អានតួអត្ថបទ
កម្ពុជា គ្រោះធម្មជាតិ

ខេត្តព្រះសីហនុ៖ ព្យុះនូល បង្កឲ្យមានជំនន់ទឹក​ភ្លៀង​ប៉ះពាល់​ដល់​ពលរដ្ឋ​ជិត​២ពាន់​គ្រួសារ

ការជួយសង្រ្គោះពលរដ្ឋក្នុងតំបន់រងគ្រោះដោយទឹកជំនន់ នាខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែកញ្ញា
ការជួយសង្រ្គោះពលរដ្ឋក្នុងតំបន់រងគ្រោះដោយទឹកជំនន់ នាខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែកញ្ញា © FB: រដ្ឋបាលខេត្តព្រះសីហនុ
ដោយ៖ សឿង ភារៈ
១១ នាទី

គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៩ ខែ​កញ្ញា​នេះ ស្ថានភាព​ជំនន់​ទឹក​ភ្លៀង ដែល​បង្ក​ឡើង​ដោយ​ព្យុះ​ទី១១ ឈ្មោះ “នូល” នៅ​ឯខេត្ត​ព្រះសីហនុ​បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ជិត​២ពាន់​គ្រួសារ ក្នុង​ឃុំ​ចំនួន​១១​នៃ​ស្រុកព្រៃនប់​។ នេះ​បើតាម​អាជ្ញាធរ​ខេត្ត​ព្រះសីហុន​។   

ផ្សាយពាណិជ្ជកម្ម

របាយ​ការណ៍​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​យប់​ថ្ងៃទី​១៧ ដល់​ថ្ងៃទី១៩ ខែ​កញ្ញានេះ​ ជំនន់​ទឹក​ភ្លៀង​បាន​ជន់លិច​ឃុំ​ចំនួន​១១ នៅ​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ ១ ៩៥៨គ្រួសារ​(៧ ៨៥៤នាក់) និងផ្ទះចំនួន ១ ៩៥៥ខ្នងផ្ទះ។ តាម​រយៈរបាយ​ការណ៍​ដដែល​ក៏​បានឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​បាន​ជម្លៀស​ប្រជាជន​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ចំនួន​៤៧៥​នាក់​។ ក្រៅពីនេះ​ក៏​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ដែរ​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នារ​សៀល​នេះថា ស្ថានភាព​អាកាសធាតុ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​កំពុង​ប្រឈម​នឹង​ស្ថាន​ភាព​អាក្រក់បំផុត​សម្រាប់​ខេត្តនេះ ពោល​គឺ​ភ្លៀង​បន្ត​បង្អុរ​ចុះមក​ដោយ​សារ​តែ​សម្ពាធ​ពី​ខ្យល់​ព្យុះទី​១១។ លោក​បន្ថែម​ថា ស្ថាន​ភាព​អាកាស​ធាតុ​នេះ បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ទូក​នេសាទ ទូក​ទេសចរណ៍ ដែល​មិន​អាច​ចេញ​ធ្វើ​ចរាចរណ៍​បាន​ដូច​ធម្មតា​។ យ៉ាងណាក៏​ដោយ​អ្នក​នាំពាក្យ​រួប​នេះ​បញ្ជាក់​ថា ស្ថាន​ភាព​ទឹក​ជំនន់​នៅ​អាច​គ្រប់​គ្រង​បាន​។

សូមបញ្ជាក់ថា តាមការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម គឺព្យុះទី១១ ឈ្មោះ "នូល"បាន​វាយលុក​ចូល​កម្ពុជា​នៅ​ថ្ងៃទី១៨ កញ្ញា ហើយ​បន្ត​រហូត​ដល់​ថ្ងៃទី​២០ ខែ​កញ្ញា ឥទ្ធិពល​នៃ​ព្យុះ​នេះ នឹង​ធ្វើ​ឲ្យ​បណ្តាខេត្ត​នៅ​តំបន់​វាល​ទំនាប អាច​មាន​ភ្លៀង​ធ្លាក់​ពី​ធម្យម​ទៅ​ច្រើន។

ចំណែក​បណ្តា​ខេត្ត​នៅ​តំបន់​ជាប់​ជួរ​ភ្នំ​ដង​រែក និង​ខ្ពង់​រាប​ឥសាន នឹង​អាច​មាន​ភ្លៀងធ្លាក់ពីធម្យមទៅច្រើន រួមជា​មួយ​ខ្យល់​បង្គួរ​អាច​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹក​ភ្លៀង​។ រីឯ តំបន់​មាត់​សមុទ្រ និង​នៅលើផ្ទៃសមុទ្រ នឹង​អាច​មាន​ភ្លៀងធ្លាក់​ច្រើន​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹក​ភ្លៀង រួម​ជា​មួយ​ខ្យល់​បក់​បោកខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ខណៈ​ស្ថានភាព​ទឹក​ទន្លេមេ​គង្គ​ចាប់​ផ្តើម​ឡើង​បន្តិច​ជា​បន្ត​បន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ