អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រសួង​ការងារ​គ្រោងបញ្ជូន​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​ទៅ​អន្តរក្រសួង​ ទោះ​សហជីពពហិការ

វិស័យកាត់ដេរក្នុងប្រទេសកម្ពុជា (រូបភាពតំណាង)
វិស័យកាត់ដេរក្នុងប្រទេសកម្ពុជា (រូបភាពតំណាង) @REUTERS
ដោយ៖ វ៉ា សំណព្វ
១៦ នាទី

ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​គ្រោងនឹង​បញ្ជូន​សេចក្តីព្រាង​ច្បាប់ ​ស្តីពីវិសោធនកម្ម​ច្បាប់ការងារ​ ឆ្លងកិច្ច​ប្រជុំអន្តរក្រសួង​នៅពេលខាងមុខនេះ ​បន្ទាប់ពី​ក្រសួងបាន​បញ្ចប់កិច្ច​ពិភាក្សា​ក្រុមការងារ​ត្រីភាគីបូក​កាលពី​ដើមសប្តាហ៍នេះ​។ ​កិច្ច​ប្រជុំត្រី​ភាគីបូក ​ដែលភាគី​សហជីព​ឯករាជ្យ​ចំនួន​៦​ បាន​បដិសេធ​មិនចូលរួម​ ដោយសារ​ពួកគេយល់ថា ​ជាការ​ខាតបង់​ប្រយោជន៍​សម្រាប់​កម្មករ​។ 

ផ្សាយពាណិជ្ជកម្ម

ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បានប្រកាស​ថា ​ខ្លួន​នឹង​បន្តនីតិវិធី​ជាធរមាន ​ដោយ​បញ្ចូន​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការងារនេះ ​ឆ្លងកិច្ចប្រជុំ​អន្តរក្រសួង ​ក្នុងគោល​បំណង​ទទួលបានការ​អនុម័ត​ច្បាប់នេះ​ឱ្យបានឆាប់ ​ដើម្បីឆ្លើយតប​តាម​តម្រូវ​ការ​របស់​ភាគីពាក់ព័ន្ធ​។​

គួរជំរាបជូន​ថា ​ក្រុមការងារ​យន្ដការត្រី​ភាគីបូក ​ដែលដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​កាលពីថ្ងៃទី ​១៥ ​កញ្ញា ​បាន​បញ្ចប់​ការពិភាក្សា​គ្នាទៅលើការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​មួយជំហាន​ទៀត​ហើយ​ បើទោះណាជា​កិច្ចប្រជុំនេះ ​ត្រូវបាន​ពហិកា​ពីក្រុម​មេដឹកនាំ​សហជីព​ឯករាជ្យ​ធំៗ​ចំនួន​៦​ក្តី​។

​បើតាម​លោក ​អ៊ិត សំហេង ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​ត្រង់​មាត្រា​១៤៤ ​ស្តីពី​ការកែសម្រួល​អត្រាប្រាក់​ឈ្នួលការងារ​ពេលយប់​ពី​១៣០% ​មកនៅ​ត្រឹម​១០០%​ វិញនោះ ​គឺ​ដើម្បី​បង្កើត​និង​បង្កើន​ឱកាសការងារ​កាន់តែ​សម្បូរណ៍​បែបជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ​និង​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​តែ​ប៉ុណ្ណោះ។​ ការធ្វើវិសោធនកម្មនេះ ​វាមិនប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​កម្មករ​និយោជិត​ ដែល​កំពុង​បម្រើ​ការងារ​ជាការងារ​ពេលយប់​ម្តងម្កាល​ឬ​ឆ្លាស់វេន​គ្នានោះទេ ​ដោយហេតុថា​ចំណុច​នេះអនុវត្ត​ចំពោះ​តែ​កម្មករ​និយោជិត​ដែល​បំពេញ​ការងារ​ពេលយប់​ជាប្រចាំ​តែ​ប៉ុណ្ណោះ។​ រីឯការ​លុបការ​ឈប់​នៅថ្ងៃបន្ទាប់​សម្រាប់​ថ្ងៃឈប់​សម្រាក​បុណ្យចំ​ថ្ងៃអាទិត្យ ​ក៏មិន​ផ្ទុយ​នឹង​អនុសញ្ញាអន្តរជាតិ​ខាងការងារ​នោះដែរ​។​ បើតាម​លោក អ៊ិត សំហេង ​ការធ្វើវិសោធនកម្មនេះ ​មានគោលបំណង​ជំរុញ​ផលិត​ភាពការងារ​និង​លើកកម្ពស់​ការប្រកួត​ប្រជែង​របស់​កម្ពុជា ​ក្នុងការ​សម្រួល​ដល់ការ​ធ្វើវិនិយោគ​និង​ការអភិវឌ្ឍប្រទេស​ជាតិ ​ខណៈកម្ពុជា​នៅតែជា​ប្រទេសមួយ​ដែល​មាន​ម៉ោង​ការងារ​តិចជាង​បណ្តាប្រទេស​នៅក្នុងតំបន់។

ប៉ុន្តែយ៉ាងណាក្តី ​តាមរយៈ​សេចក្តីថ្លែងការណ៍ ​កាលពីថ្ងៃទី ​១៥ ​កញ្ញា ​សហជីពធំៗ​ចំនួន៦ ​បាន​លើកឡើង​ថា ​កិច្ចប្រជុំ​ក្រុមការងារ​ត្រីភាគីបូក ​សម្រាប់​ពិភាក្សាការងារ​ធ្វើវិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ​ដើម្បីឈាន​ទៅរកការ​ធ្វើវិសោធនកម្ម​មាត្រា ​១៤៤ ​និង​មាត្រា ​១៦២ ​នឹង​នាំអោយ​ខាតបង់​ផលប្រយោជន៍​ផ្នែកសេដ្ឋកិច្ច​ដល់កម្មករ​និយោជិត​ដែលស្ថិត​នៅក្រោម​វិសាលភាពច្បាប់​ស្តីពី​ការងារកម្ពុជា​។ ​តំណាង​សហជីពកម្ពុជា​បានអំពាវនាវ​ដើម្បី​ស្នើសុំឱ្យ​ក្រសួង​ការងារ​បដិសេធ​ការធ្វើ​វិសោធនកម្ម​ច្បាប់ការងារ ​ដូច​ដែល​ភាគីសហជីព​បានស្នើសុំ​នៅក្នុង​ដំណាក់កាលទី១ ​និងទី​២​ផងដែរ​។

យ៉ាងណាក៏ដោយ ​អ្នកនាំពាក្យ​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈលោក​ ហេង សួរ ​បានថ្លែង​ប្រាប់វិទ្យុ​បារាំង​អន្ដរជាតិ RFI នៅថ្ងៃអាទិត្យ​នេះថា​ ក្រោយការ​ធ្វើវិសោធនកម្ម​ច្បាប់នេះ​ទៅ ​កម្ពុជា​អាចនឹង​មានការវិនិយោគ​ឧស្សាហកម្ម​បែបថ្មី ​ដែលមានការងា​ថ្មី​ច្រើនជាងមុន​ចំនួន​១០%​។ ​ហើយប្រជាពលរដ្ឋ​កម្ពុជា ​ក៏មាន​ជម្រើសម៉ោង​ការងារ​ច្រើនជាងមុន​ ដែលធ្វើឲ្យ​ចំនួនអ្នក​មានការងារ​ធ្វើក្នុង​គ្រួសារ​នីមួយៗ ​អាចកើន​លើសពី ​១នាក់​ ហើយ​គ្រួសារ​នីមួយៗ​អាចមាន​ជីវភាព​ធូរធារជាងមុន​។ ​បើតាម​លោក ហេង សួរ ​បានចាត់ទុកការ​ធ្វើពហិការ​របស់​សហជីពធំៗ​ទាំង៦​ថា ​គ្រាន់តែ​ជាសម្លេង​ភាគតិច​ប៉ុណ្ណោះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ