អានតួអត្ថបទ
កម្ពុជា ច្បាប់

កម្ពុជាសោកស្តាយចំពោះការអំពាវនាវរបស់មន្ត្រីអាមេរិក ឲ្យដោះលែងសកម្មជនដែលត្រូវបានចាប់ខ្លួន ថាមានស្តង់ដារពីរ

ស្រ្តីម្នាក់ដែលត្រូវបានរារាំងពីសមត្ថកិច្ច
ស្រ្តីម្នាក់ដែលត្រូវបានរារាំងពីសមត្ថកិច្ច REUTERS - STRINGER
ដោយ៖ វ៉ា សំណព្វ
១៧ នាទី

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​នៅល្ងាច​ថ្ងៃទី ​១៨ ​កញ្ញានេះ ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ​ដោយបាន​សំដែងការ​សោកស្តាយ​និងខកចិត្ត​ចំពោះ​សេចក្តីថ្លែងការណ៍​របស់ឥស្សជន​នយោបាយ​សហរដ្ឋអាមេរិក​ចំនួន​ពីររូប ​ដែលបាន​ជំរុញឲ្យ​ដោះលែង​ជាបន្ទាន់​សកម្មជន​ដែលត្រូវបានចាប់ខ្លួន​នៅកម្ពុជា​។ ​នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ​បានចាត់ទុក​ការទាមទារ​របស់​ឥស្សរជន​សហរដ្ឋអាមេរិក​ទាំងពីររូបថា​ មានស្តង់ដារ​ពីរ​។​

ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តីថ្លែងការណ៍​នៅល្ងាច​ថ្ងៃទី ​១៨ ​កញ្ញា ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ​បានចាត់ទុក​ការអំពាវនាវ​របស់​ឥស្សរជន​នយោបាយ​សហរដ្ឋអាមេរិក​ចំនួនពីរ​រូប​ ទៅលើ​វិធានការ​របស់​អាជ្ញាធរ​កម្ពុជាថា​ មាន​ស្តង់ដារពីរ​។ ​ស្តង់ដារពីរ​ ដោយ​ម្យ៉ាង​ឥស្សរជន​នយោបាយ​សហរដ្ឋអាមេរិក​ទាំងពីររូប ​បាន​អំពាវនាវ​អោយដោះលែង​ក្រុមពិសេស​មួយចំនួន​នៅក្រៅ​ប្រព័ន្ធតុលាការ ​ដែលផ្ទុយទៅនឹងការ​អនុវត្ត​នៃ​ដំណើរការ​នីតិវិធី​តុលាការ​របស់​កម្ពុជា ​និងម្យ៉ាង​ទៀត​ គឺបែរ​ជាអំពាវនាវ​អោយគោរព​នីតិរដ្ឋ​ទៅវិញ​។ ​ទោះជា​យ៉ាងណា ​សេចក្តីថ្លែងការណ៍​បានបញ្ជាក់​ថា ​កម្ពុជានៅ​តែរក្សា​ប្តេជ្ញាចិត្ត​ក្នុងការ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​ និង​វាយតម្លៃ​ខ្ពស់​ចំ​ពោះការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក ​ដើម្បីស្ថិរភាព ​សន្តិភាព ​និង​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា។

គួរជំរាបជូនថា​ សេចក្តីថ្លែងការណ៍​របស់​អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​កម្ពុជា​នេះ ​បានធ្វើឡើង​បន្ទាប់​ពីសមាជិក​សភា​អាមេរិក​លោក​ អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) ​បានចេញ​សេចក្តី​ថ្លែងការណ៍​​កាល​ពីថ្ងៃទី​ ១៥ ខែ កញ្ញា​ ដោយបានចាត់ទុក​វិធានការច្បាប់​លើ​សកម្មជន​សិទ្ធិមនុស្ស​និង​បរិស្ថាន​នៅកម្ពុជា​មួយរយៈពេល​ចុងក្រោយនេះ​ថា​ រដ្ឋាភិបាល​កម្ពុជា ​បានធ្វើតាមតែ​អំពើចិត្ត​ ដោយបំពាន​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា​ ក្នុងការចាប់​ខ្លួនយុវជន​ទាំងនោះ​។ ចំណែក​លោក​ Robort A. Destro ​ឧបការី​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ​ក៏បានសរសេរ​នៅតាមបណ្តាញ​សង្គម​ Twitter ដែរ​ថា «សិទ្ធិជួបប្រជុំ ​និងការសំដែងមតិ​ ត្រូវបានដាក់​កំហិត​នៅប្រទេស​កម្ពុជា​។​ សហរដ្ឋអាមេរិក​មានការ​បារម្ភយ៉ាងជ្រាលជ្រៅ​ចំពោះករណី​ចាប់ខ្លួនអ្នកសំដែងមតិ​ដោយសេរី ​ហើយ​សហរដ្ឋអាមេរិក​ជំរុញទៅ​រដ្ឋាភិបាល​កម្ពុជា​ អោយដោះលែង​ពួកគេជា​បន្ទាន់ ​និង​អនុញ្ញាតឲ្យ​មានការបញ្ចេញ​សំឡេង​ពីគ្រប់និន្នាការ»។

យ៉ាងណាក៏​ដោយចុះ ​តាមរយៈសេចក្តីថ្លែងការណ៍​នៅថ្ងៃនេះ​ អ្នកនាំពាក្យ​ក្រសួង​ការបរទេសកម្ពុជា ​បានចាត់​ទុកថា ​ការលើកឡើងរបស់​ឥស្សរជន​នយោបាយ​សហរដ្ឋអាមេរិក​ទាំងពីររូបខាងលើនេះ​ គឺជា​ការវាយតម្លៃមិន​ត្រឹមត្រូវ​ទាល់តែសោះ ​និងមិនបានគិត​ពីទិដ្ឋភាព ​អង្គហេតុ ​និងអង្គច្បាប់​នៃបញ្ហានេះទេ​។ ​សេចក្តីថ្លែងការណ៍​បន្តថា​ ប្រទេសកម្ពុជា​លើក​តម្កើង​សេរីភាពនៃ​ការបញ្ចេញមតិ ​សមាគម​ និង​ការជួបជុំ​ដោយសន្តិវិធី​ ដូចដែល​បានធានា​នៅក្នុងរដ្ឋ​ធម្មនុញ្ញ​។​ ប៉ុន្តែទោះយ៉ាងណា​ ការប្រើប្រាស់​សិទ្ធិ ​និងសេរីភាព​បែបនេះ ​ត្រូវអនុលោម​តាមច្បាប់​។​ សេរីភាពនៃការ​បញ្ចេញមតិ​ មិនមែនជា​សេរីភាពក្នុងការ​ផ្សព្វផ្សាយ​ការរើសអើង​ ដែលនាំអោយមាន​ការស្អប់ខ្ពើម ​ការប្រកាន់​ពូជសាសន៍ និង​អំពើហិង្សា​នោះឡើយ។​ នេះបើ​តាមសេចក្តី​ថ្លែងការណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ