ករណី លោក រ៉ុង ឈុន៖ខ្មែរនៅក្រៅស្រុកគ្រោងធ្វើបាតុកម្មនៅចុងខែនេះ ខណៈខ្មែរក្នុងស្រុកក៏ត្រៀមកម្រើកឡើងវិញ
ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកបានប្រកាសថា ពួកគេនឹងធ្វើបាតុកម្មនៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា គឺក្រោមហេតុផល«ដោះលែងអ្នកទោសមនសិការ ចំពោះអ្វីដែលពួកគេហៅថា ជាពលរដ្ឋសកម្មដើម្បីយុត្តិធម៌ និងប្រជាធិបតេយ្យ ទាក់ទងករណី លោក រ៉ុង ឈុន។ សម្រាប់ពលរដ្ឋខ្មែរនៅក្នុងស្រុកវិញក៏អះអាងថាពួកគេគ្រោងធ្វើការតវ៉ាជាថ្មីទៀត នៅក្រោយបញ្ចប់បុណ្យភ្ជុំបិណ្ឌនេះដែរ តែមិនទាន់កំណត់ថ្ងៃជាក់លាក់នៅឡើយ។
ចុះផ្សាយនៅថ្ងៃ៖
គម្រោងបាតុកម្មរបស់ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ត្រូវបានប្រកាសឡើងដោយចលនានិស្សិតដើម្បីប្រជាធិបតេយ្យ។ បាតុកម្មដែលគ្រោងធ្វើនៅថ្ងៃចន្ទសប្តាហ៍ក្រោយ គឺនៅមុខក្រសួងការបរទេសអាមេរិក និងមុខស្ថានទូតកម្ពុជានៅទីក្រុងវ៉ាស៊ីនតោន គឺក្រោមហេតុផល«ដោះលែងអ្នកទោសមនសិការ ចំពោះអ្វីដែលពួកគេហៅថា ជាពលរដ្ឋសកម្មដើម្បីយុត្តិធម៌ និងប្រជាធិបតេយ្យ។ បាតុកម្មនេះកើតឡើងក្រោយពីមានការចាប់ខ្លួនសកម្មជនសង្គម និងបរិស្ថានយ៉ាងហោចណាស់១២នាក់ថែមទៀត បន្ទាប់ពីពួកគេតវ៉ាប្រឆាំងនឹងការចាប់ខ្លួន លោក រ៉ុង ឈុន ។
តាមរយៈខិតប័ណ្ណដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនជាច្រើនថ្ងៃមកនោះ ចលនានិស្សិតដើម្បីប្រជាធិបតេយ្យ បានអំពាវនាវឲ្យមានការដោះលែងយុវជនចំនួន១១នាក់ និងអតីតព្រះសង្ឃ១អង្គផងដែរ ដែលជាសមាជិករបស់ក្រុមខ្មែរថាវរៈ។
ដោយឡែកសម្រាប់អ្នកគាំទ្រលោក រ៉ុង ឈុន នៅក្នុងស្រុកវិញក៏អះអាងថាពួកគេមិនបានបោះបង់ចោលឡើយនូវការទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់លើអ្នកអត្ថាធិប្បាយលើបញ្ហាព្រំដែនរូបនេះ។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃសៅរ៍នេះថា ការធ្វើបាតុកម្មជាថ្មីទៀតនៅក្នុងស្រុកនឹងអាចកើតឡើងដូចនៅក្រៅប្រទេសដែរ តែលោកស្រីមិនបានបង្ហើបពីថ្ងៃជាក់លាក់ទេ ដោយបារម្ភខ្លាចអាជ្ញាធរទប់ស្កាត់ជាមុន។
គួរកត់សំគាល់ថា ក្រោយការចាប់ឃុំខ្លួន លោក រ៉ុង ឈុន និងសកម្មជនជាង១០នាក់បន្ថែមទៀតនោះ បានធ្វើឲ្យមានប្រតិកម្មដូចៗគ្នាពីសហគមន៍អន្តរជាតិ។
ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានជំរុញឲ្យមានការដោះលែងជាបន្ទាន់នូវសកម្មជនដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់នៅកម្ពុជា ដោយគូសបញ្ជាក់ថា សហរដ្ឋអាមេរិកមានការបារម្ភយ៉ាងខ្លាំងពីករណីនេះ ខណៈឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាក៏បានសំដែងក្តីបារម្ភដូចគ្នានេះដែរ។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលកម្ពុជា អ្វីដែលសកម្មជនទាំងនោះតវ៉ាគឺជាសកម្មភាពខុសច្បាប់ទើបនាំឲ្យមានការចាប់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ