបានជំទាស់យ៉ាងខ្លាំងទៅនឹងការសម្រេចដាក់ទណ្ឌកម្មរបស់ក្រសួងសេដ្ឋកិច្ចអាមេរិក។ សម្រាប់ក្រុមហ៊ុនចិន Tianjin Union Development Group ការចោទប្រកាន់ទាំងអម្បាម៉ានរបស់ក្រសួងសេដ្ឋកិច្ចអាមេរិក គឺជាការមិនអើពើនឹងការពិត ហើយប្រឌិតរឿងតែមាត់។ ដូច្នេះហើយ ក្រុមហ៊ុននេះជំទាស់យ៉ាងដាច់ខាតចំពោះការចោទប្រកាន់ និងដាក់ទណ្ឌកម្មលើក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ Union Development Group។

ចំណែក ស្ថានទូតចិនតាមរយៈអ្នកនាំពាក្យវិញបានថ្កោលទោសយ៉ាងខ្លាំងចំពោះរឿងនេះ។ ស្ថានទូនចិនប្រចាំនៅកម្ពុជាថែមទាំងហៅការសម្រេចដាក់ទណ្ឌកម្មរបស់អាមេរិកថា ជាសកម្មភាពដែលប្រើអំណាចគៀបសង្កត់ជាខ្លាំង។ សម្រា​ប់ស្ថានទូតចិន ការគៀបសង្កត់របស់រដ្ឋាភិបាលអាមេរិកទៅលើការវិនិយោគស្របច្បាប់របស់សហគ្រាសចិននៅកម្ពុជា គឺមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍ស្របច្បាប់របស់សហគ្រាសនោះទេ តែរឹតតែជាការរំលោភបំពានទាំង​ស្រុងលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ ទោះជាប្រតិកម្មបែបនេះ តែស្ថានទូតចិនបានទទូចឱ្យអាមេរិកកែប្រែវិធីសាស្រ្តរបស់ខ្លួនជាបន្ទាន់ និងដកទណ្ឌកម្មទាំងស្រុងចេញវិញ។

កាលពីថ្ងៃទី១៥ ខែកញ្ញា ការិយាល័យ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​នៃ​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌ​កម្ម​លើ​ក្រុមហ៊ុន​ចិន​ Union Development Group ក្រោម​មូល​ហេតុ​បាន​រឹប​អូស​ និង​បំផ្លិចបំផ្លាញ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ដើម្បី​សាងសង់​គម្រោង​អភិវឌ្ឍ​តារាសាគរ​នៅ​ក្នុង​ខេត្ត​កោះកុង​។ ក្រសួងសេដ្ឋកិច្ចអាមេរិកបានអះអាងថា ក្រុមហ៊ុន Union Development Group ជាក្រុមហ៊ុនរបស់រដ្ឋចិន ហើយបានទាក់ទងជាមួយលោកគន់ គីម  អនុប្រធាន​ទី១​នៃ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បីជួយប្រមូលដីឱ្យខ្លួនសម្រាប់ការធ្វើអភិវឌ្ឍគម្រោងតារាសាគរនៅក្នុងខេត្តកោះកុង។

ក្រុមហ៊ុន Tianjin Union Development Group បានទាត់ចោលនូវការចោទប្រកាន់ទាំងអស់នេះ។ បើតា​មក្រុមហ៊ុនចិននេះ ក្រុមហ៊ុន Union Development Group មិនមែនជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិនឡើយ តែជាក្រុមហ៊ុនឯកជន​។ ក្រុមហ៊ុន Tianjin Union Development Group បានអះអាងទៀតថា ខ្លួនបានអនុវត្តបានយ៉ាងត្រឹមត្រូវតាមកិច្ចសន្យាជាមួយរដ្ឋាភិបាលកម្ពុជា និង មិនបានបំពានច្បាប់ណាមួយឡើយ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនចិនក៏បានគូសបញ្ជាក់ដែរថា ខ្លួននឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍នៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះជម្នះរាល់ការលំបាក ដើម្បីកសាងគម្រោងតារាសាគរឱ្យបានល្អ និង ចូលរួមចំណែកក្នុងការលើកកម្ពស់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ​និង ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ