អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

ក្រសួងទេសចរណ៍៖ ២ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរចេញដើរកម្សាន្តជាង ៦៧ម៉ឺននាក់

ភ្ញៀវទេសចរកំពុងថតថ្ងៃរះនៅប្រាសាទអង្គរវត្ត
ភ្ញៀវទេសចរកំពុងថតថ្ងៃរះនៅប្រាសាទអង្គរវត្ត AP - Heng Sinith
១៦ នាទី

ក្នុងរយៈពេល ២ថ្ងៃ នៃពិធីបុណ្យ​ភ្ជុំបិណ្ឌ ពោល​គឺថ្ងៃទី ១៦ និង​ ១៧ខែកញ្ញា​ មាន​ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ ប្រមាណជាង ៦៧ម៉ឺននាក់ បានចេញ​ដើរកម្សាន្ត​នៅតាមបណ្តា​រាជធានី ខេត្ត ទាំង ២៥ ទូទាំងប្រទេសកម្ពុជា។ នេះបើតាម​របាយការណ៍​ចេញផ្សាយ​ដោយ​ក្រសួងទេសចរណ៍ នៅថ្ងៃទី ១៨​ខែកញ្ញានេះ ដោយ​បញ្ជាក់ថា ភ្ញៀវទេសចរទាំងនេះ ភាគច្រើន បាន​ដើរកម្សាន្ត​​ក្រោយ​ពេល​ចេញពីវត្តអារាម ធ្វើបុណ្យ​ទាន​ហើយ។​

ផ្សាយពាណិជ្ជកម្ម

ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា នៅក្នុង​ថ្ងៃទី ១នៃពិធីបុណ្យ​ភ្ជុំបិណ្ឌ ពោល​គឺថ្ងៃទី ១៦កញ្ញា​ មាន​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជិត ២២ម៉ឺននាក់ បាន​ចេញ​ដើរកម្សាន្ត ខណៈនៅថ្ងៃទី ២ គឺថ្ងៃទី ១៧ខែកញ្ញា មាន​ភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់​ទៀត បាន​ដើរកម្សាន្តដែរ ដែលធ្វើឲ្យ​ចំនួនអ្នក​ចេញដើរកម្សាន្ត​ ​តាម​គោល​ដៅទេសចរណ៍នានាជាសរុប ទូទាំងប្រទេស ២ថ្ងៃនៃពិធីបុណ្យ​ភ្ជុំបិណ្ឌ​មកនេះ មានជាង ៦៧ម៉ឺននាក់។​

 តាម​របាយការណ៍របស់ក្រសួងទេសចរណ៍ដដែល ខេត្ត​ដែល​ទទួលបាន​ភ្ញៀវ​ចេញដើរកម្សាន្ត​ក្នុងឱកាសឈប់​សម្រាកនេះ បាន​ច្រើន​ជាងគេ រួមមាន​ខេត្ត​បាត់ដំបង សៀមរាប កំពង់ឆ្នាំង ព្រះសីហនុ ពោធិ៍សាត់​ ខេត្ត​កែប ខេត្តកំពត បន្ទាយ​មានជ័យ និង​ខេត្តកណ្តាល។

ក្រសួងទេសចរណ៍ កត់សម្គាល់ដែរថា ទោះបីជា​អាកាសធាតុក្នុងខេត្ត​ខ្លះ មាន​ភ្លៀងធ្លាក់ខ្លាំង បូក​រួម​នឹងបរិបទកូវីដ ១៩​ផង តែការ​ដើរកម្សាន្តរបស់ពលរដ្ឋ​ក្នុងស្រុក នៅតែមាន​សន្ទុះខ្លាំង។ បើតាមការ​សង្កេតពីមន្ទីរទេសចរណ៍នានា ការ​ដើរកម្សាន្ត​របស់​ប្រជាពលរដ្ឋ​ភាគច្រើន ធ្វើឡើងជាលក្ខណៈគ្រួសារ ដោយ​ពួកគេ​បន្ត​ដំណើរកម្សាន្ត ក្រោយ​ពេល​ចេញពីចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌតាម​វត្តអារាមហើយ។ ជាមួយគ្នា ការ​ដើរកម្សាន្ត​ភាគច្រើន គឺនៅតាម​គោលដៅ​ទេសចរណ៍ ដែល​ជិត​ៗស្រុក​កំណើតរបស់​ពួកគេប៉ុណ្ណោះ។

ពាក់ព័ន្ធនឹង​ការចំណាយ​វិញ គេសង្កេតឃើញថា ពលរដ្ឋ​ភាគច្រើន​ បាន​ផ្តោតលើការទិញគ្រឿងឧបភោគបរិភោគ រៀបចំចង្ហាន់ និងគ្រឿងសក្ការៈសម្រាប់ពិធីបុណ្យ។ ហើយ​ពេលដើរកម្សាន្ត ពួកគេ​មានរៀបចំម្ហូបអាហារ​រៀងៗខ្លួន ដោយ​មិន​សូវ​ទិញ​អាជីវករ​នៅតាម​កន្លែងទេសចរណ៍នោះទេ។​

លោក​ ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ បានប្រាប់វិទ្យុបារាំងនៅថ្ងៃសុក្រនេះថា ការ​ដើ​រកម្សាន្ត​របស់​ភ្ញៀវទេសចរក្នុងស្រុក​ភ្ជាប់​ជាមួយ​ពិធី​បុណ្យ​ទាននានា​នេះ ជាសញ្ញាវិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍ក្នុងស្រុក ក្នុងការ​ជម្រុញ​ទ្រទ្រង់វិស័យទេសចរណ៍កម្ពុជានិយាយ​ជារួម និង​ជាការរួម​​ចំណែក​បង្កើន​ចំណូល និងសេដ្ឋកិច្ចនៅតាម​មូលដ្ឋាន​ និយាយដោយឡែក។

សូមបញ្ជាក់ថា ចំនួន​តួលេខ​ភ្ញៀវទេសចរ ដែលបង្ហាញ​ដោយ​ក្រសួងទេសចរណ៍នេះ បាន​មក​ពីការ​បូក​សរុប​តួលេខដែលធ្វើតាមការ​ណែនាំពីអង្គការ​ទេសចរណ៍ពិភពលោក។ លោក​ជុក ជំនោរ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ នៅពេលល្ងាចៗ អាជ្ញាធរនៃមន្ទីរទេសចរណ៍តាមបណ្តាខេត្តនានា តែងតែចុះទៅប្រមូល​តួលេខ​ និងសាកសួរព័ត៌មានពី​ក្រុមអាជីវករ និង​ម្ចាស់មូលដ្ឋាន​ ​ នៅតាម​តំបន់គោលដៅទេសចរណ៍ធំៗ ដើម្បីធ្វើបច្ចុប្បន្នភាព​នៃចំនួន​អ្នក​ដើរកម្សាន្ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ